ភ្នំពេញ៖ (ខ្មែរថាមស៍)ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលផ្នែកផ្សេងៗកុំច្រណែននឹងគ្រូបង្រៀននិងគ្រូពេទ្យដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងខណៈដែលគ្រូបង្រៀនជាថ្នាលបណ្តុះបណ្តាលដល់ធនធានមនុស្ស។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងថាយោងតាមកម្រិតប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ស្របពេលដែលរាជរដ្ឋាភិបាល នឹងដំឡើងជាលើកទី២ ក្នុងឆ្នាំ២០១៧ នេះ ឃើញថា ប្រាក់បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យ មានកម្រិតខ្ពស់ជាងប្រាក់បៀវត្សរ៍កងកម្លាំងប្រដាប់អាវុធ ដែលករណីនេះ លោកអំពាវនាវកុំឲ្យមានការច្រណែន ព្រោះតែគ្រូបង្រៀន គឺជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស។
លោកថា៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវឲ្យខាង[កងកម្លាំង]ប្រដាប់អាវុធ ឬក៏ផ្នែកដទៃទៀត កុំច្រណែនជាមួយគ្រូបង្រៀន ព្រោះគ្រូបង្រៀន និងគ្រូពេទ្យប្រាក់ខែខ្ពស់ជាងគេ ក៏ប៉ុន្តែខ្ញុំគិតថា កងកម្លាំងប្រដាប់អាវុធ ជាកងទ័ពក្តី ជានគរបាលក្តី និងមន្ត្រីរាជការក្តី មិនច្រណែនជាមួយគ្រូបង្រៀន និងគ្រូពេទ្យទេ ដោយសារតែកូនរបស់គាត់ ចៅរបស់គាត់ ក៏ត្រូវការគ្រូបង្រៀនកូន និងចៅរបស់គាត់ ក៏ត្រូវការគ្រូពេទ្យដែរ»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់បៀវត្សរ៍ទាបបំផុតសម្រាប់មន្ត្រីរាជការស៊ីវិល កាលពីឆ្នាំ២០១៦ ទទួលបាន ៧០០,៥០០រៀល នៅដើមឆ្នាំ២០១៧ ត្រូវបានដំឡើងដល់ ៧៥៣,៥០០រៀល ហើយនៅដើមខែមេសា ខាងមុខនេះ នឹងទទួលបាន ៨៥៣,៥០០រៀល ខណៈប្រាក់បៀវត្សរ៍សម្រាប់កម្លាំងនគរបាលជាតិ ទទួលបាន ៩៣៧,៩៧៧រៀល ដោយរាប់បញ្ចូលរបបអង្ករ និងប្រាក់បៀវត្សរ៍កងទ័ព ទទួលបាន ៨៨០.៩៧៧រៀល ដោយមិនគិតរបបអង្ករ។ ដោយឡែក សម្រាប់គ្រូបង្រៀន និងគ្រូពេទ្យ កាលពីឆ្នាំ២០១៦ ទទួលបាន ៨០០,៥០០រៀល នៅដើមឆ្នាំ២០១៧ ទទួលបាន ៨៥០,៣៥០រៀល ហើយនៅខែមេសា នឹងឡើងដល់ ៩៥៣,៥០០រៀល ដោយមិនទាន់គិតប្រាក់តំបន់ដែលមានចាប់ពី ៨ម៉ឺនរៀល ទៅ១២ម៉ឺនរៀលនៅឡើយ។
ស្របពេលគ្នានេះដែរ កាលពីថ្ងៃអង្គារ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានពិនិត្យទៅលើរបៀបវារៈនៃសម័យប្រជុំលើកទី៨ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។
ការស្នើធ្វើវិសោធនកម្មច្បាប់នេះឡើងវិញត្រូវបានអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធភាពលើការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ ឲ្យដូចទៅនឹងមន្ត្រីរាជការក្នុងជួររាជរដ្ឋាភិបាលដែរ។
លោកបន្តថា៖«ខាងអង្គការនីតិប្បញ្ញត្តិក៏មានមន្ត្រីរាជការរបស់រដ្ឋដែរដោយសារយើងជាអង្គការមួយមានអំណាចដាច់ពីអំណាចអង្គការនីតិប្រតិបត្តិ អុីចឹងហើយយើងត្រូវមើលដែរ សភា ទាំងពីរ និងក្រុមប្រឹក្សាធម្មនុញ្ញដែលមានមន្ត្រីរាជការរបស់ខ្លួន ត្រូវមើលឡើងវិញដែរថាតើមន្ត្រីរបស់យើងត្រូវធ្វើឲ្យបានដូចគ្នាជាមួយនឹងមន្ត្រីរាជការក្នុងផ្នែកនីតិប្រតិបត្តិដែរអុីចឹងត្រូវរុញបានដូចគ្នា ដើម្បីឲ្យគាត់ទទួលបានផលពីគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្ត្រី»។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោកហៀកព្រីងបានលើកឡើងថា នេះជារឿងល្អដែលរាជរដ្ឋាភិបាលបានគិតគូរដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធស្របពេលគ្នា បើទោះជាប្រាក់បៀវត្សរ៍មានគម្លាតពីគ្នាខ្លះក៏ដោយ។
តែយ៉ាងណា លោកថា៖ «ក្នុងនាមរាជរដ្ឋាភិបាល គួរជួយយកចិត្តទុកដាក់ឲ្យការដំឡើងប្រាក់ខែមន្ត្រីរាជការឲ្យប្រហាក់ប្រហែលគ្នា កុំឲ្យមានគម្លាតពីគ្នា ព្រោះក្នុងនាមជាមន្ត្រីរាជការដូចគ្នា ហើយការបំពេញការងារដូចគ្នា ផ្តល់សេវាសាធារណៈដូចគ្នា អុីចឹងបើគាត់មានលទ្ធភាពជួយរុញឲ្យប្រាក់បៀវត្សរ៍បានប្រហាក់ប្រហែលគ្នា គឺជាការល្អ ប៉ុន្តែបើគាត់សំណូមពរអុីចឹងហើយធ្វើម៉េចនេះជាអាទិភាពរបស់រាជរដ្ឋាភិបាល តែអ្វីក៏ដោយបើសិនជាគាត់បានគិតគូរកូនចៅស្មើៗគ្នានោះជាការល្អ»។
ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅដើមខែមេសាខាងមុខនេះរាជរដ្ឋាភិបាលធ្លាប់បានប្រកាសកាលពីចុងខែកុម្ភៈ ពីការទម្លាក់ថវិកាជាតិប្រមាណ ៣០ពាន់លានរៀលស្មើប្រមាណ៧លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ផងដែរ៕