លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​កុំ​ប្រមាថ​គ្នា​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

វ៉ែន រដ្ឋាវង្ស No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ គោរព​ក្រមសីលធម៌​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នា​ពេល​ខាង​មុខនិង​ចៀសវាង​ប្រើប្រាស់​ការ​ឃោសនា​របស់​ខ្លួន​ដើម្បី​រិះគន់ វាយប្រហារ ឬ​ប្រមាថ​លើ​គណបក្ស​នយោបាយ​ដទៃ​ទៀត។

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី នៃ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុង​ក្រចេះ លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា ​ការ​គោរព​ក្រមសីលធម៌​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប. និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការ​បោះឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ សេរី យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង។​

​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជា​ច្រើន​រយ​នាក់រួម​មាន​សិស្សានុសិស្សលោក​ហ៊ុនសែនបាន​ជំរុញ​ឲ្យ​អ្នក​នយោបាយ​យក​គំរូ​តាម​អ្នក​ឃោសនា​ពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​តែ​ពី​ទំនិញ​របស់​ខ្លួន និង​មិន​បន្តុះបង្អាប់​ទៅ​លើ​ទំនិញ​អ្នក​ដទៃ​ឡើយ។​

. .

​លោក​​ថា៖ «ការ​បន្តុះបង្អាប់​ទំនិញ​អ្នក​ដទៃ ឬ​បេក្ខជន​នៃ​បក្ស​ដទៃ វា​នឹង​នាំ​ទៅ​ដល់​ជម្លោះ​ចៀស​មិន​ផុត ព្រោះ​អ្នក​ដែល​ទទួល​នូវ​ការ​ប្រមាថ អ្នក​ទទួល​នូវ​ការ​ជេរ លាប​ពណ៌ ពិត​ជា​គេ​មិន​សុខ​ចិត្ត ហើយ​គេ​ប្រើ​សិទ្ធិ​របស់​គេ​ដើម្បី​ប្ដឹង»។

​លោក​បាន​បន្ថែម​ថា៖«ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ជម្លោះ​នៅ​ក្នុង​ដំណាក់កាល​នៃ​យុទ្ធនាការ​បោះឆ្នោតហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ការ​បោះឆ្នោត កុំ​ឲ្យ​មាន​ជម្លោះ ដើម្បី​ចៀសវាង​ជម្លោះ រឿង​តែ​មួយ​គត់ គឺ​កុំ​ប្រមាថ​គ្នា និង​កុំ​ជេរ​គ្នា»។

​លោក​ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ​ បាន​បញ្ជាក់​បន្ថែម​ថា៖ «អួត​តែ​ពី​ខ្លួន​ឯង​ទៅ​បាន​ហើយ កុំ​បង្អាប់​អ្នក​ដទៃ»។

​លោក​សង្ឃឹម​ថា ​គ្រប់​គណបក្ស​នយោបាយក៏​ដូច​ជា​បេក្ខជន​ឈរ​ឈ្មោះនឹង​គោរព​ទៅ​តាម​ក្រមសីលធម៌ ដែល​អាច​ធានា​ដល់​សន្តិភាព សុវត្ថិភាព និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។​

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១២​ដែល​បាន​ចុះ​បញ្ជី​ និង​ដាក់​បេក្ខជន​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ១៦៤៦​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។

​ប៉ុន្តែ​មាន​តែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។​

​ចំណែក​ឯគណបក្ស​ហ៊្វុនស៊ិនប៉ិចគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យគណបក្ស​ខ្មែរ​រួបរួម​ជាតិគណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា​ បក្ស​អំណាច​ខ្មែរគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​យុវជន​កម្ពុជាគណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជានិង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យបាន​ដាក់​បេក្ខជន​របស់​ខ្លួន​ក្នុង​ឃុំ-​សង្កាត់ដែល​ខ្លួន​មាន​សំឡេង​គាំទ្រ​ច្រើន និង​អាច​ទទួល​បាន​ជ័យជម្នះ​ប៉ុណ្ណោះ។​

​ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​បាន​តែងតាំង​ថ្មីៗបាន​ប្រកាស​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច តាមរយៈ​គោល​នយោបាយ​របស់​ខ្លួន លោក​ សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លាឈប់​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ នៅ​តែ​បន្ត​វាយប្រហារ​លើ​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ​របស់​ខ្លួន។​

ចំណែក​ឯ​លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃក្នុង នូវ​គោល​នយោបាយ​អាទិភាព សម្រាប់​ការបោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ខេត្តសៀមរាប​ កាល​ពី​ថ្ងៃអាទិត្យ លោក​ហាក់​បង្ហាញ​ពី​ជំហរ​ទន់ភ្លន់​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​របស់​ខ្លួន ដែល​កន្លង​មក​គណបក្ស​នេះ ធ្លាប់​បាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​មក​លើ​លោក​ ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច ក្នុង​កំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៣។

​លោក​បាន​ថ្លែង​ថា៖«យើង​ប្រកួត​គ្នា​លើ​គោល​នយោបាយ​នៃ​គណបក្ស​រៀងៗ​ខ្លួនដើម្បី​បាន​ផលប្រយោជន៍​ទៅ​ប្រជាពលរដ្ឋនិង​ប្រទេស​ជាតិ​យើង»។

​លោក​បន្ថែម​ថា៖ «យើង​មិន​ត្រូវ​ប្រកួត​គ្នា​លើ​ពាក្យ​សម្ដី អសុរោះ ដៀលត្មះ វាយប្រហារធ្វើទុក្ខបុកម្នេញ​បង្ក​ការ​ឈឺ​ចាប់​ឲ្យ​គ្នា​នោះ​ឡើយ។ យើង​ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច​ចុះ»។

​រីឯ​នៅ​ក្នុង​វេទិកា​ខេត្ត​បន្ទាយមានជ័យ ​កាល​ពី​ម្សិលមិញ​ផង​ដែរ លោក​ កឹមសុខា​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ​នេះ នឹង​នាំ​មក​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​សហគមន៍​អន្តរជាតិ។ដោយ​ហេតុ​ថា គូ​ប្រកួត​ពិត​ប្រាកដ​មួយ​គូ ដែល​មាន​កម្លាំង​ប្រកៀក​ប្រកិត​គ្នា ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។​

​លោក​​ថា៖ «ចំពោះ​ការ​ប្រកួតប្រជែង​គ្នា​នេះ ទោះ​បី​ជា​គណបក្ស​ណា​ចាញ់ ឬ​ឈ្នះ​ក៏​ដោយ ក៏​យើង​នៅ​តែ​ជា​ខ្មែរ។ ទឹក​ដី​កម្ពុជា ​នេះ ជា​របស់​យើង​ទាំង​អស់​គ្នា។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​សេចក្ដី​សុខ​ចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ​យើង​ទាំង​អស់​គ្នា»។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក សំ គន្ធាមី បាន​បញ្ជាក់​ថា​ នេះ​ជា​សញ្ញាណ​ល្អ​មួយ ប្រសិន​បើ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​អាច​ធ្វើ​បាន ហើយ​គណបក្ស​នយោបាយ​ទាំង​អស់​គួរ​យក​គោល​នយោបាយ​របស់​ខ្លួន ស្វែងរក​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។

​លោក​បាន​បញ្ជាក់​ថា ​ជំហរ​របស់​ប្រធាន​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ​កឹម សុខា អាច​នឹង​ល្អ​ប្រសើរ​ជាង​មេដឹកនាំ​គណបក្ស​មុន ដែល​បោះឆ្នោត​កន្លង​មក​តែងតែ​មាន​ការ​ប្រមាថ​គ្នា រហូត​មាន​ការ​ប្តឹង​គ្នា​ទៀត​ផង។​

​លោក​ សំ គន្ធាមី ថ្លែង​ថា៖ «ជំហរ​នៃ​មេ​បក្ស​ធំៗ​ទាំង​ពីរ សុទ្ធតែ​បាន​បង្ហាញ​ជំហរ​ដូច​គ្នា ដូច​នេះ​ ខ្ញុំ​មើល​ឃើញ ថា វា​នឹង​មាន​ភាព​ប្រសើរ​ជាង​ការ​បោះឆ្នោត​នា​អាណត្តិ​មុនៗ»៕  

. .
Share and Like this post

Related Posts

Previous Article

ហាម​នាំចូល​សារធាតុ Tricyclazole ប៉ះពាល់​​គុណភាព​អង្ករ​

Next Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​