ភ្នំពេញ៖(ខ្មែរថាមស៍)មន្ត្រីបរិស្ថានបាននិយាយថាសត្វដំរីព្រៃចំនួន ១១ក្បាលត្រូវបានសង្គ្រោះចេញពីរណ្តៅភក់កាលពីល្ងាចថ្ងៃសៅរ៍ នៅខេត្តមណ្ឌលគិរី បន្ទាប់ពីបានធ្លាក់ចូលអស់រយៈពេល ៤ថ្ងៃកន្លងមក។
លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បាននិយាយប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃអាទិត្យ ថា សត្វដំរីទាំង ១១ក្បាលនោះរួមទាំងកូនដំរី ១ផងបានធ្លាក់ចូលរណ្តៅគ្រាប់បេ ដែលសល់ពីការទម្រាក់គ្រាប់របស់អាមេរិក កាលពីជំនាន់សង្គ្រាមជាមួយវៀតណាម ដែលមានជម្រៅប្រហែល ៣ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រយៈពេល ៤ថ្ងៃមក ហើយទើបប្រជាពលរដ្ឋដែលស្វែងរកអនុផលព្រៃឈើប្រទះឃើញ និងបានរាយការណ៍មកអាជ្ញាធរដើម្បីជួយសង្គ្រោះ។
លោកបានថ្លែងថា ក្រុមជួយសង្គ្រោះបានចំណាយពេលប្រហែលជា ៥ម៉ោងដើម្បីជួយសត្វដំរីទាំងនោះចេញពីរណ្តៅភក់ដែលស្ងួតក្រាំងទៅហើយ។ ក្រុមជួយសង្គ្រោះដែលមានការចូលរួមពីកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងសហគម៍ផងនោះបានជីកមាត់រណ្តៅឲ្យមានជម្រាល ហើយដាក់មែកឈើដើម្បីឲ្យដំរីងាយស្រួលឡើង ខណៈដែលអ្នកខ្លះបានបាញ់ទឹក លាងភក់ឲ្យដំរី និងបានបោះស្លឹកឫស្សីឲ្យស៊ីដើម្បីមានកម្លាំងផងដែរ។
លោកបានថ្លែងថា៖ «សត្វដំរីទាំងនេះអាចងាប់ប្រសិនបើយើងសង្គ្រោះមិនបានទាន់ពេលវេលាទេនោះ គឺងាប់ដោយសារដាច់ទឹក និងអត់ចំណីតែម្តង។ កូនដំរីដែលអាចឡើងរួចក្រោយគេ គឺដោយសារប្រើខ្សែទាក់ ហើយទាញឡើងមក»។
បើតាមលោកសុភ័ក្រកាលដែលដំរីទាំងអស់ធ្លាក់ចូលក្នុងរណ្តៅអាចមកពីកូនដំរីដែលតូចជាងគេធ្លាក់ ហើយសត្វដំរីដ៏ទៃទៀតចុះមកជួយតែជួយមិនបានដោយសារឡើងមកវិញមិនរួចក៏ជាប់ទាំងអស់គ្នាតែម្តងទៅ។ លោកថ្លែងបន្តទៀតថា មិនមែនដំរីទាំងនោះមកផឹកទឹកនេះទេ ពីព្រោះនៅជិតរណ្តៅដែលធ្លាក់ប្រហែល ១០០ម៉ែត្រមានអូរមួយដែលដំរីងាយស្រួលផឹកទៀតផង។
លោកស្រី Botumroat Lebun មន្ត្រីនៃអង្គការការពារសត្វព្រៃ Wildlife Alliance បាននិយាយថា សត្វដំរីដែលធ្លាក់ក្នុងរណ្តៅទាំងនោះមករកទឹកផឹកដោយសារអាកាសធាតុក្តៅព្រោះគេកាប់ឆ្កាព្រៃអស់យកដីសម្រាប់ដាំដំឡូងមី។លោកស្រីបានបន្ថែមថាសត្វដំរីទាំងនោះអាចនឹងងាប់ ដោយការអត់ទឹក និងអត់ចំណីរតែត្រូវបានជួយទាន់ពេលវេលា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បាននិយាយថា ការជួយសង្គ្រោះសត្វដំរីព្រៃចំនួន ១១ក្បាល (រួមទាំងកូនដំរីផងដែរ) ដែលធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្គ្រាម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលបានជោគជ័យ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ។ដោយហេតុថា មានការខ្វះខាតមធ្យោបាយ និងដោយសារទីតាំងនោះស្ថិតនៅដាច់ស្រយាលពុំមានផ្លូវរថយន្តចេញចូល ក្រុមការងារបានប្រើប្រាស់គ្រប់លទ្ធភាព និងវិធីសាស្ត្រដែលខ្លួនមាន និងបានចំណាយពេលអស់ជាង ៥ម៉ោងដើម្បីជួយសង្គ្រោះសត្វដំរីទាំងនោះ។
លោកថា៖ «កិច្ចប្រតិបត្តិការជួយសង្គ្រោះសត្វដំរីនេះគឺជាកាយវិការដ៏ប្រពៃដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទឹកចិត្តស្រលាញ់សត្វព្រៃរបស់មន្ត្រីមានសមត្ថកិច្ច អ្នកបចេ្ចកទេសជាតិ និងអន្តរជាតិ និងប្រជាសហគមន៍មូលដ្ឋាន»។
«ជាមួយនឹងស្មារតីនេះខ្ញុំសូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យបន្តចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងយុទ្ធនាការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងសត្វព្រៃ ដែលជាបេតិកភ័ណ្ឌធម្មជាតិដ៏មានតម្លៃបន្សល់ទុកដោយដូនតារបស់យើង ដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើងនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត»។
បើតាមការឲ្យដឹងពីលោក សុភ័ក្រ ដំរីព្រៃដែលជិតផុតពូជទាំងនេះនៅមានប្រហែលពី២០០ទៅ២៥០ក្បាលប៉ុណ្ណោះនៅខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី២២ ខែមីនា កន្លងមកនេះ ដំរីដ៏ធំមួយក្បាលត្រូវបានប្រជាពលរដ្ឋមូលដ្ឋានប្រទះឃើញដេកងាប់ ស្ថិតនៅតាមជើងភ្នំតំបន់គិរីរម្យជាប់ ក្នុងទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលក្រុមមន្ត្រីអះអាងថា ដំរីនោះងាប់ដោយសារតែត្រូវឆក់ខ្សែតង់ស្យុងអគ្គិសនី។
ចំណែកកាលពីខែកក្កដា ឆ្នាំ២០១៦ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក៏ធ្លាប់បានជួយសង្គ្រោះកូនដំរី មួយក្បាលក្នុងពេលដែលចុះទៅដើរត្រួតពិនិត្យព្រៃ និងបទល្មើសផ្សេងៗក្នុងដែនជម្រកសត្វព្រៃកែវស៊ីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែកូនដំរីនោះ បានងាប់ ក្រោយពេលដែលក្រុមការងារបរិស្ថាន បានព្យាយាមជួយជួយសង្គ្រោះ ដោយសារកូនដំរីនោះ ជាប់អន្ទាក់ព្រានព្រៃ មានរយៈពេលយូរ ហើយកូនដំរី ដាច់ចំណី ដាច់ទឹក មានដំបៅ ពេញខ្លួន និងជើង៕