វិស័យ​ឯកជន​ឲ្យ​​​កំណត់​​​​ទំនិញ​​តម្លៃ​ក្រោម​ ១០០​ដុល្លារ​​ជា​ប្រាក់​រៀល

សុខ ចាន់ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ក្នុង​កិច្ច​ប្រឹងប្រែង​លើក​កម្ពស់​ប្រាក់​រៀល វិស័យ​ឯកជន​បាន​អំពាវនាវ​ដល់​ធនាគារ​ជាតិ នៃ កម្ពុជា ឲ្យ​កំណត់​ការ​ទូទាត់​ទំនិញ​ដែល​មាន​តម្លៃ​ក្រោម​ ១០០​ដុល្លារ​អាមេរិក មក​ជា​ប្រាក់​រៀល នៅ​តាម​បណ្តា​ហាង​លក់​រាយ មីនីម៉ាត ផ្សារ​ទំនើប និង​គ្រប់​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុជា។

​លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ក្នុង​ទិវា​ប្រាក់​រៀល និង​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​លើក​ទី​៣៧​ ថា រូបិយវត្ថុ​ជាតិ​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​វិនិយោគ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ​និង​សេដ្ឋកិច្ច​ទាំង​មូល ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ លោក​បាន​លើក​ឡើង​ថា ​ការ​វិនិយោគ ពាណិជ្ជកម្ម​ និង​ការ​ទូទាត់​ទំនិញ​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​ទូទាត់​រួម​គ្នា​ជាមួយ​ប្រាក់​រៀល និង​រូបិយប័ណ្ណ​បរទេស​ជាពិសេស​សំដៅ​លើ​ដុល្លារ​អាមេរិក។

​លោក លឹមហេងបាន​បន្ត​ថា​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ សហគ្រាស ក្រុមហ៊ុន អាជីវកម្ម​ខ្នាត​តួច ភាគ​ច្រើន​នៅ​ទីក្រុង​បន្ត​ប្រើប្រាស់ រូបិយប័ណ្ណ​បរទេស ជាពិសេស​ដុល្លារសម្រាប់​ការ​ទូទាត់​លើ​ទំនិញ​នាំចេញ​នាំចូលដោយ​ហេតុ​ថា​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​វិនិយោគ​ពី​បរទេសជាមួយ​នឹង​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ខាង​ក្រៅដោយ​ឡែក​ប្រាក់​រៀល​ត្រូវ​បាន​ឃើញ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​តូចៗ។

. .

​លោក ហេង​ ឲ្យ​ដឹង​ថា៖ «ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​លើក​កម្ពស់​តម្លៃ​នៃ​រូបិយវត្ថុ​ជាតិ វិធាន​ការ​មួយ​ចំនួន​គួរតែ​ត្រូវ​បាន​ដាក់​ចេញ​ចាប់​ពី​អាជីវកម្ម​លក់​រាយ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ធំៗ ដូច​ជា ហាង​លក់​រាយ ផ្សារ​ទំនើប ត្រូវ​តែ​កំណត់​ទូទាត់​ជា​ប្រាក់​រៀល រាល់​ការ​ទូទាត់​ទំនិញ​ដែល​មាន​តម្លៃ ២០​ម៉ឺន​រៀន ឬ​ក្រោម ៤០​ម៉ឺន​រៀល»។

​លោក លឹម ហេង​ បាន​លើក​ជា​ឧទាហរណ៍​ដ៏​សាមញ្ញ​ថា៖ «បើ​សិន​ជា កម្ពុជា មាន​ប្រជាជន​ ១៥​លាន​នាក់ តែ​បើ​មានតែ ៥​លាន​នាក់​ហើយ​ម្នាក់​ចំណាយ​អស់​មួយ​ថ្ងៃ ៨​ម៉ឺន​រៀល នោះ​កម្ពុជា ​នឹង​មាន​សាច់​ប្រាក់​ជា​ប្រាក់​រៀល​ចរាចរ​លើ​ទីផ្សារ​ប្រមាណ ៤០០​ពាន់​លាន​រៀល ប្រមាណ ១០០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នៅ​លើ​ទីផ្សារ»។

លោក​បាន​លើក​ឡើង​នៅ​លើ​វិស័យ​ផ្សេង​ទៀត​ដូច​ជា វិស័យ​ទេសចរណ៍​ដែល​អាច​ជួយ​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរ។

​លោក សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​យល់​ស្រប​ទៅ​នឹង​ការ​កំណត់​តម្លៃ​ជា​ប្រាក់​រៀល​នៅ​លើ​មុខ​ទំនិញ​ទាំង​អស់។ លោក​និយាយ​ថា ក្រុមហ៊ុន​របស់​លោក ក៏​ដូច​ជា​ក្រុមហ៊ុន​ទាំង​ ១៥​ដែល​ជា​សមាជិក​ក្នុង​សមាគម​សហគ្រិន​វ័យក្មេង​ បាន​ធ្វើ​វា​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថាការ​ចរាចរ​ប្រាក់​រៀល​មិន​ត្រឹមតែ​បាន​ដាក់​បិទ​លើ​ថ្លៃ​ទំនិញ​ទេតែ​ក្រុមហ៊ុន​លោក​ក៏​ដូច​ជា​សមាជិក​បាន​បើកប្រាក់​បៀវត្សរ៍​ជា​ប្រាក់​រៀល​ជូន​បុគ្គលិក​ទៀត​ផង។

. .

​លោក ពិសិដ្ឋ ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិត​ជា​យល់​ស្រប​ក្នុង​ការ​ដាក់​តម្លៃ​ជា​ប្រាក់​រៀល​នៅ​លើ​មុខ​បញ្ជី​ទំនិញ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​យល់​ពី​តម្លៃ​នៃ​រូបិយវត្ថុ​ជាតិ យើង​គួរតែ​នាំគ្នា​ចូលរួម​ធ្វើ​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​រៀល​ខ្មែរ​មាន​ទំនុក​ចិត្តពីព្រោះ​វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច ដូច្នេះ​ក្មេងៗ​ជំនាន់​ក្រោយ​គួរតែ​គិត និង​ធ្វើ​ និង​មាន​ការ​ទទួល​ខុស​ត្រូវ ដើម្បី​អភិវឌ្ឍ​​សេដ្ឋកិច្ច​របស់​យើង»។

​លោក ហួត អៀងតុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយ​ថា ​ការ​ប្រើប្រាស់​លុយ​រៀល​ គឺ​ល្អ​ចំពោះ​សេដ្ឋកិច្ច​ជាតិ។ លោក​ថា នៅ​ពេល​ប្រជាជន​យល់​ដឹង​ និង​ប្រើប្រាស់​ប្រាក់​រៀល វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា បើ​សិន​ជា​រដ្ឋាភិបាល​តម្រូវ​ឲ្យ​អ្នក​ទេសចរ​ប្តូរ​រូបិយប័ណ្ណ​ពួក​គេ​មក​ជា​រូបិយវត្ថុ​ជាតិ ឬ​លុយ​រៀល វា​នឹង​ផ្តល់​ការងារ​ច្រើន​ដល់​អ្នក​ប្តូរ​លុយ និង​បង្កើត​ការងារ​ច្រើន​បន្ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា។

​លោក អៀង​តុង​ ថ្លែង​បញ្ជាក់​ថា៖ «នៅ​ពេល​មាន​ការ​ចាយ​លុយ​រៀល​ច្រើនរដ្ឋាភិបាល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង អតិផរណា ថវិកា​ជាតិ ហើយ​អាច​អភិវឌ្ឍ​​ប្រទេស​បាន​ល្អ ប៉ុន្តែ​នា​ពេល​នេះ វា​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ដោយសារ​តែ​មាន​រូបិយប័ណ្ណ​ច្រើន ហើយ​មិន​ដឹង​ថា ​រូបិយប័ណ្ណ​បរទេស​មាន​ចំនួន​ប៉ុន្មាន​កំពុង​ចរាចរ​នៅ​កម្ពុជា»។

​លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាល​រង​នៃ​ធនាគារជាតិ នៃ​កម្ពុជា បាន​ថ្លែង​ថា ​រូបិយវត្ថុ​មាន​អត្ថន័យ​ និង​គុណ​តម្លៃ​សំខាន់​ណាស់​ចំពោះ​នយោបាយ និង​សង្គម ដោយសារ​តួនាទី​រូបិយវត្ថុ​ជា​តំណាង​ឲ្យ​អធិបតេយ្យភាព​ជាតិ វប្បធម៌​ និង​អរិយធម៌​ជាតិ ឯករាជ្យ​​ជាតិ និង​អំណាច​សេដ្ឋកិច្ច​របស់​រដ្ឋ។

. .

លោកស្រី​បន្ត​ថា ការ​ប្រើប្រាស់​លុយ​រៀល​បាន​កើន​ឡើង​ក្នុង​អត្រា​ជា​មធ្យម​ប្រមាណ ១៧​ភាគរយ ចំពោះ​ប្រាក់​រៀល​ចរាចរណ៍​ និង​ ២៦​ភាគរយ ក្នុង​ប្រព័ន្ធ​ធនាគារ ក្នុង​រយៈពេល​ ២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ខណៈ​ដែល​ដុល្លារូបនីយកម្ម​មាន​សមាមាត្រ​ប្រមាណ ៨៣​ភាគរយ ដែល​ជា​កម្រិត​មួយ​​ថេរ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ មក។

​លោកស្រី​​​ថា៖«លុយ​រៀល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​នូវ​ប្រសិទ្ធភាព​ការ​អនុវត្ត​គោ​នយោបាយ​រូបិយវត្ថុនិង​រក្សា​បាន​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំង​មូល»។

លោកស្រី​ថា៖ «ការ​ប្រើប្រាស់​លុយ​រៀល​បាន​ជួយ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការដូច​ជា​ការ​ប្តូរ​ប្រាក់​សម្រាប់​ដោះដូរ​ក្នុង​ស្រុក កាត់​បន្ថយ​ហានិភ័យ​ពី​ការ​បាត់បង់​ដោយសារ​តែ​ការ​ប្រែប្រួល​អត្រា​ប្ដូរប្រាក់ និង​សម្រួល​ការ​កំណត់​ថ្លៃ​ដោះដូរ​តែ​មួយ ចូលរួម​ចំណែក​ជំរុញ​ការ​វិនិយោគ ​និង​បង្កើត​ការងារ លើស​ពី​នេះ​ធ្វើ​ឲ្យ​ប្រទេស​យើង​ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ពនិង​ស្រូប​យក​នូវ​រូបិយប័ណ្ណ​បរទេស ដើម្បី​គរ​ពូន​ជា​ទុន​បម្រុង សម្រាប់​ពង្រឹង​ជំនឿ​ចិត្ត​របស់​វិនិយោគិន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា»។

​លោកស្រី​ក៏​បាន​បន្ថែមទៀត​​ថាដើម្បី​ឲ្យ​មាន​រូបិយវត្ថុ​ជាតិ​ចរាចរណ៍​លើ​ទីផ្សារ​ច្រើនធនាគារ​ជាតិនៃ​កម្ពុជាបាន​លើក​ទឹក​ចិត្ត​ដល់ វិស័យ​ឯកជន​បើក​ប្រាក់​បៀវត្សរ៍​ជា​ប្រាក់​រៀល​ដល់​បុគ្គលិកនិង​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បង្កើន​ប្រាក់​កម្ចី​ជា​ប្រាក់​រៀល​ឲ្យ​បាន ១០​ភាគរយ នៅ​ក្នុង​សំពៀត​កម្ចី​រួម រហូត​ដល់​ចុង​ឆ្នាំ​២០១៩ និង​មាន​វិធានការ ​និង​គោល​នយោបាយ​ផ្សេងៗ​ទៀត៕  

. .
Share and Like this post

Related Posts

Previous Article

រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42

Next Article

សិប្បកម្មសូត្រ​ខ្មែរ ខ្វះវត្ថុធាតុ​ដើម​ខណៈតម្លៃ​លើទី​ផ្សារ​ខ្ពស់​