រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42

Khmer Times No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)​អ្នក​ជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​និង​ឧស្សាហកម្ម​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បញ្ចប់​នៃ​គម្រោង​អគារ​ខុនដូ Gold Tower 42 របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​បាន​លើក​ឡើង​ថា ​អគារ​នេះ​ហាក់​ដូច​ជា​មិន​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ដែល​វា​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​ស្រប​ពេល​ដែល​មន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​ដោះស្រាយ​ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​នេះ។​

​គម្រោង​នេះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០០៨ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​៦​ដង​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​រហូត​មក​ដល់​បច្ចុប្បន្ន។​

​បើ​ទោះ​ជា​មាន​ការ​ពន្យារ​ពេល​យ៉ាង​ណា​ក៏​ដោយ ការ​សាងសង់​នៃ​អគារ​នេះ​បាន​ឈាន​ដល់​ចំនួន ៣២​ជាន់។ ជម្លោះ​រវាង​ក្រុមហ៊ុន​កូរ៉េ​ទាំង​ពីរ បាន​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​ជាមួយ​នឹង​អាជ្ញាកណ្ដាល​ក្នុង​ឆ្នាំ​២០១២។ ក្រុមហ៊ុន Hanil ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​នូវ​ទឹក​ប្រាក់​ចំនួន ៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ផ្តល់​ជា​សំណង​ទៅ​ឲ្យ​ក្រុមហ៊ុន Yon Woo ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​របស់​ប្រទេស​កូរ៉េ។​

. .

​លោក គីម ហ៊ាង ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ថា ការ​សាងសង់​អគារ​មួយ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​ទីនេះ​ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត។​

​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា៖«វា​បង្ក​ជា​ផល​ប៉ះពាល់​ទាំង​យ៉ាង​ខ្លាំង​ដល់​មុខ​មាត់​នៃ​ឧស្សាហកម្ម​នេះ​ដែល​មើល​ទៅ​ដូច​ជា​យើង​កំពុង​តែ​ហាល​សារុង​នៅ​ពាក់​កណ្តាល ​នៃ​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ ដោយសារ​តែ​អាគារ​មួយ​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ចំណុច​កណ្ដាល​ក្រុង​ដែល​ជា​ទីតាំង​ដ៏​ពេញនិយម​ត្រង់​កែង​មហាវិថី​ព្រះមុនីវង្ស​ និង​មហាវិថី​ព្រះសីហនុ»។​

​លោក​​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ​រាជរដ្ឋាភិបាល​មិន​គួរ​អនុញ្ញាត​ឲ្យ​ពួក​គេ​ពន្យារ​ពេល​ការ​សាងសង់​យ៉ាង​ដូច្នេះ​ទៀត​ទេ។ ប្រសិន​បើ​ពួក​គេ​បន្ត​ការ​សាងសង់​របស់​ខ្លួន​នា​ពេល​ឥឡូវ​នេះ​វា​នឹង​មាន​ផល​ល្អ​សម្រាប់​ពួក​គេ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ហើយ​ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ពួក​គេ​នៅ​តែ​បន្ត​ការ​ពន្យារ​ពេល​យ៉ាង​ដូច​នេះ វា​នឹង​ប៉ះពាល់​ដល់​អ្នក​ដទៃ​ផ្សេងៗ​ទៀត»។

​ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Key Real Estate លោក សន សៀប ក៏​លើក​ឡើង​អំពី​ការ​ព្រួយ​បន្តិចបន្តួច​ផង​ដែរ​ទាក់ទង​នឹង​សំណង់​មួយ​នេះ ខណៈ​ដែល​វា​បាន​ផ្តល់​នូវ​រូបភាព​អាក្រក់​មួយ​សម្រាប់​ឧស្សាហកម្ម​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ចាប់​តាំង​ពី​ការ​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០៨ និង​បាន​ពន្យារ​ពេល​ក្នុង​ឆ្នាំ​២០០៩ នេះ។​ 

​លោកបាន​បន្ត​​ថា៖ «ជា​ការ​ពិត​ណាស់ យើង​មិន​ដឹង​អំពី​កិច្ច​ការងារ​ផ្ទៃ​ក្នុង​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​គិត​ថា​ ពួក​គេ​មិន​អាច​បន្ត​អនុវត្ត​លើ​គម្រោង​នេះ​បាន ពួក​គេ​គួរតែ​លក់​ទៅ​ឲ្យ​អ្នក​វិនិយោគ​ដទៃ​ទៀត។ ខ្ញុំ​មិន​គិត​ថា​ ការ​បញ្ចប់​នៃ​ការ​សាងសង់​អាគារ​មួយ​នេះ​លំបាក​ក្នុង​ការ​លក់​នោះ​ទេដោយសារ​តែ​វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ពេញនិយម​ដ៏​សំខាន់​នៃ​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ ហើយ​ប្រសិន​បើ​គម្រោង​នេះ​បញ្ចប់​ដោយ​ជោគជ័យពួក​គេ​អាច​បើក​ដំណើរការ​ជាមួយ​នឹង​គោល​បំណង​ជា​ច្រើន​ដែល​មិន​មែន​គ្រាន់​តែ​អគារ​ខុនដូ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​បើក​ដំណើរការ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ផង​ដែរ»។​

. .

​លោក ហឺម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ នៃ​ក្រុមហ៊ុន VTrust Appraisal បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​អគារ​នេះ​គួរតែ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​វិញ​ជា​យូរ​ណាស់​មក​ហើយ ជាពិសេស​ក្នុង​អំឡុង​ពេល​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​នា​ពេល​ថ្មីៗ​នេះ។​

​លោក សីហា បាន​ឲ្យ​ដឹង​ថា៖ «អាគារ​ដែល​មិន​ទាន់​បញ្ចប់​ការ​កសាង​ស្ថិត​នៅ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​មិន​មែន​ជា​សញ្ញា​ដ៏​ល្អ​សម្រាប់​វិស័យ​ឧស្សាហកម្ម​នោះ​ទេ ជាពិសេស​ក្នុង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។ ខ្ញុំ​គិត​ថា ​រាជរដ្ឋាភិបាល​គួរតែ​ជំរុញ​ការ​សាងសង់​អាគារ​មួយ​នេះ។​
​លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​អង្គារ​ ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន Yon Woo បាន​ដាក់​លិខិត​ជា​ផ្លូវការ​មួយ​ទៅ​ក្រសួង​កាល​ពី​ពេល​ថ្មីៗ​នេះ។ ទោះ​ជា​យ៉ាង​ណា ក្រសួង​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ណាមួយ​លើ​បញ្ហា​នេះ​នោះ​ទេ។​

​លោក​បាន​ឲ្យ​ដឹង​ថា៖«យើង​ទើប​តែ​ទទួល​បាន​លិខិត​មួយ​ពី​ពួក​គេហើយ​ពួក​គេ​បាន​ដាក់​លិខិត​ឲ្យ​ពួក​យើង​សម្រាប់​ការ​បន្ត​ការ​សាងសង់​នេះ​ ៦​ដង​រួច​មក​ហើយ។ សម្រាប់​ខ្ញុំ ខាង​បច្ចេកទេស​ គឺ​កំពុង​សិក្សា​អំពី​លទ្ធភាព​របស់​ពួក​គេ​នៅ​លើ​ការ​រៀបចំ​កញ្ចប់​ហិរញ្ញវត្ថុ​លើ​គម្រោង​នេះ​ដោយសារ​តែ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​ប្រកាស​ដល់​សាធារណជន​ថា ពួក​គេ​បន្ត​នោះ​ទេដូច្នេះ​ប្រជាជន​របស់​យើង​នឹង​ចូល​ទៅ​ទិញ​ហើយ​បន្ទាប់​មក​ពួក​គេ​នឹង​គេច​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ពេល​ដែល​ទទួល​បាន​លុយ។ឥឡូវ​នេះ​យើង​កំពុង​តែ​ចាត់​វិធានការ​ដើម្បី​ចៀសវាង​នូវ​បញ្ហា​មុនៗ​ដែល​បាន​កើត​ឡើង»។

​លោក​បាន​បន្ថែម​ថា៖«ពួក​គេ​មិន​អាច​ធ្វើ​នំ​អត់​ម្សៅ​ទៀត​ទេ។នៅ​ពេល​នេះយើង​មាន​ការ​តឹងរ៉ឹង​យ៉ាង​ខ្លាំង​នៅ​លើ​គម្រោង​នេះ។ ឥឡូវ​នេះ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ជាមួយ​នឹង​ពួក​គេ​ថាតើ​ពួក​គេ​មាន​កញ្ចប់​ហិរញ្ញវត្ថុ​ច្បាស់លាស់​សម្រាប់​ការ​បន្ត​ឬ​អត់។ក្នុង​ពេល​ឥឡូវ​នេះ ខ្ញុំ​មិន​អាច​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ណា​មួយ​បន្ថែម​ទៀត​លើ​គម្រោង​នេះ​បាន​ទេ»។

​យោង​តាម លោក ភឿង សុភ័ណ្ឌ ក្រសួង​នឹង​ធ្វើការ​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​ការ​សាងសង់​ ឬ​អត់​ក្នុង​រយៈពេល​មួយ​សបា្តហ៍​ខាង​មុខ​នេះ បន្ទាប់​ពី​ក្រសួង​បាន​សិក្សា​ដឹង​ថា ​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​គម្រោង​មួយ​នេះ៕  

. .
. .
Share and Like this post

Related Posts

Previous Article

លោក​ ហ៊ុន សែន៖ ស្ថាប័ន​មួយ​ចំនួន​ស្ថិត​ក្រោម​គណ:រដ្ឋមន្ត្រីត្រូវ​​​ទៅ​ក្នុង​ក្រសួង​ជំនាញ​វិញ

Next Article

ព្រះមហាក្សត្រ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​