ដាក់​ដំណើរ​សេវា​កាត​ ATM សម្រាប់​​និវត្ត​ជន​ និង​ជន​ពិការ

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖ (ខ្មែរថាមស៍)ក្រសួង​សង្គមកិច្ចអតីត​យុទ្ធជននិង​យុវនីតិសម្បទាបាន​ប្រកាស​ដាក់​ដំណើរ​សេវា​ប្រើប្រាស់​កាត​អេធីអឹម (ATM) របស់​ធនាគារ​ចំនួន​២ សម្រាប់​បើក​ប្រាក់​សោធន​និវត្ត​ប្រចាំ​ខែ​ដល់​មន្ត្រី​និវត្តជននិង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ (អតីត​មន្ត្រី​រាជការ​ស៊ីវិល) និង​អតីត​យុទ្ធជន​នៅ​គ្រប់​រាជធានី​ខេត្ត ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៧​ នេះ​តទៅ។​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​ចេញ​សេចក្តី​ជូន​ដំណឹង កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ចាប់​ពី​ខែ​មេសា​ នេះ​ទៅ ​ក្រសួង​ នឹង​បើកប្រាក់​សោធន​ប្រចាំ​ខែ តាម​ប្រព័ន្ធ​ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ទៅ​ដល់​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​អតីត​យុទ្ធជន​នៅ​គ្រប់​រាជធានី-​ខេត្ត ដោយ​ពុំ​មាន​ការ​បង់ថ្លៃ​សេវា​នោះ​ទេ។​

​ក្រសួង​ក៏​បាន​ណែនាំ​ដល់​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​អតីត​យុទ្ធជន គ្រួសារ​ជន​ពលី ​និង​គ្រួសារ​ជន​មរណៈ ដែល​មាន​បំណង​ប្រើប្រាស់​កាត​អេធីអឹម (ATM) ទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ធនាគារ​ទាំង​ពីរ​នេះ​នៅ​គ្រប់​សាខា​ទូទាំង​ប្រទេស ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​សៀវភៅ​គ្រួសារ គណនី​ធនាគារ​កាណាឌីយ៉ា ឬ​សៀវភៅ​គណនី​ធនាគារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

. .

​ក្រសួង​បាន​បញ្ជាក់​ថា៖ «ក្នុង​ករណី​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ជនពិការ និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ ជា​អតីត​យុទ្ធជន មាន​ជំងឺ មិន​អាច​ទៅ​ស្នើសុំ​ធ្វើ​កាត​អេធីអឹម នៅ​ធនាគារ​បាន សូម​អ្នក​នៅ​ក្នុង​បន្ទុក និង​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​បើក​សោធន​ប្រចាំ​ខែ អាច​ជូន​ដំណឹង​មក​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​បេឡា​ជាតិ​អតីត​យុទ្ធជន»។​

​ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា លោកហៀកព្រីងយល់​ថាការ​បើកប្រាក់​សោធន ឬ​ប្រាក់​បៀវត្សរ៍​តាមរយៈ​ប្រព័ន្ធ​ធនាគារ​នេះ ជា​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក្ខ​ដាក់ និង​ជួយ​សម្រួល​ការ​លំបាក​ដល់​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​អតីត​យុទ្ធជន ពី​សំណាក់​រាជ​រដ្ឋាភិបាល។

លោក​ថា កន្លង​មក ធ្លាប់​មាន​អតីត​មន្ត្រី​រាជការ ជនពិការ ក៏​ដូច​ជា​អតីត​យុទ្ធជន​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ ការ​បំពេញ​សំណុំ​ឯកសារ​បើក​ប្រាក់​សោធន និង​ការបាត់​ប្រាក់​មួយ​ចំនួន​ជា​ដើម។​

​លោក​ថា៖ «បើ​មាន​[ការ​បើក​លុយ​តាម​អេធីអឹម] អុីចឹង​ទៅ​វា​ស្រួលព្រោះ​ដូច​មុនៗ​គាត់​ពិបាក​ចំណាយ​ពេល​វេលា​មក​ទទួល មក​បំពេញ​បែបបទ ហើយ​ជួន​ខ្លះ​មាន​ការ​រើសអើង ដូច​កន្លែង​បើក​ជូន​ជន​ពិការ​អី កន្លង​មក​ឮ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​មិន​ល្អ​ទេ បើ​មាន​អុីចឹង​ល្អ​វា​ជា​ការ​ប្រសើរ​ដែរ»៕​  

. .
Share and Like this post

Related Posts

Previous Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​

Next Article

ដំរី​ដ៏​ធំ​ងាប់​ដោយសារ​ឆក់​​ខ្សែ​អគ្គិសនី