ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ

សុខ ចាន់ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ក្រសួង​ទេសចរណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​បាន​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ហួសហេតុ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​គោល​បំណង​លើក​កម្ពស់​និង​ជំរុញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​របស់​ប្រទេស​កម្ពុជា។​

​សេចក្តី​ប្រកាស​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សបា្តហ៍​មុន​បាន​ឲ្យ​ដឹង​ថា ក្រសួង ​បាន​កំណត់​វិធាន​គ្រប់គ្រង​លើ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំង​អស់​ក្នុង​ការ​គ្រប់គ្រង​ និង​ការ​ប្រើប្រាស់​បញ្ជី​រាយនាម​សេវាកម្ម​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ផ្អែក​លើ​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន គោលការណ៍​ទីផ្សារ​សេរី​ និង​គោលការណ៍​សមធម៌។​

សេចក្តី​ប្រកាស​ព័ត៌មាន​​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ រាល់​អាជីវកម្ម​ទេសចរណ៍​ទាំង​អស់​ត្រូវ​រៀបចំ​បញ្ជី​រាយនាម​សេវាកម្ម​ទេសចរណ៍​ផ្ទាល់​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​និង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ឬ​តាំង​បង្ហាញ​ក្រោម​ទម្រង់​បី​ភាសា​ដែល​មាន​ដូច​ជា​ភាសា​ខ្មែរភាសា​អង់គ្លេស និង​ភាសា​ទី​បី។បន្ថែម​លើ​នេះ​រាល់​សេវាកម្ម​ទេសចរណ៍​ទាំង​អស់​ត្រូវ​បង្ហាញ​ជា​រូបភាព​ឬ​ការ​បរិយាយ​សេវាកម្ម​ដែល​ដាក់​តាំង​បង្ហាញ​នៅ​បរិវេណ​ខាង​មុខ​អាជីវកម្មនិង​រាល់​ផលិតផល​និង​សេវាកម្ម​ទាំង​អស់​ត្រូវ​មាន​បញ្ជាក់​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ឃើញ។

ប្រកាស​នេះ​​ឲ្យ​ដឹង​ថា៖ «សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​មិន​អនុវត្ត​តាម​ប្រកាស​នេះ ពួក​គេ​នឹង​ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍»។​

​លោក ទិត ចន្ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ ថា ដោយ​ផ្អែក​លើ​ទីផ្សារ​សេរី ក្រសួង​មិន​មាន​ចេតនា​ទប់ស្កាត់​ការ​តំឡើង​ថ្លៃ​ទំនិញ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ប៉ុន្តែ​ជំនួស​មក​វិញ​ក្រសួង​បាន​ស្នើ​សុំ​ឲ្យ​អាជីវកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​និង​អ្នក​លក់​ទាំង​អស់​ក្នុង​តំបន់​ទេសចរណ៍កុំ​ឲ្យ​ដំឡើង​តម្លៃ​សេវាកម្ម​និង​ផលិតផល​របស់​ពួក​គេ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ។​

​លោក ចន្ថា​ ​ថ្លែង​ថា៖ «នៅ​ក្នុង​ទីផ្សារ​សេរី យើង [រាជរដ្ឋាភិបាល] មិន​មាន​ការ​ទប់ស្កាត់ ​ឬ​កំណត់​តម្លៃ​នៃ​ផលិតផល​នោះ​ទេ ប៉ុន្តែ​យើង​បាន​ធ្វើ​ការ​ណែនាំ​ដល់​អាជីវកម្ម ប្រតិបត្តិ​ករ​ និង​អ្នក​លក់​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អស់ មិន​ឲ្យ​ដំឡើង​ ឬ​បង្កើន​តម្លៃ​ទ្វេដង​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដែល​វា​នឹង​រង​ផល​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ។រាល់​ប្រតិបត្តិ​ករ​អាជីវកម្ម​ទាំង​អស់​នៅ​កម្ពុជា​និង​អ្នក​លក់​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អស់​ត្រូវតែ​អនុវត្ត​តាម​សេចក្ដី​ប្រកាស​ដែល​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល»។​

​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​មិន​មាន​ការ​ពេញ​ចិត្ត​ជាមួយ​នឹង​តម្លៃ ដែល​តែងតែ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ផ្សេងៗ​នោះ​ទេ ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល ​បាន​ស្នើសុំ​ពួក​គេ [ប្រតិបត្តិ​ករ​អាជីវកម្ម​ទេសចរណ៍] មិន​ឲ្យ​មាន​ការ​ដំឡើង​តម្លៃ​ទ្វេដង​ ឬ​គុណ​នឹង​បី ដោយសារ​តែ​វា​មាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍។​

​លោក​ ចន្ថា​ បាន​បន្ត​​ថា៖ «មន្ត្រី​របស់​យើង​ទាំង​អស់​តំណាង​នៅ​ក្នុង​តំបន់​ទេសចរណ៍​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ យើង​មិន​មាន​ការ​ចាប់​ខ្លួន​ពួក​គេ [ប្រតិបត្តិ​ករ​អាជីវកម្ម] នោះ​ទេ។ ប៉ុន្តែ​បើ​មាន​កន្លែង​មួយ​ចំនួន​មិន​គោរព​តាម​នោះ​ទេ យើង​នឹង​ចាត់​វិធាន​ការ»។ ពួក​គេ​ត្រូវ​ចូលរួម​ជាមួយ​ពួក​យើង​ ដោយសារ​តែ​វា​​គឺ​ជា​ការងារ​របស់​ពួក​គេ ពួក​គេ​អាច​ដំឡើង​តម្លៃ​បាន ប៉ុន្តែ​ត្រូវតែ​ធ្វើ​ឡើង​ដោយ​អាច​ទទួល​យក​បាន​មិន​មែន​ដំឡើង ១០០ ​ឬ​២០០​ភាគរយ​ នៃ​តម្លៃ​ដើម​នោះ​ទេ។

​លោក​បន្ត​ថា ​ដើម្បី​គ្រប់គ្រង​លើ​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​រវាង​អ្នក​ទិញ​និង​អ្នក​ផ្គត់ផ្គង់ពួក​គេ​ត្រូវតែ​ដាក់​តម្លៃ​នៅ​លើ​ផលិតផល​ និង​បង្ហាញ​ដល់​អតិថិជន​ឲ្យ​បាន​ច្បាស់លាស់។​

លោក តាំង សុចិត្រគ្រឹស្នា ​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា យើង​មាន​បទពិសោធន៍​ជាមួយ​នឹង​អាជីវកម្ម​មួយ​ចំនួន​ដែល​បាន​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​មាន​ការ​កើន​ឡើង​ទ្វេដង​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ។​

​លោកគ្រឹស្នា​ថា៖«យើង​តែងតែ​ប្រកាស​ជូន​ដំណឹង​ទៅ​កាន់​ពួកគេ​នៅ​រាល់​គ្រប់​ពិធីបុណ្យ​ធំៗ​ថា​រាល់​ការ​ដំឡើង​តម្លៃ​សេវាកម្ម ផលិតផល ដែល​មិន​អាច​ទទួល​យក​បាន​ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​​ដែល​មក​ទស្សនា​ក្នុង​តំបន់​ទេសចរណ៍។ពួក​គេ​អាច​ធ្វើ​ការ​ដំឡើង​តម្លៃ​ប្រមាណ​ ៣០​ភាគរយ​បាន ប៉ុន្តែ​អាជីវកម្ម​មួយ​ចំនួន​បាន​ដំឡើង​រហូត​ដល់​ទៅ ៧០​ភាគរយ​ ឬ​បី​ដង​នៃ​តម្លៃ​ដើម»។​

​លោក​​​ឲ្យ​ដឹង​ទៀត​ថា នា​ពេល​កន្លង​មក យើង​បាន​​ស្នើ​ឲ្យ​ពួក​គេ​តំឡើង​តម្លៃ​តែ ៣០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេដូច្នេះ​ហើយ​បាន​ជា​ក្រសួង​ចេញ​ប្រកាស​នេះ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទាំង​អស់​ដែល​កើត​ឡើង។ពួក​គេ​ត្រូវតែ​មាន​ការ​ដាក់​តម្លៃ​ជាក់លាក់​នៅ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​ទិញ ​ឬក៏​អត់។​

​លោក​ គ្រឹស្នា​ ថា៖ «នៅ​ថ្ងៃ​ទី​៦​ ខែ​មេសា​ ខាង​មុខ​នេះ យើង​នឹង​ធ្វើ​ការ​ណែនាំ​ប្រកាស​នេះ​ទៅ​កាន់​អាជីវកម្ម​ទាំង​អស់។ យើង​នឹង​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​គ្រប់​ភោជនីយដ្ឋាន សណ្ឋាគារ កន្លែង​លក់ និង​ផ្ទះ​សំណាក់​ទាំង​អស់​ថា ​តើ​ពួក​គេ​បាន​អនុវត្ត ​ឬ​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​នេះ។ ប្រសិន​បើ​ពួក​គេ​មិន​គោរព​តាម​សេចក្ដី​ណែនាំ​នេះ យើង​នឹង​ធ្វើ​ការ​ដាក់​ពិន័យ​ ឬ​ផ្អាក​អាជីវកម្ម​របស់​ពួក​គេ​ប្រសិន​បើ​មាន​បញ្ហា​ផ្សេងៗ»។​

​លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ​បាន​ស្វាគមន៍​ចំពោះ​សកម្មភាព​ថ្មី​នេះ​ ដោយ​បាន​លើក​ឡើង​ថា ​រាល់​អាជីវកម្ម​ទាំង​អស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​ក្រម​សីលធម៌ ពង្រឹង​គុណភាព​នៃ​ទំនិញ​សេវាកម្ម និង​ការ​កសាង​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។ បើ​សិន​ជា​មាន​ការ​ដាក់​បង្ហាញ​តម្លៃ​ជាក់លាក់វា​នឹង​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ភ្ញៀវ​ទេសចរ ដូច្នេះ​ហើយ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ជាមួយ​យើង នោះ​ប្រជាជន​នឹង​មាន​ការ​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេងៗ។​

​លោក ហូ វណ្ឌី បាន​បន្ថែម​ឲ្យ​ដឹង​ថា៖ «វា​គឺ​ជា​វិធានការ​ដ៏​ល្អ ហើយ​ប្រសិទ្ធភាព​នៃ​ប្រកាស​នេះ​ គឺ​ពឹង​ផ្អែក​លើ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ពួក​គេ​ត្រូវតែ​អនុវត្ត​វា​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»៕  

. .
Share and Like this post

Related Posts

Previous Article

NGOs ​ដាក់​អ្នក​អង្កេត ២​ម៉ឺន​នាក់ ឃ្លាំ​មើល​ការ​​បោះឆ្នោត​ឃុំ-​សង្កាត់

Next Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​