រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​

វ៉ែន រដ្ឋាវង្ស No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)រដ្ឋាភិបាល​កម្ពុជាកាល​ពី​ម្សិលមិញបាន​សម្រេច​ឲ្យ​ក្រសួង​សុខាភិបាល​ទប់ស្កាត់​ការ​ប្រមូល​ទិញនិង​នាំចេញ​ទឹកដោះ​ម្តាយ​ពី​កម្ពុជាដើម្បី​យក​ទៅ​លក់​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិកក្រោយ​ពី​ក្រសួង​សុខាភិបាលបាន​ស្នើ​សុំ​ការ​សម្រេច​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

បើ​​យោង​តាម​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចុះ​ហត្ថលេខា​កាល​ពី​ម្សិលមិញ ដោយ​រដ្ឋលេខាធិការ ង៉ោ ហុងលី រាជ​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រសួង​សុខាភិបាល ​ទប់ស្កាត់​ការ​ធ្វើ​អាជីវកម្ម​លើ​ទឹកដោះ និង​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

​កាល​ពី​ថ្ងៃ​សុក្រ ក្រសួង​សុខាភិបាល​ បាន​ដាក់​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ស្នើសុំ​ការ​សម្រេច​អំពី​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​ក្រុមហ៊ុន គុណមាតា ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​ហៅ​ថា Ambrosia Labs។​

. .

​លោក​ ហុងលី ​បាន​សរសេរ​ក្នុង​លិខិត​​ថា៖«រាជ​រដ្ឋាភិបាល​បាន​សម្រេច​ដូច​ខាង​ក្រោម៖ត្រូវ​ចាត់​ការ​ទប់ស្កាត់​ចំពោះ​ការ​ប្រមូល​ទិញ និង​នាំចេញ​ទឹកដោះ​ម្តាយ​ពី​កម្ពុជា»។

​លោក​បញ្ជាក់​បន្ថែមឲ្យ​ដឹង​​ថា៖ «បើ​ទោះ​ជា​កម្ពុជា​ ក្រលំបាក​យ៉ាង​ណា ក៏​មិន​ដល់​កម្រិត​លក់​ទឹកដោះ​ម្តាយ​ដែរ»។

​កាល​ពី​ថ្ងៃ​ចន្ទ សបា្តហ៍​មុន លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ បាន​បញ្ជាក់​ថា​ ការ​នាំចេញ​ទឹកដោះ​ម្តាយ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន។​

​លោកបាន​ថ្លែង​​​ថា៖ «យើង​បាន​ឲ្យ​ក្រុមហ៊ុន ទាក់ទង​ទៅ​ក្រសួង​សុខាភិបាល ពីព្រោះ​ថា ផលិតផល​ទឹកដោះ ស្ថិត​ក្នុង​ប្រភេទ​សរីរាង្គ​មនុស្ស ដូច​នេះ​វា​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល»។

​ក្រុមហ៊ុន​មួយ​នេះ​បាន​លើក​ឡើង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ទី​១ ដែល​មាន​នៅ​កម្ពុជា ដើម្បី​ប្រមូល​ទិញ​ទឹកដោះ​ពី​ម្តាយ​នៅ​កម្ពុជា ហើយ​នាំ​ចេញ​ទៅ​លក់​ជូន​ម្តាយ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​បំណង​ចង់​បាន​ទឹកដោះ​បន្ថែម​សម្រាប់​កូន​របស់​ពួក​គេ។​

​ទឹកដោះ​ដែល​បូម​បាន​ពី​ស្ត្រី​ជា​ច្រើន​នៅ​កម្ពុជា ត្រូវ​បាន​បង្កក និង​ដឹកជញ្ជូន​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ដោយ​លក់​ក្នុង​តម្លៃ ២០​ដុល្លារ សម្រាប់​កញ្ចប់​ ១៥០​ក្រាម។​

​ការិយាល័យ​របស់​ក្រុមហ៊ុន​មួយ​នេះ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ បាន​បិទទ្វារ​ប្រមាណ​រយៈពេល​មួយ​ខែ​មក​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ម្នាក់ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន និង​បាន​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះហើយ​បាន​បញ្ជាក់​ថា​ ការ​បិទទ្វារ​បាន​ធ្វើ​ឡើង​មុន​មាន​ការ​ចុះផ្សាយ​លើ​សារព័ត៌មាន។​

​អ្នកស្រី​​ថា៖ «ខ្ញុំ​មិន​គាំទ្រ​ការ​សម្រេច​បែប​នេះ​ឡើយ។យើង​មិន​បាន​ចាប់​បង្ខំ ឬ​ចាប់​ជំរិត​ពួកគេ ក្នុង​ការ​ផ្តល់​ទឹកដោះ​ឡើយ។ ក្រុមហ៊ុន​មួយ​នេះ បាន​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​ភាព​ក្រីក្រ និង​ជីវភាព​របស់​ពួក​គេ»។

​អ្នកស្រី​បាន​បញ្ជាក់​ថា​ថៅកែ​របស់​គាត់​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិកចង់​បង្កើត​ធនាគារ​ទឹកដោះ​នៅ​កម្ពុជាហើយ​លោក​ធ្លាប់​បាន​ប្រាប់​បុគ្គលិក​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត គាត់​នឹង​បើក​ការិយាល័យ​នៅ​ប្រទេស​ដទៃ។​

​អ្នកស្រី​បន្ត​ថា៖ «គាត់​ចង់​ជួយ​ប្រជាជន​កម្ពុជា។ ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត គាត់​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ ពីព្រោះ​នេះ​ជា​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល»។

​អ្នកស្រី ឃឹម នាគ ដែល​មាន​អាយុ​ទើប​តែ​ ២៦​ឆ្នាំ និង​រស់​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​បញ្ជាក់​ថា អ្នកស្រី​បាន​លក់​ទឹកដោះ​របស់​ខ្លួន​ជូន​ក្រុមហ៊ុន រយៈពេល ៣​ខែ​មក​ហើយ។​

​អ្នកស្រី​​ថា៖ «ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់ ពីព្រោះ​វា​បាន​ជួយ​ខ្ញុំ​មាន​ការងារ​ធ្វើ ហើយ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ម្ហូប និង​មើល​កូន ពេល​ពួក​គេ​ឈឺ»។

​អ្នកស្រី​បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​ត្រលប់​ទៅ​រើស​អេតចាយ​វិញ ក្រោយ​ពី​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​បិទ។ កាល​ពី​លក់​ទឹកដោះ​របស់​ខ្លួន អ្នកស្រី​អាច​រក​ចំណូល​បាន​ពី ៣០០០០​រៀល ទៅ ៤០០០០​រៀល ក្នុង​មួយ​ថ្ងៃ លើក​លែង​ថ្ងៃ​ឈប់​សម្រាក សម្រាប់​ទឹកដោះ​ប្រមាណ ២៥០​មីលីលីត្រ។​

​លោកស្រី​បន្ថែម​ថា៖«យើង​លក់​នេះ​ដោយ​ស្ម័គ្រចិត្ត​ទេហើយ​ពេល​យើង​យល់ព្រមយើង​នឹង​ទទួល​បាន​ការ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​ផ្សេង​ដោយ​មិន​អស់​លុយ ព្រោះ​ក្រុមហ៊ុន​ជា​អ្នក​ចំណាយ។ ហើយ​វា​បាន​ជួយ​ខ្ញុំ និង​កូន​ខ្ញុំ​បាន​ទទួល​ការ​តាមដាន​ពិនិត្យ​សុខភាព»៕  

. .
Share and Like this post

Related Posts

Previous Article

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

Next Article

កែវ រ៉េមី​៖ រដ្ឋាភិបាល​មាន​គុណ​សម្បត្តិ​ស្មើ​មេឃ​ក្នុង​ការ​ការពារ​សិទ្ធិ