ពិធីបុណ្យ​ទន្លេ​សម្ពោធ​ជា​ផ្លូវការ​ព្រឹក​នេះ​ក្នុង​ខេត្ត​ស្ទឹងត្រែង​

ម៉ៃ គុណមករា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ ​នឹង​ត្រូវ​ធ្វើ​ប្រារព្ធ​ឡើង​ជា​ផ្លូវការ​នា​ព្រឹក​នេះ​រយៈពេល​ ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៤ ​នេះ ដល់​ថ្ងៃ​ទី​២៦នា​ខេត្ត​ស្ទឹងត្រែងក្នុង​បំណង​ដើម្បី​លើក​ស្ទួយ​វិស័យ​អេកូ​ទេសចរណ៍​ធម្មជាតិ​តាម​ដង​ទន្លេនិង​ដើម្បី​បង្វែរ​ការ​វិនិយោគ​ផ្នែក​បដិសណ្ឋារកិច្ច និង​សណ្ឋាគារ​ពី​រាជធានី​ភ្នំពេញ តំបន់​អង្គរ និង​ឆ្នេរ​មក​កាន់​បណ្តា​ខេត្ត​ភូមិភាគ​ភាគ​ឦសាន។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ថា បុណ្យ​ទន្លេ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា ដែល​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ នៃ​ខេត្ត​ជាប់​ដង​ទន្លេ​កម្ពុជា​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ។​

​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ​ជា​រៀង​រាល់​ឆ្នាំ​នា​ពេល​អនាគត នៅ​តាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​ទាំង​អស់នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថារាជ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជាពិសេស​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ រួម​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ»។

. .

​លោក គង់ សុភារៈ ប្រធាន​នាយកដ្ឋាន​ការិយាល័យ​ស្ថិតិ និង​ព័ត៌មាន នៃ​ក្រសួង​ទេសចរណ៍ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ដឹង​ថា​បុណ្យ​ទន្លេ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រសួង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៃ​បណ្តា​ខេត្ត​ភាគ​ឦសាន​​ដែល​ការ​ផ្តល់​សេវា​និង​ការ​ស្នាក់នៅ​នៅ​តំបន់​នោះ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏​សំខាន់​ដូច​ជា​ខេត្ត​សៀមរាប តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ និង​រាជធានី​ភ្នំពេញ។​

​លោក សុភារៈ បាន​ឲ្យ​ដឹង​ថា៖ «ជា​ការ​ពិត នេះ​គឺ​ជា​ឆ្នាំ​ទី​៣ ​ដែល​បុណ្យ​ទន្លេ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដែល​មិន​ត្រឹមតែ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ស្រុក​ និង​បរទេស​ទៅ​ទស្សនា​នៅ​តំបន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ចង់​បង្ហាញ​ឲ្យ​ពួក​គេ​ពី​សក្ដានុពល​សម្រាប់​ឱកាស​វិនិយោគ​នៅ​ទីនោះ​ថា។ ជា​ការ​ពិតណាស់ យើង​ទទួល​ស្គាល់​ថា​ បណ្តា​ខេត្ត​ភាគ​ឦសាន​​ជា​កន្លែង​ដែល​តំបន់​អេកូ​ទេសចរណ៍​ភាគ​ច្រើន​មិន​មាន​មុខងារ​ពេញ​លេញ​ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​ម្ហូប​អាហារ​ និង​កន្លែង​ស្នាក់​ដែល​មាន​ស្តង់ដារ​ល្អ ប៉ុន្តែ​តាមរយៈ​ការ​ប្រារព្ធ​នូវ​បុណ្យ​ទន្លេ​បែប​នេះ​ឡើង នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​បាន​ដឹង​ពី​ឱកាស​ដើម្បី​បង្កើត​ប្រាក់​ចំណេញ​ក្នុង​តំបន់​នោះ»។​

​លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា បើ​ទោះ​បី​ជា​បុណ្យ​ទន្លេ​នេះ​មិន​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដូច​ជា​ពិធីបុណ្យ​សមុទ្រ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ផ្សេង​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ឲ្យ​ឃើញ​ពី​ជីវិត​មនុស្ស ​និង​ធម្មជាតិ​ទាំង​ឡាយ​នៃ​បណ្តា​ខេត្ត​នៅ​តាម​បណ្តោយ​ទន្លេ​នេះ​ផង​ដែរ។​

​លោក​បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ ទោះ​បី​ជា​វា​មិន​មែន​ជា​ព្រឹត្តិការណ៍​ធំ​ដូច​ជា​ពិធីបុណ្យ​សមុទ្រ​ដ៏​ដោយ ប៉ុន្តែ​វា​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ដើម្បី​មាន​ឱកាស​មួយ​ផ្សេង​ទៀត​មើល​ឃើញ​ព្រឹត្តិការណ៍​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ និង​ការ​ទាក់ទាញ​វិស័យ​ទេសចរណ៍​ផង​ដែរ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​រំពឹង​ថា ក្នុង​ឱកាស​បុណ្យ​ទន្លេ លើក​ទី​៣ ឆ្នាំ​នេះ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រហែល​ ៥-​៦​ម៉ឺន​នាក់។​

. .

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ហើយ​ថា មួយ​ថ្ងៃ​ប្រហែល​ជា​ ២​ម៉ឺន​នាក់​ទេ ៣​ថ្ងៃ​ហ្នឹង បាន​ ៥​ម៉ឺន ទៅ​៦​ម៉ឺន​ទេ»។ លោក​ថា៖ «ក្រៅ​ពី​ទៅ​ទស្សនា​បុណ្យ​ទន្លេ នៅ​ខេត្ត​ស្ទឹងត្រែង នោះ ភ្ញៀវ​ទេសចរ​អាច​ឆ្លង​ទៅ​ទស្សនា​កម្សាន្ត​បន្ត នៅ​ប្រទេស​ឡាវ ​បាន​ទៀត​ផង មិន​ចាំបាច់​មាន​លិខិត​ឆ្លងដែន​នោះ​ឡើយ ដោយ​គ្រាន់​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់​ខ្លួន នឹង​អាច​ដើរ​កម្សាន្ត​ដោយ​សេរី»។​

​លោក​បាន​បន្ថែម​ថា៖«ដូច​អ្វី​ដែល​យើង​មើល​ឃើញ​ហើយ​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​ច្រើន​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ ដូច្នេះ​បុណ្យ​ទន្លេ​នេះ ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ ហើយ​វា​នឹង​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ផង​ដែរ​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ពេល​ដែល​មាន​មនុស្ស​កាន់​តែ​ច្រើន​ទៅ​ទស្សនាដូច្នេះ​តម្រូវការ​ម្ហូប​អាហារ ​និង​ការ​ស្នាក់​នឹង​មាន​នៅ​ទីនោះ»។

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា បុណ្យ​ទន្លេ​លើក​ដំបូង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ និង​លើក​ទី​២ ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ដែល​ក្រសួង​ទេសចរណ៍ ​បាន​ចំណាយ​ទឹកប្រាក់​ប្រហែល​ជា​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​នេះ៕  

. .
Share and Like this post

Related Posts

Previous Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​

Next Article

ដំរី​ដ៏​ធំ​ងាប់​ដោយសារ​ឆក់​​ខ្សែ​អគ្គិសនី