ស្លាប់​ម្នាក់់​ និង​៧​នាក់​​​របួស​ដោយសារ​ផ្ទុះ​ឡ​ចំហាយ​កម្តៅ​ទឹក​រោងចក្រ

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) យ៉ាង​ហោច​ណាស់ មាន​កម្មការិនី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ និង ៧​នាក់​ទៀត​រង​របួស​ធ្ងន់​ និង​ស្រាល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យក្នុង​ហេតុការណ៍​ឡ​ចំហាយ​កម្តៅ​ទឹក​សម្រាប់​អ៊ុតខោអាវ​ដ៏​ធំ​មួយផ្ទុះ​ហោះ​ចម្ងាយ​ជិត ១០០​ម៉ែត្របាន​សង្កត់​លើ​ក្រុម​កម្មការិនី​ដែល​កំពុង​ទទួលទាន​បាយ​ថ្ងៃ​ត្រង់នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សិន​តៃ​ហ្គាមេនស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

​អធិការ​នគរបាល​ខណ្ឌ​សែនសុខ លោក ម៉ក់ ហុង បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​ឡ​ចំហាយ​កម្តៅ​ទឹក​ក្នុង​រោងចក្រ​សិន​តៃ​ហ្គាមេន​នេះ បាន​កើង​ឡើង​នៅ​ម៉ោង​ប្រមាណ ១១​និង​៤៥​នាទី ថ្ងៃ​ម្សិលមិញ បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លាប់ និង ​៧​នាក់​ទៀត​រង​របួស ប៉ុន្តែ​លោក​ពុំ​បាន​ដឹង​ថា ​មូលហេតុ​បច្ចេកទេស​ដែល​បណ្តាល​ឡ​ចំហាយ​កម្តៅ​ទឹក​សម្រាប់​អ៊ុតខោអាវ​នេះ​ផ្ទុះ​ឡើង​ឡើយ។

លោក​ថា៖ «យើង​គ្រាន់​តែ​ដឹង​ព្រឹត្តិការណ៍​ដែល​កើត​ហ្នឹងគឺ​មាន​អ្នក​បច្ចេកទេស​ម្នាក់​កាន់​រឿង​ឡ​ចំហាយ​ហ្នឹងតែ​មិន​ដឹង​ហេតុផល​ម៉េច​បាន​វា​ផ្ទុះ មិន​ដឹង​ថា​ វា​សឹក​ធុង​ហ្នឹង ឬ​ក៏​វា​មិន​ប្រក្រតី​ម៉េច អាហ្នឹង​ទាល់​តែ​ខាង​បច្ចេកទេស​បាន​ដឹង»។​

. .

​កម្មការិនី​ដែល​រងគ្រោះ​ដល់​អាយុ​ជីវិត​នោះ ឈ្មោះ គល់ សាម៉ន អាយុ ៤៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បណ្តាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរនិង​ធ្លាយ​ចេញ​ពោះវៀន​មក​ខាង​ក្រៅ​ស្លាប់​យ៉ាង​អាណោចអាធម្មខណៈ​ដែល​កម្មការិនី ​៧​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ​និង​ស្រាល។​

កម្មការិនី ឃី ស្រី​ម៉ៅ អាយុ​២៣​ឆ្នាំ មាន​ផ្ទៃពោះ​ ៤​ខែ ដែល​រង​របួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដោយសារ​ត្រូវ​ឡ​ឧស្ម័ន​ផ្ទុះ​ហោះ​មក​ត្រូវ បាន​រៀប​រាប់​ថា មុន​ពេល​កើត​ហេតុរូប​នាងនិង​កម្មការិនី​មួយ​ចំនួន​ទៀត បាន​អង្គុយ​ទទួលទាន​បាយ​ថ្ងៃ​ត្រង់​នៅ​ក្នុង​រោងចក្រស្រាប់​តែ​ពេល​នោះឮ​សូរ​សំឡេង​ផ្ទុះ​ឡើងហើយ​ក៏​ឃើញ​ធុង​ឡ​ចំហាយ​កម្តៅ​ទឹក​ក៏​ហោះ​ប៉ះ​សង្កត់​លើ​ពួក​គាត់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ជា​ច្រើន​នាក់។

​កម្មការិនី​រូប​នោះបាន​បញ្ជាក់​ថា៖ «ខ្ញុំ​ហូប​បាយ​រួច​ហើយ តែ​ខ្ញុំ​អង្គុយ​លេង ដល់​ពេល​ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​ផ្ទុះ ឮ​សូរ​ផ្ទុះ​ហ្គាស៍​ហ្នឹង​ខ្ញុំ​ក៏​រត់​ចេញ ពេល​ហ្នឹង​ខ្ញុំ​ឃើញ​កំប៉ុង​ហ្គាស៍​ហ្នឹង​វា​ធំ​ហោះ​មកខ្ញុំ​ក៏​រត់​គេច តែ​រត់​គេច​អត់​ទាន់ ដល់​អ៊ីចឹង​វា​សង្កត់​ពី​លើ តែ​គ្នា​ខ្ញុំ​ពីរ​បី​នាក់​ទៀត​គេ​រត់​រួចតែ​ពេល​ហ្នឹង​មាន​ម្នាក់​គាត់​រត់​ចេញដល់​ហើយ​រត់​អត់​រួច ក៏​បាន​ត្រូវ​អ៊ីចឹង​ទៅ​[សង្កត់​ស្លាប់] មុន​ដំបូង​បុក​គេ​ទេ​ ហើយ​ក៏​ឡង​ត្រូវ​ខ្ញុំ។ កូន​ខ្ញុំ​ក្នុង​ពោះ​អត់​អី​ទេ តែ​ខ្ញុំ​បាក់​ជើង បែក​ក្បាល ខ្នង​រាង​ក្តៅ​ដោយសារ​រលាក​ឡ​ឧស្ម័ន​ហ្នឹង»។​

​កម្មការិនី​ម្នាក់​ទៀត​ដែល​រង​របួស​ស្រាល អ្នកនាង អ៊ុំ សុភាពអាយុ​៣១​ឆ្នាំបាន​ឲ្យ​ដឹង​ដែរ​ថា៖ «ពេល​ញ៉ាំ​បាយ​ហើយ នាំ​គ្នា​អង្គុយ​សម្រាក ឮ​សូរ​សំឡេង​ផ្ទុះ​បែក​ខ្ចាយ​រាយ​ប៉ាយ ដល់​អ៊ីចឹង​នាំ​គ្នា​ងាក​មើល ដល់​ហើយ​ឡ​ហ្នឹង​ក៏​ហោះ​មក ពួក​ខ្ញុំ​នាំ​គ្នា​រត់​រៀង​ខ្លួន​ផុត​ខ្លះ តែ​បង​ម្នាក់​ទៀត​គាត់​រត់​ត្រឡប់​ក្រោយ​វិញ អ៊ីចឹង​គាត់​ស្លាប់ ឡ​ហ្នឹង​សង្កត់​ស្លាប់»។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក សេង សក្កដា និង​ភាគី​រោងចក្រ​សិន​តៃ​ហ្គាមេន (Zhen Tai Garment) មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។​

. .

ទៅជា​យ៉ាង​ណា​ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​សម្ដែង​ការ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ និង​ជន​រង​គ្រោះ ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឡ​ដុត​អុស​យក​ចំហាយ​នៅ​រោងចក្រ​សិន​តៃ​ហ្គាមេន ​នេះ។ សព​ជន​រង​គ្រោះ ដែល​បាន​ស្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត ខណៈ​កម្មការិនី​រង​របួស​ធ្ងន់​ម្នាក់ និង​ស្រាល ​៦​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា៖ «ក្រសួង​ នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​បងប្អូន​កម្មករ កម្មការិនី និង​ក្រុម​គ្រួសារ​ទៅ​តាម​គោល​​របប​សន្តិសុខ​សង្គម​ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម»។​

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ហេតុការណ៍​ផ្ទុះ​ឡ​នេះ​ជា​ស្ថានភាព​ថ្មី​មួយ ក្រៅ​ពី​ករណី​បាក់​អាគារ បរិស្ថាន​មិន​ល្អ​ក្នុង​រោងចក្រ​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់ និង​ករណី​ភាយ​សារធាតុ​គីមី​នៅ​កន្លែង​បោកគក់​ក្នុង​រោងចក្រ​ជា​ដើម ដែល​ករណី​នេះ​បង្ហាញ​ថា នៅ​តាម​រោងចក្រ​មួយ​ចំនួន នៅ​ពុំ​ទាន់​រៀបចំ​ប្រព័ន្ធ​សុខភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​បាន​ល្អ​នៅ​ឡើយ។ 

លោក​ថា៖ «យើង​ឃើញ​ថា នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន មក​ដល់​ពេល​ហ្នឹង មិន​ទាន់​បាន​រៀបចំ​ប្រព័ន្ធ​សុខភាព​សុវត្ថិភាព បាន​ល្អ​ទេ។ ការ​​រៀបចំ​មិន​ទាន់​បាន​ល្អ​ហ្នឹង មាន​ដូច​ជា​អាគារ​មិន​ទាន់​បាន​ល្អ កន្លែង​ហប់ ម៉ាស៊ីន ឬ​កន្លែង​បោកគក់​នៅ​មាន​បញ្ហា​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​បច្ច័យ​អាក្រក់​ធ្វើ​ឲ្យ​ផ្ទុះ​ដល់​ស្លាប់​មនុស្ស​អ៊ីចឹង។ អាហ្នឹង​គឺ​ដោយសារ​តែ​កម្សោយ​ទាំង​សមត្ថភាព និង​បច្ចេកទេស​ខ្លះ ដូច​រឿង​ពិនិត្យ​លើ​គុណភាព​ម៉ាស៊ីន​អីហ្នឹង គឺ​នៅ​ខ្សោយ​មែន​ទែន»។​

​លោក​​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការងារ ក្រសួង​រ៉ែ​ និង​ថាមពល និង​ក្រសួង​ឧស្សាហកម្ម គួរតែ​ចុះ​ទៅ​ពិនិត្យ​តាម​រោងចក្រ​សហគ្រាស​ទៅ​លើ​ឧបករណ៍​ប្រើប្រាស់ បរិស្ថាន​ក្នុង​រោងចក្រ និង​បញ្ហា​បច្ចេកទេស​ផ្សេងៗ​ទៀត ហើយ​និង​មាន​វិធានការ​ទប់ស្កាត់ ដើម្បី​ចៀសវាង​ហេតុការណ៍​អាក្រក់​កើត​មាន​លើ​កម្មករ​ជា​ថ្មី​ទៀត៕  

. .
. .
Share and Like this post

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ

Next Article

រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42