NGOs ​ដាក់​អ្នក​អង្កេត ២​ម៉ឺន​នាក់ ឃ្លាំ​មើល​ការ​​បោះឆ្នោត​ឃុំ-​សង្កាត់

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣៨​អង្គការដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ឆ្នាំ​២០១៧ បាន​ដាក់​ផែនការ​ដំបូង​ដោយ​គ្រោង​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង ២​ម៉ឺន​នាក់ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស និង​កំណត់​យក​គោលការណ៍​ ៩​ចំណុច ដើម្បី​វាយ​តម្លៃ និង​វិភាគ​ទៅ​លើ​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ថា មាន​ភាព​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ ឬ​អត់។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ការ​ចាប់​ផ្តើម​ដំណើរការ​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧»នៅ​សណ្ឋាគារ​សាន់វេ កាល​ពី​ថ្ងៃ​ម្សិលមិញ លោក ជាង សុខានាយក​ប្រតិបត្តិ​អង្គការ YRDP និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍ បាន​ថ្លែង​ថា ការ​ដាក់​អ្នក​សង្កេតការណ៍​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស សម្រាប់​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត នឹង​អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត។

លោក​បាន​បន្ត​ថា៖ «បើសិន​ជា​ធ្វើ​បែប​នឹង​បាន​ស្រុក​យើង អា​រឿង​ទំនាស់​នៃ​ការ​បោះឆ្នោត​ចុង​ក្រោយ​ហ្នឹង វា​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ហើយ»។​

. .

​តែ​យ៉ាង​ណា មក​ដល់​ពេល​នេះ ថវិកា​សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នក​សង្កេតការណ៍​នៅ​មាន​កង្វះខាត​នៅ​ឡើយដោយ​ត្រូវ​ការ​ប្រមាណ ២០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​អ្នក​សង្កេតការណ៍​ដែល​នៅ​ខ្វះ​ជាង ៩០០០​នាក់​ទៀត។

​លោក គឹម ឈន អ្នក​សម្របសម្រួល​ជាន់​ខ្ពស់​ នៃ​កម្មវិធី​នៃ​បន្ទប់​ស្ថានការណ៍ បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ជា​បឋម បន្ទប់​ស្ថានការណ៍ នឹង​ជ្រើសរើស​អ្នក​សង្កេតការណ៍​រយៈពេល​ខ្លី​នៅ​ថ្នាក់​ភូមិ​ និង​ឃុំ​ចំនួន១៤៥០០​នាក់​សិនខណៈ​ដែល​អ្នក​សង្កេតការណ៍​រយៈពេល​វែង​នៅ​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​មាន​ចំនួន ៣០០​នាក់ សម្រាប់​ធ្វើ​ការ​ជ្រើសរើស បណ្តុះបណ្តាល និង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ភូមិ​ឃុំ។

​នាយក​ប្រតិបត្តិ​អង្គការ CENTRAL និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍ លោក​ មឿន តុលា បាន​ឲ្យ​ដឹង​ថា សមាជិក​បន្ទប់​ស្ថានការណ៍​ដែល​បង្កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ ហើយ​នឹង​បន្ត​ការងារ​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៧ដោយ​មាន​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៣៨​ចូលរួម​នោះ បាន​បែងចែក​ការងារ​ជា ​៤​ក្រុម គឺ​ក្រុម​ព័ត៌មាន អន្តរាគមន៍ វិភាគ​ស្ថានការណ៍ និង​ក្រុម​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្ត្រី ដើម្បី​ឃ្លាំមើល​ពី​ដំណើរការ​បោះឆ្នោតរាប់​សន្លឹក​ឆ្នោតនិង​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤ខែ​មិថុនា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ។

​ជាមួយ​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍ លោក គល់ បញ្ញា បាន​លើក​ឡើង​ដែរ​ថា បន្ទប់​ស្ថានការណ៍ ក៏​បាន​កំណត់​គោលការណ៍​ចំនួន​ ៩ ដើម្បី​ធ្វើការ​វិភាគ និង​វាយ​តម្លៃ​ដំណើរការ​ជា​រួម​នៃ​ដំណើរការ​បោះឆ្នោត​ថា តើ​ប្រព្រឹត្ត​ទៅ​ដោយ​ភាពសេរី យុត្តិធម៌ ត្រឹមត្រូវ និង​អាច​ទទួល​យក​បាន ​ឬ​យ៉ាង​ណា។

លោកថា គោលការណ៍ ឬ​សូចនាករ​សម្រាប់​វាស់វែង​ស្ថានការណ៍​បោះឆ្នោត​ទាំង​ ៩​នោះរួម​មាន ការ​ពិនិត្យ​លើ​ក្របខ័ណ្ឌ​ច្បាប់​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ការ​កំណត់​ព្រំប្រទល់​តាម​មណ្ឌល​ និង​ការ​បែងចែក​អាសនៈ ការងារ​របស់​ គ.ជ.ប. ការ​ចុះ​ឈ្មោះ​ និង​បញ្ជី​ឈ្មោះ​បោះឆ្នោត ការ​ចុះបញ្ជី​គណបក្ស​ និង​បេក្ខជន​គណបក្ស យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដំណើរការ​បោះឆ្នោត ​និង​រាប់​សន្លឹកឆ្នោត និង​ការ​ដោះស្រាយ​វិវាទ​នៃ​ការ​បោះឆ្នោត។​

​លោក​ថា៖ «អុីចឹង​ការ​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ មិន​មែន​មើល​តែ​ពេល​ថ្ងៃ​បោះឆ្នោត​ទេ គឺ​ថា ​យើង​មើល​លើ​ចំណុច​ទាំង​ ៩​នេះដែល​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​នឹង​វិភាគ​ជាមួយ​គ្នាហើយ​ទិន្នន័យ​មួយ​ចំនួន​យើង​ឈរលើ​មូលដ្ឋាន​ពី​អ្នក​សង្កេតការណ៍ ហើយ​នឹង​ការ​យល់​ដឹង​របស់​ក្រុម​យើង​តែ​ម្តងហើយ​យើង​ក៏​អាច​អញ្ជើញ​អ្នក​ឯកទេស​មួយ​ចំនួន​ដើម្បី​ចូលរួម​ក្នុង​ការ​វិភាគនិង​វាយ​តម្លៃ​នេះ​ដែរ»។​

​អ្នកស្រី ម៉េង សុភារី តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ បាន​លើក​ឡើង​ថា ការ​ដាក់​ឲ្យ​ដំណើរការ​បន្ទប់​ស្ថានការណ៍​នេះ នឹង​អាច​ផ្តល់​ជា​សក្ខីភាព​នៅ​ក្នុង​ការ​បង្ហាញ​ភស្តុតាង​នានា ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ប៉ុន្តែ អ្នកស្រី​យល់​ឃើញ​ថា ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​បន្ទប់​ស្ថានការណ៍​ដែល​មាន ១៤៥០០​នាក់ នៅ​តាម​ការិយាល័យ​បោះឆ្នោត​នោះគឺ​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​នៅ​ឡើយបើ​ធៀប​នឹង​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ជាង​២​ម៉ឺន​ការិយាល័យ។

អ្នកស្រីថ្លែង​ទៀត​​ថា៖ «ហេតុ​ដូច្នេះ បើ​សិន​ជា​បន្ទប់​ស្ថានការណ៍​មាន​សមត្ថភាព គួរតែ​ដាក់​អ្នក​សង្កេតការណ៍​ឲ្យ​បាន​គ្រប់​ការិយាល័យ​ដែល​មាន ២២១៤៨​ការិយាល័យ គឺ​ជា​ការ​ប្រសើរ ដើម្បី​អាច​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​បាន​ទាំង​មូល»។​

​នៅ​ដើម​សបា្តហ៍​នេះ​ដែរ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​បាន​បង្ហាញ​ជំហរ​ដូច​គ្នា​ផង​ដែរ ពី​ការ​ចង់​ឃើញ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង៕  

. .
Share and Like this post

Related Posts

Previous Article

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

Next Article

កែវ រ៉េមី​៖ រដ្ឋាភិបាល​មាន​គុណ​សម្បត្តិ​ស្មើ​មេឃ​ក្នុង​ការ​ការពារ​សិទ្ធិ