កម្មករ​ជាង ៥០​នាក់នៅ​រោងចក្រ​កាត់ដេរ ​ធៀន ស៊ុង បន្ត​ដួល​សន្លប់​ជា​លើក​ទី​៣

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)កម្មករ​ជិត ៥០​នាក់ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ​ធៀន ស៊ុង ស្ថិត​នៅ​ភូមិ​ព្រៃព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យបាន​បន្ត​ដួល​សន្លប់​ជា​លើក​ទី​៣កាល​ពី​ថ្ងៃ​ម្សិលមិញដោយសារ​បរិស្ថាន​ក្នុង​រោងចក្រ​មិន​ល្អក្រោយ​ពី​ករណី​ដួល​សន្លប់​ក្នុង​រោងចក្រ​នេះ​បាន​កើត​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា កាល​ពី​សបា្តហ៍​មុន។​

​អនុ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ស្រាវជ្រាវ និង​ទប់ស្កាត់​ករណី​ដួល​សន្លប់ លោក ប៉ុន វណ្ណថាច បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ មាន​កម្មករ​រោងចក្រ​ ធៀន ស៊ុង ចំនួន ៥៨​នាក់ បាន​បន្ត​ដួល​សន្លប់​ជា​ថ្មី​ទៀត ដោយសារ​បរិយាកាស​រោង​ចក្រ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ក្រោយ​ពី​មាន​ករណី​ឆេះ​បំពង់​ខ្យល់ និង​ជះ​ក្លិន​ឈ្ងៀម​នៅ​ក្នុង​រោងចក្រ កាល​ពី​ថ្ងៃ​សុក្រ​ សបា្តហ៍​មុន ដែល​ធ្វើ​ឲ្យ​កម្មករ​ផ្អើល​រត់​ចេញ និង​ដួល​សន្លប់​ ១០​នាក់ ខណៈ​នៅ​ថ្ងៃ​បន្ទាប់​បន្ត​សន្លប់ ៧៥​នាក់​បន្ថែម​ទៀត។

​លោក​បាន​បន្ត​ថា៖«ក្រោយ​ហេតុការណ៍​ហ្នឹងយើង​បាន​មក​​មើល​ផ្នែក​បច្ចេកទេសយើង​ឲ្យ​គាត់​[រោងចក្រ]​កែ​លម្អ​ទាំង​លក្ខណៈ​បច្ចេកទេស​ ៥​ចំណុច តែ​គាត់​កែ​បាន​តែ​២ ដល់​អា​ ៣​ចំណុច​ទៀត គាត់​មិន​ធ្វើ ហើយ​គាត់​នៅ​តែ​ឲ្យ​កម្មករ​ចូល​ធ្វើការ​ទៀត អ៊ីចឹង​យើង​បាន​ចាត់​វិធាន​ការ​ឲ្យ​គាត់​ធ្វើ​ជា​បន្ទាន់»។​

. .

​បើ​តាម​មន្ត្រី​រូប​នេះ ៥​ចំណុច​ដែល​មន្ត្រី​ជំនាញ​បាន​ណែនាំ​ឲ្យ​រោងចក្រ​កែ​លម្អ​បរិស្ថាន​ក្នុង​រោងចក្រ​ជា​បន្ទាន់ រួម​មាន ទី​១ កែ​លម្អ​ម៉ាស៊ីន​ភ្លើង​ដែល​ដាក់​សម្រាប់​បូម​ខ្យល់​ចេញ​ចូល​ក្នុង​រោងចក្រ ដែល​លាន់​ឮ​ខ្លាំង ទី​២ អប់រំ​កម្មករ ទី​៣ កែសម្រួល​ប្រព័ន្ធ​លូ​ដែល​ជះក្លិន​ស្អុយ​ចូល​រោងចក្រ ទី​៤ បញ្ហា​លាង​ថ្លុក​ទឹក​ដែល​ទុក​យូរ​មិន​បាន​លាង​សម្អាត និង​ទី​៥ កម្មករ​ដែល​ដួល​សន្លប់​នោះ​មុន​នឹង​ចូល​ធ្វើការ​ត្រូវ​ពិនិត្យ​សុខភាព​ជា​មុន។ ក្នុង​ចំណោម​ ៥​ចំណុច​នេះ ភាគី​រោងចក្រ​ធ្វើ​បាន​តែ​ចំណុច​ទី​១​ និង​ទី​២​ ប៉ុណ្ណោះ។

លោក​ថា ក្រសួង​បាន​ដាក់​កំហិត​ដល់​រោងចក្រ​នេះ ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​នូវ​ការ​កែ​លម្អ​បរិស្ថាន​រោងចក្រ​ទាំង៣​ចំណុច​ដែល​មិន​បាន​ធ្វើ​នោះហើយ​កម្មករ​ដែល​ដួល​សន្លប់​ត្រូវ​អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះនិង​ផ្អាក​ការ​បន្ថែម​ម៉ោង​រហូត​ដល់​ពួក​គាត់​មាន​ស្ថានភាព​សុខភាព​ល្អ​ឡើង​វិញ។​

​តំណាង​ក្រុមហ៊ុន ​ធៀន ​ស៊ុង លោក Jenny Danny Hsu មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។​

​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស. លោក ជាវ ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​ករណី​ដួល​សន្លប់​នេះ មន្ត្រី​ជំនាញ ប.ស.ស. ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នេះ​ផ្ទាល់​នៅ​រោងចក្រ​ ធៀន ស៊ុង ដែរ និង​បាន​សហការ​ជាមួយ​រដ្ឋបាល​រោងចក្រ បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មូល​មិត្ត និង​មន្ទីរ​សម្រាក​ព្យាបាល​ ហ៊ាង មុន្នីវុធ៕  

. .
Share and Like this post

Related Posts

Previous Article

ប្រាក់​រៀលជា​រូបិយវត្ថុ ដែល ​មាន​ប្រវត្តិ​ដ៏​សម្បូរបែប​

Next Article

៣​នាក់​ស្លាប់​៩នាក់​បញ្ជូន​ទៅសង្គ្រោះ​បន្ទាន់ដោយសារ​ពុល​ស្រា​