រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍អំពាវនាវ​ដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះនិង​ស្ទឹងត្រែងចៀសវាង​ការ​ប្រកប​មុខរបរ​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត​រស់នៅនិង​ចូលរួម​ថែរក្សា​សត្វ​ផ្សោត​ឲ្យ​បាន​ល្អដើម្បី​ទាក់ទាញ​កំណើន​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល ចាប់​ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ នៅ​ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃ​សុក្រ ​នេះ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​២១ ខែ​មីនា​ នេះ​ថា តំបន់​ទន្លេមេគង្គ​របស់​កម្ពុជា មាន​សក្ដានុពល​អេកូ​ទេសចរណ៍​ដ៏​ល្អ ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ទៅ​កាន់​តំបន់​នោះ ជាពិសេស​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​មាន​អន្លង់​ផ្សោត និង​ទេសភាព​ធម្មជាតិ​តាម​ដង​ទន្លេ​ដ៏​ស្រស់​ស្អាត។

ករណី​នេះលោក​បាន​អំពាវនាវ​ដល់​ប្រជា​សហគមន៍​នៅ​តាម​ដង​ទន្លេមេគង្គត្រូវ​ចូលរួម​ថែរក្សា​សត្វ​ផ្សោត​ឲ្យ​បាន​ល្អដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន និង​ចៀសវាង​ទៅ​ប៉ះពាល់​សត្វ​ផ្សោត តាមរយៈ​ការ​ចូល​ទៅ​នេសាទ​ត្រី​នៅ​តំបន់​ដែល​សត្វ​ផ្សោត​រស់នៅ។

. .

​លោក​​បញ្ជាក់​ថា៖ «និយាយ​ឲ្យ​ខ្លី​ទៅ បើ​អត់​សត្វ​ផ្សោត អត់​មាន​ភ្ញៀវ​ទេសចរ​​ទេ អុីចឹង ​គឺ​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅ​ទីនោះ ខិតខំ​ថែរក្សា​សត្វ​ផ្សោត​ឲ្យ​បាន​ល្អ កុំ​ឲ្យ​គាត់​ទៅ​ប៉ះពាល់​សត្វ​ផ្សោត​ទៀត បង្ហាញ​មុខរបរ​គាត់ ឲ្យ​គាត់​មក​ធ្វើ​ការងារ​ផ្សេង ដូច​ជា ការ​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​មើល​សត្វ​ផ្សោត រៀបចំ​ផ្ទះ​សំណាក់​ឲ្យ​អ្នក​ទេសចរ​ស្នាក់នៅ រៀបចំ​ឲ្យ​អ្នក​ទេសចរ​ជិះ​កង់​តាម​កោះ ផ្គត់ផ្គង់​អ្នក​ទេសចរ​តាមរយៈ​ម្ហូប​អាហារ​និង​ផ្លែ​ឈើនិយាយ​រួម​គាត់​ទទួល​បាន​ផល​ច្រើន​ណាស់​ពី​អ្នក​ទេសចរ​តាមរយៈ​សត្វ​ផ្សោត​នេះហើយ​គាត់​មិន​ចាំបាច់​ទៅ​នេសាទ​ត្រី​នៅ​តំបន់​សត្វ​ផ្សោត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ផ្សោត​ទៀត»។​

​បើ​តាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន សត្វ​ផ្សោត​នៅ​ទន្លេមេគង្គ ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ​នេះ មាន​ប្រមាណ​ជិត​ ១០០​ក្បាល។​

​យុវជន​សកម្មជន​បរិស្ថាន លោក ជុំ ហួរ ដែល​ទើបតែ​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​នោះ​ផ្ទាល់ បាន​គាំទ្រ​ចំពោះ​ក្រសួង​ដែល​មាន​ចំណាត់ការ​គាំពារ​ដល់​សត្វ​ផ្សោត​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា អ្វី​ដែល​ជា​ការ​រាំងស្ទះ​ដល់​ចំណាត់ការ​នេះ គឺ​នៅ​តំបន់​នោះ នៅ​តែ​មាន​ការ​នេសាទ​ខុស​ច្បាប់ និង​បញ្ហា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ​របស់​ប្រទេស​ឡាវ ដែល​នៅ​ជាប់​នឹង​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទឹកទន្លេ​មាន​ភាព​ល្អក់​កករ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​សត្វ​ផ្សោត និង​ប្រជា​សហគមន៍​នៅ​តំបន់​នោះ។ 

លោក​ថា៖«ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ក្រសួង​ទេសចរណ៍សូម​មេត្តា​រក​មធ្យោបាយ​ផ្សេង​ទៀតក្រៅ​ពី​ការ​ជំរុញ​ឲ្យ​ប្រជាជន​បង្កើត​ផ្ទះសំណាក់ ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​តំបន់​ផ្សេង គឺ​គួរតែ​បង្កើត​គោល​នយោបាយ​ថ្មី ដែល​ធ្វើ​ឲ្យ​សហគមន៍​មាន​ជីវភាព​ល្អ​ប្រសើរ»។

​ការ​អំពាវនាវ​របស់​ក្រសួង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល បាន​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣ ដែល​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា​ នេះ នៅ​ខេត្ត​ស្ទឹងត្រែង ក្រោម​ប្រធាន​បទ «ទន្លេ​ផ្សាភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន»។​

. .

​លោក ថោង ខុន បាន​រំពឹង​ថា ពិធីបុណ្យ​នេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ប្រមាណ ២​ម៉ឺន​នាក់ ​ក្នុង​មួយ​ថ្ងៃ ឬ​រយៈពេល ​៣​ថ្ងៃ​នេះ​ អាច​មាន​ភ្ញៀវ​ទេសចរ​ពី​ ៥​ម៉ឺន ​ទៅ ​៦​ម៉ឺន​នាក់ ខណៈ​ដែល​ខេត្ត​នេះ​ស្ថិត​នៅ​ឆ្ងាយ និង​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​ច្រើន​នៅ​ឡើយ។​

​នៅ​ក្នុង​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ចូលរួម​អបអរ​បុណ្យ​ទន្លេ​នេះ​ដែរ លោក​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាតិ-​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​​​ចូលរួម​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន​នៅ​តាម​ដង​ទន្លេ ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ ទៅ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ដែល​អាច​ផ្តល់​ប្រាក់​ចំណូល បង្កើន​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​៕  

. .
Share and Like this post

Related Posts

Previous Article

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​

Next Article

លោក​ ហ៊ុន សែន៖ ស្ថាប័ន​មួយ​ចំនួន​ស្ថិត​ក្រោម​គណ:រដ្ឋមន្ត្រីត្រូវ​​​ទៅ​ក្នុង​ក្រសួង​ជំនាញ​វិញ