ក្រុម​ការពារ​បរិស្ថាន​​បារម្ភ​ឡាវ​ បិទ​ផ្លូវ​ទន្លេ​ សង់​​វារី​អគ្គិសនី​ដនសាហុង

ម៉ៃ​ ទិត្យថារ៉ា No Comments Share:

ស្ទឹងត្រែង៖ (ខ្មែរថាមស៍)ក្រុម​យុវជន​ការពារ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​លើក​ឡើង​ថា អាជ្ញាធរ​ឡាវ​ បាន​បិទ​ផ្លូវ​ទន្លេ​តែ​មួយ​គត់​សម្រាប់​ត្រី​ធ្វើ​ចរាចរ ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជីវចម្រុះមច្ឆា​ជាតិនិង​សត្វ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់​ឈើទាល​ដែល​ជា​សក្ដានុពល​សម្រាប់​ពលរដ្ឋ​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។

​យុវជន​ការពារ​សង្គម​ និង​បរិស្ថាន ដែល​ជា​កូនភ្លោះ​លោក ជុំ ហួត ដែល​តែងតែ​ចេញ​មុខ​ការពារ​បរិស្ថាន លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​របស់​លោក​ដែល​មាន​គ្នា​ ៥​នាក់ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ទាក់ទង​នឹង​ទំនប់​វារីអគ្គិសនី​នេះ​បាន​ប៉ុន្មាន​ថ្ងៃ​បាន​រក​ឃើញ​ថា ផ្លូវ​ទឹក​សម្រាប់​ត្រី​ធ្វើ​បម្លាស់​ទី​ត្រូវ​បាន​អាជ្ញាធរ​ឡាវ ​បិទ​ដើម្បី​ធ្វើ​ទំនប់។

លោក​​ថា៖«ទំនប់​ដនសាហុង​កំពុង​បិទ​ផ្លូវ​ទន្លេ​តែមួយ​គត់​ដែល​សមស្រប​សម្រាប់​បម្លាស់​ទី​របស់​ត្រី​រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​ជលផល​ជាតិ​និង​ជលផល​មូលដ្ឋាននិង​ធ្វើ​ឲ្យ​ប៉ះពាល់​ទូទៅ​តំបន់​អាង​ទន្លេមេគង្គ​​ប៉ែក​ខាង​ក្រោម»។​

. .

​លោក​បាន​ថ្លែង​ថា ការ​បិទ​ផ្លូវ​ទន្លេ​នេះ បាន​កំពុងតែ​ធ្វើ​ប៉ះពាល់​សន្តិសុខ​ស្បៀង​អាហារ​ ៥០​ភាគរយដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ដែល​មាន​ការ​ពឹង​ផ្អែក​ទៅ​លើ​ការ​នេសាទនិង​ផល​ដំណាំ។ហើយ​សត្វ​ផ្សោត​សល់​តែ​បី​ក្បាលតែ​មិន​ដែល​ឃើញ​បង្ហាញ​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ។

​លោក​​​ថ្លែង​ថា៖ «ការ​ស្នាក់​នៅ​ផ្ទះ​សហគមន៍ ពុំ​មាន​អ្នក​ទេសចរ​មក​ស្នាក់នៅ​ដូច​មុន​ទេតែ​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ជា​ប្រចាំ​ថ្ងៃ​របស់​សហគមន៍។​ មក​ដល់​ពេល​នេះ ​យើង​មិន​ឃើញ​រដ្ឋាភិបាល​ឡាវ ឬ​រដ្ឋាភិបាល​កម្ពុជា មាន​វិធីសាស្ត្រ​ច្បាស់លាស់​ណា​មួយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៅ​ឡើយ​ទេ»។​

ប្រធាន​សហគមន៍​ទេសចរណ៍​ព្រះរំកិល ​លោក យ៉ិន វុទ្ធ បាន​ឲ្យ​ដឹង​ថា ឥឡូវ​សត្វ​ផ្សោត នៅ សល់​តែ​ ២​ ទៅ​៣​ក្បាល​ទេ វា​បាត់បង់​អស់​ហើយ ហើយ​មិន​ដែល​ឃើញ​បង្ហាញ​ខ្លួន​ដូច​កាល​ពី​មុន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍។

លោក​​ថា៖«នៅ​ក្នុង​អនាគត​យ៉ាង​ខ្លី​ពួក​យើង​អាច​នឹង​ដាច់​បាយ​ដោយសារ​តែ​ពួក​យើង​គ្មាន​ស្រែ​ចម្ការ​ហើយ​ពឹង​ផ្អែក​តែ​លើ​វិស័យ​ទេសចរណ៍»។​

​នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​ប្រធាន​រដ្ឋសភា​ឡាវ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTOU) ចូល​ជួប​សម្ដែង​ការ​គួរសម និង​សំណេះសំណាល​ការងារ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា កម្ពុជា គាំទ្រ​លើ​ការ​សាងសង់​វារីអគ្គិសនី​ដនសាហុង របស់​ឡាវ។

. .

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា៖ «កម្ពុជា គាំទ្រ​ប្រទេស​ឡាវ ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុង ហើយ​អនុញ្ញាត​ឲ្យ​ឡាវ ប្រើប្រាស់​ផ្លូវ​គមនាគមន៍ និង​កំពង់ផែ​កម្ពុជា ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​នាំចេញ ព្រោះ​ប្រទេស​ឡាវ គ្មាន​សមុទ្រ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ស្ថិត​នៅ​នៅ​ក្នុង​តំបន់​ស៊ីផាន់ដន ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ១.៥០០​ម៉ែត្រ ពី​ព្រំដែន​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្ទឹងត្រែង។ តំបន់​នេះ​មាន​កម្ពស់​ពី ៣០​ម៉ែត្រ ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ ទំនប់​វារីអគ្គិសនី​នេះ​ផលិត​ថាមពល​អគ្គិសនី​ចាប់​ពី ២៤០​មេហ្គាវ៉ាត់ ទៅ ៣៦០​មេហ្គាវ៉ាត់។ ក្រុមហ៊ុន​មេហ្គា ហ្វើស (Mega First Corporation Berhad) ដែល​ជា​អ្នក​សាងសង់​ទំនប់​នេះ ធ្លាប់​ប្រកាស​ថា ខ្លួន​បាន​សិក្សា និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន ឬ​ហៅ​កាត់​ថា EIA (Environmental Impact Assessment) រួច​ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។

ទោះ​យ៉ាង​ណា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះគឺ​វា​ជា​ការ​គំរាមកំហែង​មួយ​ដល់​ដង​ទន្លេមេគង្គនិង​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ជាង ៦​លាន​នាក់ ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ៕  

. .
Share and Like this post

Related Posts

Previous Article

រដ្ឋាភិបាល​​នឹង​​ពិចារណា​សម្រេច​អនាគត​របស់​អគារ Gold Tower 42

Next Article

វីង ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ ក្នុង​ចំណោម​អតិថិជន​របស់​ខ្លួន