ក្រសួង​មហាផ្ទៃ៖ សមាជ​វិសាមញ្ញ​របស់​​​សង្គ្រោះ​ជាតិ ​​ផ្ទុយពី​​លក្ខន្តិកៈ​គណបក្ស

ម៉ៃ​ ទិត្យថារ៉ា No Comments Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) ក្រសួង​មហាផ្ទៃ​ បាន​ជូន​ដំណឹង​ទៅ​គណបក្ស​​សង្គ្រោះ​ជាតិ ​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស និង​ទាមទារ​ឲ្យ​ដក​ចេញ​នូវ​ពាក្យស្លោក​ដែល​ជា​សារ​នយោបាយ «ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ»​ ចេញ​ដោយសារ​តែ​ខ្លឹមសារ​នេះ​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣។​

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ដែល​ចេញ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ផ្ញើ​ជូន​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា បើ​ផ្អែក​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃចុះ​ថ្ងៃ​ទី​១០ខែ​ឧសភាឆ្នាំ​២០១៣សមាជ​វិសាមញ្ញ​បោះឆ្នោត​ជ្រើស​តាំង​លោកកឹម សុខា ជា​ប្រធាន និង​លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជា​អនុ​ប្រធាន ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស​ដោយ​អាណត្តិ​នៅ​សល់​មាន​រយៈពេល​តិច​ជាង ​១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ​ដែល​លោក សម រង្សុី បាន​លា​លែង​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដដែល​ថា សូម​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ចេញ​នូវ​ចំណង​ជើ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​អាទិភាព​ទី​៥ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ឆ្នាំ​២០១៧។

. .

​លិខិត​ដដែល​​ថា៖«ពាក្យ​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ពិសេស​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ។ អាស្រ័យ​ហេតុ​នេះ សូម​លោក​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ជ្រាប និង​ចាត់ចែង​អនុវត្ត​តាម​ស្មារតី​ខាង​លើ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ»។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ រួច​ហើយ ដើម្បី​សុំ​ជួប​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ឬ​តំណាង​ក្រសួង​មហាផ្ទៃ ដើម្បី​ពន្យល់​អំពី​ការ​ចោទ​ប្រកាន់​ថា សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខុស​ច្បាប់។ លោក​បាន​ថ្លែង​ថា៖ «យើង​បាន​ដាក់​តំណាង​ ៥ ​ដើម្បី​ទៅ​ជួប​ពិភាក្សា​បញ្ហា​នេះ ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឬ​តំណាង​របស់​លោក»។​

​គួរ​បញ្ជាក់​ថា កន្លង​មក លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ថា នៅ​ក្នុង​កម្មវិធី​នយោបាយ​គណបក្ស​ប្រឆាំង​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោតនិង​យុទ្ធនាការ​ស្វែងរក​សំឡេង​ឆ្នោត​ឃុំ-​សង្កាត់​ខាង​មុខ​នេះ គឺ​គណបក្ស​នឹង​មិន​ប្រើ​ពាក្យ​ស្លោក​នេះ​ទៀត​ទេ។

លោក​បាន​ថ្លែង​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​គោល​នយោបាយ ៥​ចំណុច​ដែល​ចែក​ចាយ​ទៅ​ពលរដ្ឋ នឹង​មិន​មាន​ចែង​ពាក្យស្លោក​នេះ​ទេ»។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​លើក​ឡើង​ថា ទាក់ទង​ទៅ​នឹង​លិខិត​របស់​ក្រសួង​មហាផ្ទៃ លោក​យល់​ថា ​មិន​មាន​អី​ធ្ងន់ធ្ងរ​នោះ​ទេ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិដោយ​គ្រាន់​តែ​មាន​ការ​ពន្យល់​បន្ថែម​ទៅ​លើ​ភាព​ចាំបាច់​របស់​គណបក្ស និង​ប្រកាស​ឈប់​ប្រើ​ពាក្យស្លោក​ដ៏​ចម្រូងចម្រាស ដូរ​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ ចេញ​ទៅ ចប់​រឿង​ហើយ។

. .

លោក​ថា៖ «នេះ​ហើយ​ ​ជា​ផលវិបាក​ដែល​ច្បាប់​តម្រូវ​ឲ្យ​ក្រសួង​របស់​រដ្ឋាភិបាល គ្រប់គ្រង​លើ​​បក្ស​នយោបាយ​ជាពិសេស បក្ស​ដែល​ជា​គូ​ប្រជែង​ដ៏​មាន​សក្ដានុពល ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ នេះ»។

​លោក សម សុគន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​មាន​ប្រសាសន៍​ថា ចំពោះ​រូប​លោក​បាន​យល់​ឃើញ​ថា ​ពុំ​មាន​អ្វី​ដែល​ខុស​ច្បាប់​នោះ​ទេ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​វិសោធនកម្ម​ផ្ទៃ​ក្នុង​របស់​គណបក្ស​រួច​ហើយ​ទើប​បាន​ធ្វើ​សមាជ​តាម​ក្រោយ។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​ ថា ​ខុស​ច្បាប់​វា​អាច​ប៉ះពាល់​គណបក្ស​សង្គ្រោះ​ជាតិ​ ផង​ដែរ»។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​លោក ហង្ស ពុទ្ធា ​ពុំ​អាច​ទំនាក់ទំនង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ខ្លួន​បាន​សម្រេច​ទទួល​ស្គាល់​បេក្ខជន របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ខែ​មិថុនា ខាង​មុខ​នេះ​រួច​ហើយ៕  

. .
Share and Like this post

Related Posts

Previous Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​

Next Article

លោក​ ហ៊ុន សែន៖ ស្ថាប័ន​មួយ​ចំនួន​ស្ថិត​ក្រោម​គណ:រដ្ឋមន្ត្រីត្រូវ​​​ទៅ​ក្នុង​ក្រសួង​ជំនាញ​វិញ