បុណ្យ​ទន្លេ​នៅ​ស្ទឹងត្រែង បង្ហាញ​ពី​សក្ដានុពល​សម្រាប់​ឱកាស​វិនិយោគ

ស៊ុំ ម៉ាណេត No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ពិធីបុណ្យ​ទន្លេ​លើក​ទី​បី​នៅ​ខេត្ត​ស្ទឹងត្រែងទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ១៤០០០០​នាក់​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ ៣​ថ្ងៃ​នេះ​បាន​បញ្ចប់។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។​

​លោក ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​​ថា៖ «ចំនួន​ភ្ញៀវ​ទេសចរ​មាន ៦០០០០​នាក់ ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​នៅ​ថ្ងៃ​ទី៣ ពិធីបុណ្យ​ទន្លេ និង​ចំនួន​សរុប​នៃ​ភ្ញៀវ​ទេសចរ​ត្រូវ​មាន​ចំនួន​ប្រមាណ ១៤០០០០​នាក់»។​

​លោក​បន្ថែម​ថា ថ្ងៃ​ទី​១ នៅ​ពិធីបុណ្យ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ ៣០០០០​នាក់ និង​សម្រាប់​ថ្ងៃ​ទី​ពីរ​នេះ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចំនួន ៥០០០០​នាក់។​

​ពិធីបុណ្យ​ទន្លេ​ដែល​មាន​រយៈពេល ៣​ថ្ងៃ​នេះ​ប្រចាំ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ក្រោម​ប្រធានបទ​អំពី​ការ​ផ្សារភ្ជាប់ ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន​នៅ​ក្នុង​ខេត្ត​នេះ។​

​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​នៃ​ពិធីបុណ្យ​បី​ថ្ងៃនេះ​ល្អ និង​សប្បាយ​រីករាយ។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ត្រី។​

​ពិធីបុណ្យ​ទន្លេ​ប្រចាំ​ឆ្នាំ​លើក​ទី៣​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បង្កើត​បាន​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​ទេសចរណ៍​ធម្មជាតិ​ទៅ​តាម​ខេត្ត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ។

ខេត្ត​ស្ទឹងត្រែងកំពុង​ទាក់ទាញ​អ្នក​ទេសចរ​ក្នុង​ស្រុកដោយសារ​តែ​ខេត្ត​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ពី​ទីក្រុង​ភ្នំពេញព្រម​ទាំង​ផ្លូវ​ជាតិ​លេខ​៩​ថ្មីដែល​តភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែងទៅ​ទៅ​ខេត្ត​ព្រះវិហារនិង​បន្ត​ដល់​ខេត្ត​ឧត្តរមានជ័យនិង​ខេត្ត​សៀមរាប។មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខេត្ត​ស្ទឹងត្រែង មាន​សក្ដានុពល​លើ​វិស័យ​អេកូ​ទេសចរណ៍​ដូច​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ទាក់ទាញ​ជា​ច្រើន​ទៀត ដូច​ជា ទឹក​ជ្រោះ​សុភមិត្ត ឬ​ព្រះនិមិត្ត តំបន់​ទេសចរណ៍​តាម​ដង​ទន្លេ​សេកុង និង​ទន្លេ​សេសានទន្លេ​ស្រែពកតំបន់​ជម្រក​សត្វ​ស្លាប​នៅ​សៀមប៉ាង ជម្រក​សត្វ​នៃ​ឧទ្យាន​ជាតិ​វរជ័យ និង​តំបន់​អន្លង់ផ្សោត​ទន្លេ​ព្រះរំកិល ជា​ដើម។

​លោក គង់ សុភារៈ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ឲ្យ​ដឹង​ថា តំបន់​ឆ្នេរ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ​ភាគ​ច្រើន​បាន​ទាក់ទាញ​ការ​វិនិយោគ​បដិសណ្ឋារកិច្ច​ជា​ច្រើន។​

​ប៉ុន្តែ​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថាពិធីបុណ្យ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ក្នុង​ស្រុក ព្រម​ទាំង​​វិនិយោគិន។​

​លោក​​បន្ថែម​ថា៖ «ពិធីបុណ្យ​ទន្លេ​នេះ​ គឺ​មិន​ត្រឹមតែ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​សក្ដានុពល​សម្រាប់​ឱកាស​វិនិយោគ»។លោក​​ថា៖«យើង​ទទួល​ស្គាល់​ថា ភាគ​ឦសាន​ គឺ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​សេវាកម្ម​ពេញលេញ​នៅ​ឡើយ​ទេ ដូច​ជា​ការ​ស្នាក់​នៅ និង​ភោជនីយដ្ឋាន ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​ឱកាស​ល្អ​សម្រាប់​វិនិយោគិន»។​

​បុណ្យ​ទន្លេ​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​លើក​ទី​ពីរ​ គឺ​នៅក្នុង​ខេត្ត​ក្រចេះ៕  

. .
Share and Like this post

Related Posts

Previous Article

NGOs ​ដាក់​អ្នក​អង្កេត ២​ម៉ឺន​នាក់ ឃ្លាំ​មើល​ការ​​បោះឆ្នោត​ឃុំ-​សង្កាត់

Next Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​