ក្រសួង​ជំរុញ​​ប្រមូល​អ្នក​បោះ​បង់​ការ​សិក្សា​​​​អប់រំ​ឡើង​វិញ

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាលបាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំយុវជននិង​កីឡាបន្ត​ខិតខំ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សាកុមារ​លើស​អាយុកុមារ​និង​យុវជន​បោះបង់​ការ​សិក្សាឲ្យ​មក​ទទួល​សេវា​អប់រំឬ​ការ​បណ្តុះបណ្តាល​ជំនាញប្រកប​ដោយ​សមធម៌និង​គ្មាន​ការ​រើសអើងខណៈ​ដែល​អត្រា​បោះបង់​ចោល​ការ​សិក្សា​នៅ​កម្រិត​បឋមភូមិ​មាន​ការ​ថយ​ចុះប៉ុន្តែ​នៅ​កម្រិត​វិទ្យាល័យ​នៅ​តែ​មាន​អត្រា​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់។​

​ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជននិង​កីឡាឆ្នាំ​សិក្សា​២០១៥-​២០១៦ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦-​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ។​

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-​ព្រឹទ្ធសភានិង​អធិការកិច្ច ​លោកស្រី ម៉ែន សំអន បាន​ថ្លែង​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំនិង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​អប់រំ យុវជននិង​កីឡានិង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​ចូលរួម​អនុវត្ត​កំណែ​ទម្រង់និង​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជាព្រម​ទាំង​បាន​ធានា​ឲ្យ​ការ​អប់រំ​មាន​គុណភាពសមធម៌បរិយាប័ន្ន និង​លើក​កម្ពស់​ឱកាស​ពេញ​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា។

. .

​យ៉ាង​ណា ដើម្បី​ធានា​ឲ្យ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ បរិយាប័ន្ន និង​ធានា​ឲ្យ​មាន​ការ​សិក្សា​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា លោកស្រី​បាន​ជំរុញ​ឲ្យ​ក្រសួង គួរ​បន្ត​ខិតខំ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សា កុមារ​លើស​អាយុ​សិក្សាកុមារ​និង​យុវជន​បោះបង់​ការសិក្សានិង​នៅ​ក្រៅ​សាលារៀន មក​ទទួល​សេវា​អប់រំឬ​ការ​បណ្តុះបណ្តាល​ជំនាញ​ខ្លីៗ​ប្រកប​ដោយ​សមធម៌និង​គ្មាន​ការ​រើសអើង។លោកស្រី​ថា៖ «ក្នុង​បរិបទ​នេះ ការ​អប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ ប្រព័ន្ធ ជា​ការ​ងារ​ដ៏​សំខាន់ និង​ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។

​ជា​មួយ​គ្នា​នេះ​ដែរ លោកស្រី ម៉ែន សំអន ក៏​បាន​លើក​ឡើង​នៅ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​មួយ​ចំនួន​របស់​ក្រសួង​អប់រំ សម្រាប់​បន្ត​ដោះស្រាយ​ទៀត​ដែរ ដូច​ជា គុណភាព​អប់រំ គុណភាព​គ្រូ តុល្យភាព​រវាង​ថ្នាក់រៀន និង​ចំនួន​សិស្ស​ដែល​ចេញ​តែ​កើន​ឡើង និង​ភាព​ស៊ីសង្វាក់​គ្នា​រវាង​ការ​អប់រំ ការ​បណ្តុះបណ្តាល​ និង​ទីផ្សារ​ការងារ។​

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​សិក្សា​២០១៥-​២០១៦​ កន្លង​ទៅ​នេះ អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​នៅ​កម្រិត​បឋមសិក្សា មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់ គឺ​ធ្លាក់​ចុះ​ពី ២១​ភាគរយ មក​នៅ ១៩.២​ភាគរយ ដែល​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ។ ប៉ុន្តែ​នៅ​កម្រិត​មធ្យម​សិក្សា​វិញ អត្រា​បោះបង់​ការ​សិក្សា​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ដោយសារ​កត្តា​ជីវភាព និង​សេដ្ឋកិច្ច ដែល​បង្ខំ​ឲ្យ​សិស្ស​ភាគ​ច្រើន​សម្រេច​ចិត្ត​ឈប់​រៀន ហើយ​ទៅ​រក​ការងារ​ធ្វើ។

​លោក​ថា៖«បើ​យើង​មើល​និន្នាការ​នៅ​បឋមសិក្សាអត្រា​បោះបង់​ចោល​ការ​សិក្សា​មាន​ការ​ថយ​ចុះក៏​ប៉ុន្តែ​នៅ​កម្រិត​មធ្យម​សិក្សាជាពិសេស​កម្រិត​វិទ្យាល័យ​វិញគឺ​ភាគ​ច្រើន​ដោយសារ​តែ​សិស្ស​ហ្នឹងគាត់​អត់​ចាំ​រៀន​ចប់​ទេ គាត់​ចេញ​ទៅ​ធ្វើការ​តែ​ម្តង អាហ្នឹង​វា​ជា​ចំណុច​អវិជ្ជមាន ព្រោះ​ថា ​គាត់​មិន​បាន​រៀន​ចប់ ប៉ុន្តែ​បើ​យើង​មើល​មួយ​ជ្រុង​ទៀត គឺ​នៅ​ពេល​ដែល​បង្កើត​រោងចក្រ​ច្រើន ដូច​ជា រោងចក្រ​កាត់ដេរ រោងចក្រ​ផ្សេងៗ​ហ្នឹង គឺ​សិស្ស​ហ្នឹង​គាត់​ទៅ​ធ្វើ​ការ​តែ​ម្តង ដូច្នេះ​វា​ជា​ជម្រើស​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​គឺ​ការ​ពង្រឹង​គុណភាពដើម្បី​ពេល​គាត់​រៀន​ចប់គាត់​អាច​បន្ត​ជំនាញ​វិជ្ជាជីវៈហើយ​អាច​ធ្វើ​ការងារ​ទៅបាន​ការងារ​ល្អហើយ​បាន​ប្រាក់​ចំណូល​ខ្ពស់»។​

​បើ​តាម​លោក​ ហង់ ជួនណារ៉ុន តាមរយៈ​ការ​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​វ័យ​សិក្សា ការ​សាងសង់​អគារ​សិក្សាការ​ផ្តល់​គ្រូបង្រៀន ការ​ផ្តល់​ថវិកា​ដំណើរការ​សាលារៀនការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រជាពិសេស​សិស្ស​នារី​ជា​ដើមបាន​បង្ក​លក្ខណៈ​ឲ្យ​កុមារ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​អប់រំដែល​បច្ចុប្បន្ន​អត្រា​ពិត​នៃ​ការ​សិក្សា​របស់​កុមារ​នៅ​បឋមសិក្សា​សាធារណៈ និង​ឯកជន មាន ៩៧.៧​ភាគរយ ស្ថិត​ក្នុង​ស្តង់ដារ និង​ក្នុង​កម្រិត​ប្រហាក់ប្រហែល​ប្រទេស​ក្នុង​តំបន់។​

. .

​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥-​២០១៦​របស់​ក្រសួង​អប់រំយុវជននិង​កីឡាបាន​ឲ្យ​ដឹង​ថាសិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា​សាធារណៈ និង​ឯកជន ពី​មត្តេយ្យ​សិក្សា​ដល់​មធ្យម​សិក្សា​មាន​ចំនួន ៣២៤៥៩៤៧​នាក់ ក្នុង​នោះ​មាន​ស្រី ១៥៩៨៨០៦​នាក់ ដែល​បាន​និង​កំពុង​សិក្សា​នៅ​សាលា​មត្តេយ្យ​សិក្សា និង​សាលា​រៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​សរុប ១៣៨៧៦ ក្នុង​នោះ​មាន​សាលា​មត្តេយ្យ​សិក្សា ៤៤០៧ សាលា​បឋមសិក្សា ៧៤៦១ អនុវិទ្យាល័យ ១៣០០ និង​វិទ្យាល័យ ៦០៨៕  

. .
Share and Like this post

Related Posts

Previous Article

ដំរី​ដ៏​ធំ​ងាប់​ដោយសារ​ឆក់​​ខ្សែ​អគ្គិសនី

Next Article

កម្មករ​ជាង ៥០​នាក់នៅ​រោងចក្រ​កាត់ដេរ ​ធៀន ស៊ុង បន្ត​ដួល​សន្លប់​ជា​លើក​ទី​៣