តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ រំពឹង​ទទួល​វិនិយោគ​រោងចក្រ​ផលិត​គ្រឿងចក្រ ប្រើ​បច្ចេកវិទ្យា​ក្នុង​ឆ

ជា វណ្ណៈ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុរំពឹង​នឹង​ទទួល​បាន​ការ​វិនិយោគ​ទុន​ទៅ​លើ​ឧស្សាហកម្ម​ផលិត​គ្រឿងចក្រ និង​ការ​ផលិត​ធុន​ស្រាលចូល​ទៅ​ក្នុង​តំបន់​របស់​ខ្លួននៅ​ក្នុង​ឆ្នាំ​២០១៧នេះដោយសារ​ការ​ផ្គត់ផ្គង់​អគ្គិសនី​អនុគ្រោះ​មានតម្លៃ​ទាបពេលនេះ​ត្រូវបាន​ដំឡើង​នៅ​ជុំវិញ​រួចរាល់។

​ប្រធាន​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ លោក Li Chao បាន​ឲ្យ​ដឹង​កាល​ពី​សបា្តហ៍​មុន​ថា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​នៃ​ឧស្សាហកម្ម​គ្រឿងចក្រ និង​ការ​ផលិត​ធុន​ស្រាល ដូច​ជា គ្រឿង​បន្លាស់​រថយន្ត ប្រើ​បច្ចេកវិទ្យា​ខ្ពស់ គឺ​ដើម្បី​បន្ថែម​ទៅ​លើ​ការ​វិនិយោគ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់។​

​លោក Li Chao ថ្លែង​ថា៖ «មក​ដល់​ពេល​នេះ យើង​មាន​ត្រឹមតែ​ការ​វិនិយោគ​ផ្ដោត​ទៅ​លើ​ការ​ផលិត​សំលៀកបំពាក់ និង​ស្បែកជើង ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧​ នេះ​ យើង​រំពឹង​ថា​ នឹង​ទទួល​បាន​ការ​វិនិយោគ​មួយ​ចំនួន ទៅ​លើ​ការ​ឧស្សាហកម្ម​គ្រឿងចក្រ ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​យើង។បើ​គិត​ត្រឹម​២​ខែ​ដើម​ឆ្នាំ​២០១៧​ នេះ យើង​ទទួល​បាន​ការ​ស្នើ​នៃ​វិនិយោគ​ទៅ​លើ​គ្រឿងចក្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​មួយ​ចំនួន​ហើយ»។​

. .

​បើ​តាម​លោក Li Chao ភាគ​ច្រើន​អ្នក​វិនិយោគ​ដែល​ស្នើសុំ​បង្កើត​រោងចក្រ​ផលិត​គ្រឿងចក្រ​ទាំង​នេះ គឺ​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន។​

​ដោយ​មាន​ទីតាំង​ប្រហែល​ ១២​គីឡូម៉ែត្រ ពី​កំពង់ផែ​សមុទ្រ​ក្រុង​ព្រះសីហនុនិង​៣​គីឡូម៉ែត្រ ពី​អាកាស​យានដ្ឋាន​ក្រុង​ព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ មក​ពេល​នេះ​មាន​រោងចក្រ​ចំនួន ១០៩ ក្នុង​នោះ​ ៩០​រោងចក្រ​កំពុង​ដំណើរការ។​

​ចាប់​ផ្តើម​ដំណើរការ​សាងសង់​កាល​ពី​ឆ្នាំ​២០០៧ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ បច្ចុប្បន្ន​កំពុង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ប្រមាណ ១​ម៉ឺន ៦​ពាន់​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Li Chao។​

​នាយក​ដំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ លោក Jack Chanកាល​ពី​ខែ​វិច្ឆិកាកន្លង​ទៅបាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ គ្រោង​បង្កើន​រោងចក្រ​ឡើង​ដល់ ៣០០​រោងចក្រ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ១០​ម៉ឺន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២០។​

​លោក Chen បាន​បន្ថែម​ថា រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ផ្ដោត​សំខាន់​ទៅ​លើ​ផលិតផល​សំលៀកបំពាក់ ដែល​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុបនិង​សហរដ្ឋ​អាម៉េរិក។ក្នុង​ចំណោម​រោងចក្រ​ទាំង​អស់ក្នុង​នោះ​មាន​២​រោងចក្រ​ជា​ការ​វិនិយោគ​របស់​ជនជាតិ​ខ្មែរ។​

​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនក្នុង​ពេល​សម្ពោធ​រោងចក្រ​ទី​១០០ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ បាន​ចាត់​ទុក​ថា តំបន់​សេដ្ឋកិច្ច​នេះ​ជា​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត នៅ​ក្នុង​ប្រទេស ហើយ​ប្រដូច​តំបន់​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​​​ទៅ​នឹង​ទីក្រុង Shenzhen ដែល​ជា​បណ្ដុំ​នៃ​ឧស្សាហកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន។​

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា បាន​ចាត់​ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុជា​គំរូនៃ​កិច្ច​សហ​ប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរនិង​ជា​គំរូនៃ​គម្រោង«ផ្លូវ​មួយ ខ្សែក្រវាត់​មួយ» ផ្ដួចផ្ដើម​ដោយ​ប្រទេស​ចិន៕  

. .
Share and Like this post

Related Posts

Previous Article

លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​កុំ​ប្រមាថ​គ្នា​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

Next Article

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ