ស្នងការ​ខេត្ត​កំពង់ធំ រងចោទ​រឿង​ពុករលួយ​ត្រូវ​ដក​តំណែង

ប៊ុត រស្មីគង្គា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ស្នងការ​នគរបាល​ខេត្ត​កំពង់ធំលោកជូសំអានដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ពុករលួយ​ពី​សំណាក់​មន្ត្រី​នគរបាល​ក្រោម​​ឱវាទ​ត្រូវ​បាន​ថ្នាក់​លើ​ដក​ហូត​តំណែង​ចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ ហើយនេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​​​​ខេត្ត​កំពង់ធំ កាល​ពី​ម្សិលមិញ។​

​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខេត្ត​កំពង់ធំ លោក កែវ សុធា បាន​ឲ្យ​​ដឹង​ថា ឧត្តមសេនីយ៍​ទោ ជូ សំអាន ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។​

​លោក កែវ សុធា បន្ថែម​​ឲ្យ​ដឹង​ថា សម្រាប់​តួនាទី​ស្នងការ​នគរបាល​ខេត្ត​ថ្មី លោក​ឧត្តមសេនីយ៍​ត្រី អ៊ុក កុសល ជា​អនុ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ និង​ជា​អតីត​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ធំត្រូវ​បាន​តែង​តាំង​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ ថ្មី​ ជំនួស​លោក​ ជូ សំអាន​ វិញ។​

. .

​លោក​បាន​ប្រាប់​ ខ្មែរ​ថាមស៍ ឲ្យ​ដឹង​ថា៖ «លោក​ឧត្តមសេនីយ៍​ទោ ជូ សំអាន ត្រូវ​បាន​ថ្នាក់​លើ​ដក​ចេញ​ពី​តំណែង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ​បន្ទាប់​ពី​សំណាក់​មន្ត្រី​នគរបាល​ក្រោម​ការ​ឱវាទ​របស់​លោក​ផ្ទាល់ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​និង​ពាក្យ​បណ្តឹង​ប្ដឹង​ថា ​លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ហើយ​ផ្ញើ​ទៅ​កាន់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ កាល​ពី​ខែ​មករា កន្លង​ទៅ»។​

​លោកសុធាបាន​បន្ថែម​ឲ្យ​ដឹង​ថា៖«លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរយៈ​ការ​ទទួល​យក​លុយ​ពី​មន្ត្រី​នគរបាល​ជា​ការ​ដោះដូរ​ជាមួយ​នឹង​ការ​ដំឡើង​ឋានៈ ​ឬ​តំណែង​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្របខ័ណ្ឌ​នគរបាល​ខេត្ត​ ចន្លោះ​ពី ៥០០ ដល់ ៧០០០០​ដុល្លារ​សហរដ្ឋ​អាមេរិក»។​

​លោក សុធា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «លោក ជូ សំអាន ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​មន្ត្រី​នគរបាល​ធម្មតា​នៃ​ក្រសួង​មហាផ្ទៃ»​ពិធី​ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​ស្នងការ​នគរបាល​ខេត្ត​ថ្មី​ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនាឆ្នាំ​២០១៧ ក្រោម​អធិបតី​ភាព​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន។​
 
​មន្ត្រី​នគរបាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា៖«ខ្ញុំ​ពិត​ជា​មាន​ការ​រីករាយខណៈ​ដែល​លោក​ត្រូវ​បាន​ផ្ទេរ​ពី​ស្នងការ​នគរបាល​ខេត្ត​នេះ»។

​លោក​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ធ្វើការ​ជា​នគរបាល​ខេត្ត​អស់​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយ។ប៉ុន្តែ​ឋានៈ​ឬ​តំណែង​របស់​ខ្ញុំ​មិន​ត្រូវ​បាន​ដំឡើង​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​មិន​មាន​លុយ​សូកប៉ាន់​ថ្នាក់​លើ»។

​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៧ កន្លង​មក​នេះ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ធំ​ ចំនួន ៥​រូប បាន​ចោទ​ប្រកាន់​លោក ជូ សំអាន និង​លោក ​អុិតគឹមស្រ៊នថាអ្នក​ទាំង​ពីរ​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរយៈ​ការ​ទទួល​យក​ប្រាក់​ពី​មន្ត្រី​នគរបាល​ជា​ការ​ដោះដូរ​នឹង​ការ​ដំឡើង​ឋានៈ​ និង​តំណែង​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្របខ័ណ្ឌ​នគរបាល​ខេត្ត​ឆ្នាំ​២០១៦​ ចន្លោះ​ពី ៥០០ ដល់ ៧០០០០ ដុល្លា​សហរដ្ឋ​អាមេរិក។​

​ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «លោក​បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ។ លោក​បាន​ធ្វើ​ឲ្យ​​បាត់បង់​ទំនុក​ចិត្ត​ពី​ប្រជាជន​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ខេត្ត​ ដែល​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​ នៃ​ក្រសួង​មហាផ្ទៃ ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។

​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ​ដែរ លោក ជូ សំអាន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​មួយ​នេះ។ លោក​បាន​និយាយ​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ដូច​អ្វី​ដែល​បាន​ចោទ​ខាង​លើ​នោះ​ទេ។​

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​ចោទ​ប្រកាន់​នេះ​កើត​ឡើង​ពី​ការ​ច្រណែន។ ដោយសារ​តែ​អ្នក​ដែល​បាន​ប្តឹង​រូប​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ទាំង​នោះ ចង់​ទទួល​បាន​តំណែង​របស់​គាត់​នៅ​ពេល​ដែល​ពួក​គេ​បាន​ឮ​ថា​ លោក​នឹង​ត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ​ក្រោយ (២០១៨) ប៉ុន្តែ​ក្រសួង​នេះ​បាន​ពន្យារ​ពេល​ចូលនិវត្តន៍​របស់​លោក​បី​ឆ្នាំ​បន្ថែម​ទៀត។ពក​​គេ​ទាំង​នោះ​មិន​រីករាយ​ជាមួយ​រូប​លោកហេតុ​ដូច្នេះ​ពួក​គេ​បាន​រៀបចំ​ផែនការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ក្នុង​គោល​បំណង​ដើម្បី​ដក​រូប​លោក​ចេញ​ពី​តំណែង​នោះ។​

​លោក​បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​សូម​​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ​ទាំង​ស្រុងដោយសារ​តែ​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​បាន​ចោទ​ប្រកាន់​នោះ​ទេ»។​

​លោក​បាន​ឲ្យ​ដឹង​ថា៖«នេះ​ជា​ការ​ច្រណែន​មក​លើ​រូប​ខ្ញុំ។ដោយសារ​តែ​អ្នក​ទាំង​អស់​នោះ​ដែល​បាន​ប្តឹង​ខ្ញុំ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ចង់​ទទួល​បាន​តំណែង​របស់​ខ្ញុំ។ ដូច្នេះ​ពួក​គេ​បាន​រៀបចំ​ផែនការ​ដើម្បី​ដាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ»៕  

. .
Share and Like this post

Related Posts

Previous Article

លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​កុំ​ប្រមាថ​គ្នា​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

Next Article

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ