កែវ រ៉េមី​៖ រដ្ឋាភិបាល​មាន​គុណ​សម្បត្តិ​ស្មើ​មេឃ​ក្នុង​ការ​ការពារ​សិទ្ធិ

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាកាល​ពី​ថ្ងៃ​ម្សិលមិញបាន​ចាត់​ទុក​របាយការណ៍និង​ការ​បន្ត​រិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ានថា​ជា​ការ​រំលោភ​លើ​គោលការណ៍​អាស៊ាននិង​មិន​គោរព​លើ​អធិបតេយ្យភាព​កម្ពុជាខណៈ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជាមាន​គុណ​សម្បត្តិ​ស្មើ​មេឃ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្សដែល​សម​នឹង​ទទួល​បាន​ពានរង្វាន់​សិទ្ធិមនុស្ស។

​ការ​ប្រតិកម្ម​តប​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​សមាជិក​សភា​អាស៊ាន (APHR)​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា បាន​ចេញ​របាយការណ៍​មួយ ស្ដីពី​លទ្ធិប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​នៅ​កម្ពុជាដោយ​បាន​រិះគន់​រាជ​រដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន​ថា​បាន​យាយី​ផ្លូវ​ច្បាប់​ទៅ​លើ​គណបក្ស​ប្រឆាំង តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​បាន​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​មិន​គាំទ្រ​ខ្លួន រួម​និង​អ្នក​ការពារ​សិទ្ធិមនុស្សដែល​ករណី​នេះបាន​ធ្វើ​មាន​ផល​ប៉ះពាល់​ដល់​ស្ថាប័ន​ស្នូល​របស់​ជាតិនិង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់​កម្ពុជា។

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា របាយការណ៍​របស់ APHR មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេហើយ​ការ​បន្ត​រិះគន់​វាយប្រហារ​មក​លើ​កម្ពុជាពី​សំណាក់​ប្រធាន​ក្រុម APHR លោក ឆាល សាន់ទីអេហ្គោ (Charles Santiago)​នោះ ជា​កំហុស​ឆ្គង​មួយ​ដែល​ផ្ទុយ​នឹង​គោលការណ៍​អាស៊ាន។ លោក​បាន​បន្ត​ថា ក្រោយ​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពតបាន​ដួល​រលំកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាលបាន​ក្លាយ​ទៅ​ជា​ប្រទេស​មាន​សន្តិភាព​ពេញលេញ មាន​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ផ្តល់​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ដល់​ប្រជាពលរដ្ឋ។​

. .

​លោកក៏​បន្ត​ឲ្យ​ដឹង​ដែរ​​ថា៖ «ចំណុច​ពីរ​នេះគឺ​ល្មម​ដល់​ពេល​ដែល​ទាក់ទង​វិស័យ​សិទ្ធិមនុស្ស ផ្តល់​ឲ្យ​គាត់​[លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន]​ នូវ គេ​ហៅថា Nobel Peace Prize ពានរង្វាន់​សន្តិភាព ឬ​ក៏​ពានរង្វាន់​វិស័យ​សិទ្ធិមនុស្ស​ជូន​គាត់ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចំណុច​ទាំង​នេះ​ត្រូវ​គេ​បំភ្លេច ហើយ​មួលបង្កាច់​បង្អាប់ បន្ទោស ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​គុណសម្បត្តិ​ស្មើ​មហា​មេឃ នៅ​ទទួល​គេ​ហៅ​ថា ខ្ញុំ​មិន​ដឹង​ថា ​តើ​និយាយ​របៀប​ម៉េច»។​

​លោក​ កែម រ៉េមីបាន​សង្កត់​ធ្ងន់​ថា៖«សិទ្ធិមនុស្សបើ​សិន​មិន​ជួយ​រំដោះ​ពេល​ហ្នឹង​ទេ​[ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩]គឺ​ស្លាប់​បាត់ហើយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​សព្វ​ថ្ងៃសុទ្ធតែ​រស់​រាន​មាន​ជីវិត​ដោយសារ​ការ​សង្គ្រោះ​នេះអាហ្នឹង​យើង​និយាយ​គ្នា​ឲ្យ​ច្បាស់ហើយ​ការ​ឯកភាព​ទឹកដី​ទាំង​មូល​នេះអាហ្នឹង​ជា​ចំណុច​សំខាន់​ណាស់​ដើម្បី​រក្សា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្សហើយ​បង្កើន​ការ​គោរព​សិទ្ធិមនុស្ស​បន្ថែម​ទៀត»។​

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនាអ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​នេះ​ដែរដោយ​ថា​របាយការណ៍​នោះគ្រាន់តែ​ជា​ការ​វាយ​តម្លៃ​ដែល​មិន​អាច​ជឿ​បាននិង​ជា​ទស្សនៈ​ខ្មៅ​ងងឹត​របស់​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ 

សេចក្តី​ថ្លែងការណ៍​ដដែល បាន​បន្ត​ថា កម្ពុជា​ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិង​នីតិរដ្ឋហើយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​គណបក្ស​នយោបាយគឺ​មាន​គោលបំណង​ទប់ស្កាត់​រាល់​ការ​រំលោភ​បំពាន​ដែល​មិន​ស្រប​ទៅ​តាម​គោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ដូច​ជាការ​ញុះញង់​ឲ្យ​មាន​ការ​អប់​ខាង​ជាតិ​សាសន៍ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ការ​បំផ្លិចបំផ្លាញ​ដល់​គ្រឹះ​សង្គម​របស់​ប្រជាជាតិ​ជា​ដើម។​

​សេចក្តី​ថ្លែងការណ៍ បាន​បញ្ជាក់​ថា៖ «លោក Charl Santiago ដែល​ជា​សមាជិក​សភា ​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​ក្រុម​នេះ ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​គោលការណ៍​ពិសិដ្ឋ​របស់​អាស៊ាន​ស្ដីពីការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សមាជិក​អាស៊ាន ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​២​ នៃ​ធម្មនុញ្ញ​អាស៊ាន»។​

​លោក Charl Santiago ប្រធាន​ក្រុម APHR និង​លោកស្រី មូរ សុខហួរ សមាជិក​សភា​កម្ពុជា និង​ជា​សមាជិក APHR ដែរ​នោះ ពុំ​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។​

​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកលោកសំចាន់គាយល់​ថាអ្វី​ដែល​ជា​ការ​អះអាង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាបាន​លើក​ឡើង​នោះគឺ​ជា​បរិបទ​កាល​ពី​មុន​ឆ្នាំ​២០១៣ដែល​រាជរដ្ឋាភិបាល​ពិត​ជា​បាន​ខ្នះខ្នែង​ក្នុង​ការ​ការពារនិង​លើក​ស្ទួយ​សិទ្ធិមនុស្ស។ប៉ុន្តែ​ក្រោយ​ឆ្នាំ​២០១៣​មកលោក​មើល​ឃើញ​ថាស្ថានភាព​សិទ្ធិមនុស្សនិង​នយោបាយហាក់​មាន​ការ​ដើរ​ថយ​ក្រោយរហូត​ឈាន​ដល់​ការ​ចាប់​ខ្លួននិង​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស រួម​ទាំង​មាន​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ទៅ​លើ​អ្នក​ហ៊ាន​រិះគន់​រាជ​រដ្ឋាភិបាល​ផង​ដែរ។

​លោកក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា៖ «កម្ពុជា​ គួរតែ​ត្រូវ​ធ្វើ​ការ​កែ​លម្អ ដោយ​យក​អនុសាសន៍​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ យក​អនុសាសន៍​របស់​សមាជិក​សភា​អាស៊ាន ហើយ​យក​មតិ​មហាជន​ហ្នឹង​យក​ទៅ​ពិនិត្យ​មើល ហើយ​បើ​ឃើញ​ថា គេ​ផ្តល់​អនុសាសន៍​ដើម្បី​ឲ្យ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្សនិង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជាអុីចឹង​រាជ​រដ្ឋាភិបាលគួរតែ​យក​អាហ្នឹង​មក​តម្រង់​ទិស​ទៅ ធ្វើការ​កែ​លម្អ​ទៅ ដើម្បី​ឲ្យ​កិត្តិយស​កិត្តិនាម​របស់​រាជរដ្ឋាភិបាលងើប​ឡើង​វិញព្រោះ​ពី​មុន​មក​រាជ​រដ្ឋាភិបាលងើប​ឡើង​ខ្លាំង រហូត​ដល់​ប្រទេស​មួយ​ចំនួន​យក​គំរូ​តាម​កម្ពុជា អុីចឹង​ឥឡូវ​វា​ធ្លាក់​​វិញ អុីចឹង​រដ្ឋាភិបាល​គួរតែ​កែប្រែ​ទៅ»៕  

. .
Share and Like this post

Related Posts

Previous Article

NGOs ​ដាក់​អ្នក​អង្កេត ២​ម៉ឺន​នាក់ ឃ្លាំ​មើល​ការ​​បោះឆ្នោត​ឃុំ-​សង្កាត់

Next Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​