ភ្នំពេញ៖(ខ្មែរថាមស៍)ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយសុំកុំឲ្យមានការព្រួយបារម្ភពី ការគាបសង្កត់ ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយ ពីព្រោះការបោះឆ្នោតទូទៅជាសកលដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
យោងតាមព្រះរាជសារព្រះមហាក្សត្រផ្ញើជូនជនរួមជាតិឡាយព្រះហស្តលេខាកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលទើបបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែមីនា នេះបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
ព្រះរាជសារដដែលថា៖ «ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៧គឺជាការបោះឆ្នោតជាទូទៅជាសកលដោយសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចនេះសុំកុំមាន ការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ»។
ព្រះរាជសារបានបន្ថែមទៀតថា៖ «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោត ទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់គណបក្សនយោបាយណាមួយ»។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប. បានជូនដំណឹងថា គណបក្សនយោបាយ មានសិទ្ធិឃោសនាបោះឆ្នោត ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ ចំពោះថ្ងៃឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នឹងធ្វើឡើងរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ នៅថ្ងៃទី៣ ខែមិថុនា ជាថ្ងៃស។ រីឯថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺក្រោយថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត១ថ្ងៃ។
ក្នុងដំណើរការរចុះឈ្មោះអ្នកបោះឆ្នោត និងដំណើរការៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គ.ជ.ប. ត្រូវចំណាយថវិកាប្រមាណ ៥៣លានដុល្លារ។ ថវិកាទាំងអស់នេះ បានមកពីថវិការបស់ជាតិ ជំនួយមកពីសហគមន៍អឺរ៉ុប ជំនួយមកពីប្រទេសជប៉ុន និងជំនួយមកពីប្រទេសចិន។
លោកបណ្ឌិតមាសនីអ្នកវិភាគនិងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមបានថ្លែងថានេះជាព្រះរាជតួនាទីដ៏ត្រឹមត្រូវរបស់ព្រះមហាក្សត្រហើយបើមើលនៅក្នុងរដ្ឋធម្មនុញ្ញក៏បានចែងថា ព្រះមហាក្សត្រមានតួនាទីមួយដឹកនាំប្រទេសទៅរកការបោះឆ្នោតមួយដោយត្រឹមត្រូវដោយសេរី និងយុត្តិធម៌។
លោកថា៖«ខ្ញុំមានការភ្ញាក់ផ្អើលដែរដែលព្រះអង្គមិនសូវភ្ជាប់ជាមួយនយោបាយទេហើយនេះគឺជាលើកទី១ ដែលព្រះអង្គបានអំពាវនាវបែបនេះ ហើយការអំពាវនាវបែបនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាព្រះអង្គបានទៅគង់ប្រថាប់នៅប្រទេសចិន ដើម្បីគេចមិនចុះហត្ថលេខាលើច្បាប់ស្ដីពីគណបក្សនយោបាយ»។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មានគណបក្សនយោបាយចំនួន១២ ដែលបានដាក់បេក្ខជនចូលរួមប្រកួតប្រជែងប្រមាណជាង ៩ពាន់នាក់។ ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ឆ្នាំ២០០៧ ឆ្នាំ២០១២ និងគិតទាំងឆ្នាំ២០១៧ នេះ គឺមានចំនួន ៤លើក ឬស្មើនឹង៤អាណត្តិ។
ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កន្លងមក គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង គាំទ្រ ៨.២៩២អាសនៈក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន ១១.៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១.៥៩២ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៣៣។ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន ២.៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន ៤០ប៉ុណ្ណោះ៕