ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​

មុំ គន្ធា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)​ដោយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ-​កម្មការិនី​ក្នុង​រដូវ​ក្តៅជាពិសេស​ការ​បង្ក​ឲ្យ​មាន​ការ​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ ក្រសួង​ការងារ​ បាន​ធ្វើ​ការ​ណែនាំ​ដល់​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​កម្មករ​របស់​ខ្លួន។

​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារកាល​ពី​ថ្ងៃ​សុក្របាន​ឲ្យ​ដឹង​ថាដើម្បី​បញ្ចៀស​នូវ​ការ​ដួល​សន្លប់​ជាយថាហេតុ​ដែល​បណ្តាល​មក​ពី​ការ​កើន​ឡើង​នូវ​កម្ដៅ​នា​រដូវ​ប្រាំង​នេះ ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន ជាពិសេស​សហគ្រាស គ្រឹះស្ថាន​កាត់ដេរ​សំលៀកបំពាក់ និង​ដេរ​ស្បែកជើង ទាំង​អស់​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​វិធាន​ចំនួន​ ៩​ចំនុច​ដែល​បាន​ដាក់​ឲ្យ។​

​អ្វី​ដែល​ក្រសួង​ការងារ ​តម្រូវ​ឲ្យ​ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស​អនុវត្ត​ជា​ចាំ​បាច់​នោះ គឺ​ត្រូវ​មើល​ថែ​ទាំ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ និង​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់ នៅ​តាម​អគារ​ផលិតកម្ម​ទាំង​អស់ ឲ្យ​បាន​យ៉ាង​ហោច​មួយ​ម៉ោង​មុន​ពេល​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ចូល​បម្រើ​ការងារ។

. .

​មួយ​វិញ​ទៀត រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំង​នោះ ត្រូវ​ដាក់​ឲ្យ​មាន​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ (សីតុណ្ហមាត្រ) នៅ​កន្លែង​ធ្វើការ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តាមដាន​ការ​វិវត្ត​នៃ​កម្ដៅ និង​ត្រូវ​រៀបចំ​ទុក​ដាក់​សម្ភារៈ កុំ​ឲ្យ​បាំង​ប្រភព​ខ្យល់​ចេញ​ចូល ព្រម​ទាំង​ត្រូវ​បើក​បង្អួច​ទ្វារ ឲ្យ​បាន​ធំ​ទូលាយ ឬ​បន្ថែម​កង្ហារ​បញ្ចូល​ខ្យល់​ក្នុង​អគារ​ផលិតកម្ម​នៅ​ពេល​ដែល​មាន​អាកាសធាតុ​ក្តៅ។​

​ការ​ណែនាំ​របស់​ក្រសួង​បាន​បន្ត​ទៀត​ថា៖ «ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ស្រោច​ទឹក​នៅ​លើ​ដំបូល​អគារ​ផលិតកម្ម ឲ្យ​បាន​យ៉ាង​ហោច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បន្ថែម​សំណាញ់​នៅ​លើ​ដំបូល​អគារ​ផលិតកម្ម​ដើម្បី​កាត់​បន្ថយ​កម្ដៅ។ ត្រូវ​ផ្តល់​ទឹក​ស្អាត​សម្រាប់​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កម្មករ​និយោជិត។ ត្រូវ​មើល​ថែ​ទាំ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ប្រព័ន្ធ​បង្ការ​អគ្គិភ័យ និង​សម្ភារៈ​ការពារ​រួម​នៅ​ក្នុង​អគារ សហគ្រាស គ្រឹះស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ធានា​ប្រព័ន្ធ និង​ឧបករណ៍ ទាំង​នោះ​អាច​ដំណើរការ​បាន​ក្នុង​ពេល​មាន​គ្រាអាសន្ន​កើត​ឡើង ព្រម​ទាំង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​អធិការកិច្ច​ការងារ»។​

​មិន​តែ​ប៉ុណ្ណោះ​ក្រសួង​ការងារ​ក៏​តម្រូវ​ឲ្យ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​រៀបចំ​ឲ្យ​មាន​ប្លង់​សម្រាប់​ជម្លៀស​ខ្លួនសញ្ញា​សុវត្ថិភាព​នៅ​តាម​ប៉ុស្តិ៍​ការងារ និង​ការ​អប់រំ​បណ្តុះបណ្តាល កម្មករ​និយោជិក។ ចំណែក​សហគ្រាស គ្រឹះស្ថាន​ដែល​មាន​ប្រើប្រាស់​សារធាតុ​គីមី​ងាយ​ឆាប​ឆេះ ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ឆ្លើយតប​គ្រា​មាន​អាសន្ននិង​រក្សា​ទុក​ដាក់​សារធាតុ​ទាំង​នោះ ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ដាច់​ឆ្ងាយ​ពី​អគារ​ផលិតកម្ម។​
​ក្រសួង​ការងារ មាន​ការ​សង្ឃឹម​យ៉ង​មុតមាំ​ថា ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំង​អស់​នឹង​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ជូន​ដំណឹង​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។​

​លោក​ ម៉ាន់ សេងហាក់ អនុ​ប្រធាន​សហជីព​សេរី​កម្មករ មើល​ឃើញ​ថា ការ​ជូន​ដំណឹង ក៏​ដូច​ជា​ការ​ណែនាំ​របស់​ក្រសួង​ការងារ​ ទាក់ទង​នឹង​ការ​ការពារ​ការ​ដួល​សន្លប់​របស់​កម្មករ ក្នុង​រដូវ​ក្តៅ​នេះ មិន​មាន​អ្វី​ថ្មី​នោះ​ទេ ហើយ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន ឬ​រោងចក្រ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។​

​លោក​ សេងហាក់​ បាន​ថ្លែង​ថា៖ «សេចក្តី​ជូន​ដំណឹង គ្រាន់​តែ​ជា​សេចក្តី​ជូន​ដំណឹង ប៉ុន្តែ​បើ​ក្រសួង​មិន​ចុះ​ធ្វើ​អធិការកិច្ច​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រឹត​បន្តឹង​ឲ្យ​បាន​ម៉ឺងម៉ាត់​ទេ នោះ​ការ​អនុវត្ត​របស់​រោងចក្រ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ»។​

​លោក​បាន​បន្ត​ទៀត​ថាក្រសួង​តែង​តែ​ជូន​ដំណឹង​ឲ្យ​ធ្វើ​នេះឬ​ធ្វើ​នោះ​ដើម្បី​កុំ​ឲ្យ​កម្មករ​មាន​បញ្ហា​ទាក់ទង​នឹង​សុខភាព​របស់​ពួក​គេ ប៉ុន្តែ​ជាក់​ស្តែង​កម្មករ​នៅ​តែ​ដួល​សន្លប់​ជា​រឿយៗ​ដដែល។​

​លោក​ សេងហាក់ បាន​បន្ថែម​ថា ក្រសួង​ការងារ​ ប្រៀប​ដូច​ជា​ឪពុក​ម្តាយ​របស់​កម្មករ​រោងចក្រ ប៉ុន្តែ​លោកយល់​​ឃើញ​ថា ក្រុម​អធិការកិច្ច​ចម្រុះ​មាន ប៉ុន្តែ​ករណី​នៃ​ការ​ដួល​សន្លប់​មក​លើ​កម្មករ​ហាក់​នៅ​តែ​ដដែលដោយសារ​ក្រសួងក៏​ដូច​ជា​ក្រុម​អធិការកិច្ច​មាន​ការ​ដាក់​ពិន័យ​តិច​តួច​ទៅ​ដល់​ក្រុមហ៊ុន​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ របស់​ក្រសួង។​

​កម្មការិនី សុធារី អាយុ​៣២​ឆ្នាំ ធ្វើការ​ក្នុង​រោងចក្រ​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា រោងចក្រ​របស់​គាត់ ក្តៅ​សឹងតែ​មិន​អាច​ទ្រាំ​បាន រហូត​កម្មករ​មួយ​ចំនួន ព្រម​ទាំង​រូប​គាត់​បាន​យួរ​កង្ហារ​មក​ពី​ផ្ទះ​មក​ដាក់​នៅ​កន្លែង​ធ្វើការ​ទៀត​ផង។​

​អ្នក​នាង​ ធារី បាន​ឲ្យ​ដឹង​ថា៖ «រោងចក្រ​កម្រ​នឹង​បាញ់​ទឹក​នៅ​ជុំវិញ ឬ​ដំបូល​ដែល​កម្មករ​ធ្វើការ​ណាស់។ ទាំង​ខ្ញុំ​ ទាំង​កម្មករ​ផ្សេង​បាន​នាំ​គ្នា​យក​កង្ហារ​តូចៗ​មក​ចូល​ក្នុង​កន្លែង​ធ្វើការ​ដើម្បី​ដាក់​នៅ​ក្បែរ​ខ្លួន បន្ថយ​ការ​ក្តៅ»។​

​កម្មការិនី​រូប​នេះ​បាន​បន្ត​ថា កម្មករ​បាន​​ស្នើ​ឲ្យ​ដាក់​កង្ហារ ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​កាត់​បន្ថយ​​កម្ដៅ​នៅ​កន្លែង​ធ្វើការ ប៉ុន្តែ​ហាក់​មិន​មាន​លទ្ធផល​នោះ​ទេ។​

​អ្នកនាង សុធារី បាន​ថ្លែង​ថា៖ «តំណាង​ឲ្យ​កម្មករខ្ញុំ​ចង់​ឲ្យ​អ្នក​គ្រប់គ្រង​រោងចក្រ យល់​ពី​ការ​លំបាក​របស់​កម្មករ​ផង ដោយ​ជួយ​បន្ថយ​កម្ដៅ​នៅ​កន្លែង​យើង​ធ្វើការ។ យើង​ខំប្រឹង​ធ្វើការ​ឲ្យ​ពួក​គេ ប៉ុន្តែ​ខាង​ថៅកែ​រោងចក្រ​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​មក​លើ​ពួក​យើង​សោះ»។​

​ក្នុង​ឆ្នាំ​២០១៦ ​កន្លង​ទៅ​នេះ កម្មករ-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​ចំនួន​ ១១៦០​នាក់ ក្នុង​រោងចក្រ​ចំនួន​ ១៨ បាន​ដួល​សន្លប់ ដោយសារ​កត្តា​ផ្សេងៗ​គ្នា​ដូច​ជា ផល​ប៉ះពាល់​គីមី ផ្នែក​រូបសាស្ត្រ ផ្នែក​ចិត្តសាស្ត្រ​សង្គម និង​កត្តា​មួយ​ចំនួន​ទៀត៕  

. .
Share and Like this post

Related Posts

Previous Article

កែវ រ៉េមី​៖ រដ្ឋាភិបាល​មាន​គុណ​សម្បត្តិ​ស្មើ​មេឃ​ក្នុង​ការ​ការពារ​សិទ្ធិ

Next Article

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ