អបអរ​សាទរ ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ​លើក​ទី​៣៧

ខ្មែរថាមស័ No Comments Share:

​ខ្លឹម​សារ​បទ​សម្ភាសន៍​របស់​ឯកឧត្តម​ ទេសាភិបាល​ ជា​មួយ​កា​សែត​ខ្មែរ​ថាមស៍​សម្រាប់​​ ទិវាប្រាក់រៀលអប​អរ​សាទរ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​លើក​ទី​៣៧

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧

សំនួរ៖តើ​មាន​ប្រតិកម្ម​ដូច​ម្តេច​ខ្លះ ចំពោះ​ការ​ដាក់​ឱ្យ​ចរាច​ប្រាក់​រៀល​ឡើង​វិញ​កាល​ពី​៣៧ឆ្នាំ​មុន?

. .

ចម្លើយ ៖ ធនាគារជាតិ នៃ កម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី១០​ ខែ​តុលា​ ឆ្នាំ​១៩៧៩​ និង​បាន​ដាក់​ឱ្យ​ចរាចរ​ឡើង​វិញ​នូវ​ប្រាក់​រៀល នៅ​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ​១៩៨០​។ ​ប្រតិកម្ម​ដំបូង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​នា​ពេល​នោះ​បាន​សា្វគមន៍ ​និង​អបអរ​សាទរ​ចំពោះ​វត្តមាន​ជាថ្មី​របស់ប្រាក់រៀល​យ៉ាង​ខ្លាំង​ ពីព្រោះ​តែ​ការឃ្លាតឆ្ងាយ​ពីការ​ប្រើប្រាស់​ប្រាក់រៀល​អស់មួយ- ​រយៈពេលយូរ​គួរសម​ដោយសារ​របបប៉ុលពត​។ ​ប្រជាពលរដ្ឋ​បានប្រើប្រាស់​មាស​ ស្រូវ​ អង្ករ​ ក្នុងការ​ដោះដូរ​ទំនិញ ​ដែលបាន​បង្ក​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ​នាពេលនោះ​ កម្ពុជា​នៅ​អនុវត្ត​ប្រព័ន្ធធនាគារ​មួយ​ថ្នាក់​តាមរយៈ​ធនាគារ​ជាតិ​នៃកម្ពុជា​ដើរ​តួនាទី​ជា​ធនាគារ​កណ្តាល​ផង​ ជា​ធនាគារ​ពាណិជ្ជ​ក្នុង​ការ​ផ្តល់​កម្ចី​ផង​ និង​ជា​ឃ្លាំង​រតនាគារ​ជាតិ​របស់​រាជរដ្ឋាភិបាល​ផង​។ ​ប្រាក់រៀល​ត្រូវ​បាន​បោះពុម្ព​ និង​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាថ្មី​ តាមរយៈ​ការ​បើក​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ​ ការ​ចំណាយ​របស់រដ្ឋ ​និង​ការ​ផ្តល់​ឥណទាន​ដល់​ប្រជាជន​ ដើម្បី​ស្តា​សកម្មភាព​សេដ្ឋកិច្ច​។

សំនួរ៖ ​ប្រាក់រៀល​ត្រូវ​បាន​ដាក់​ឱ្យ​ចរាចរ​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​៦​ខែ​។ ​ហេតុអ្វី​បាន​ជា​ដំណើរ​ការ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស?​

ចម្លើយ ៖ ថ្វីត្បិត​តែ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី ​បន្ទាប់​ពីការ​បង្កើត​ធនាគារជាតិ នៃ កម្ពុជា​ឡើងវិញ​ ប៉ុន្តែ​ការដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​នេះ ​ទទួល​បាន​ជោគជ័យ​ដោយ-​សារ​មាន​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ជា​មិត្ត​ដូច​ជា​ប្រទេសរុស៊ី្ស(អតីត​សហភាព​សូវៀត)​និង​វៀតណាម​ជា​ដើម​។ ​ចំពោះ​ការ​បោះពុម្ព​រូបិយវត្ថុ​វិញ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​។​ ធនាគារ​កណ្តាល​នា​ពេល​នោះ​ គឺបាន​ធ្វើ​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ពី​ការ​បោះ​ពុម្ព​ប្រាក់​រៀលថ្មី​ និង​បាន​ចុះ​តាម​មូល​ដ្ឋាន​ដើម្បី​បង្ហាញ​ និង​ធ្វើ​ការ​ចំណាយ​នានា​តាម​ផែន​ការ​របស់​រដ្ឋ។

សំនួរ៖ តើ​បុគ្គ​លិក​ធនាគារជាតិ នៃ កម្ពុជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ដូចម្តេច​ខ្លះ​ចំពោះ​ឥទ្ធិពល​នៃ​ការ​មក​ដល់​នៃ​ប្រាក់​ដុល្លារអាមេរិក ​បន្ទាប់​ពី​វត្ត​មាន​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ (UNTAC) ​ហើយ​តើ​មាន​វិធាន​ការ​ទប់​ស្កាត់​ដុល្លា​រូបនីយកម្ម​នៅ​ក្នុង​សេដ្ឋ​កិច្ច​នា​ពេល​នោះ​យ៉ាង​ដូចម្តេច?

ចម្លើយ ៖ ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​នា​ពេល​នោះ​ ជំនឿ​ទុក​ចិត្ត​របស់​ប្រជាជន​ចំពោះ​ប្រាក់​រៀល​នៅ​មិន​ទាន់​អាច​ស្តារ​ឡើង​វិញ​បាន​ភ្លាមៗ​នោះ​ទេ​ ដោយ​សារ​ប្រទេស​កម្ពុជា​ទើប​តែ​ងើប​ចេញ​ពី រ​បបប៉ុលពត។​ ដូច្នេះ​ ប្រជាជន​បន្ត​ប្រើ​ប្រាស់​មាស​ រូបិយប័ណ្ណ​ និង​ទំនិញ​ផ្សេងៗ​ក្នុង​ការ​ទូទាត់​ ទន្ទឹម​នឹង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​។​ តាម​ការ​ពិត​ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​មិន​មែន​ជា​រឿង​ថ្មី​ស្រឡាង​សម្រាប់​ប្រជាពល​រដ្ឋកម្ពុជា​នោះទេ។ ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ គឺ​មាន​តាំង​ពី​សម័យ ​លន់​ នល់​ មក​ តាម​រយៈ​ការ​ផ្តល់​កម្ចី​និង​ជំនួយ​ពី​សហរដ្ឋអាមេរិក​។ ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របបប៉ុលពត​ នៅ​ពាក់- កណ្តាល​ទសវត្សរ៍​ទី​៨០​ កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​ពី​សេដ្ឋកិច្ច​មជ្ឈការ​ទៅ​សេដ្ឋកិច្ច​ទីផ្សារ​ជាង​មុន​ និង​បាន​អនុញ្ញាត​ឱ្យ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ក្រោម​ជំនួយ​មនុស្ស​ធម៌​ និង​ជំនួយ​ហិរញ្ញវត្ថុ​ ដល់​ប្រជាពលរដ្ឋ ​ប៉ុន្តែ​នៅ​មាន​ទំហំ​តូច​។ ​ការ​ប្រើ​ប្រាស់​ដុល្លារ​អាមេរិក ​បាន​កើន​ឡើង​ខ្លាំង​ បន្ទាប់​ពី​ការ​ចាក់​បញ្ចូល​ប្រាក់​ដុល្លារ​អាមេរិក​ ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំនៅ​កម្ពុជា (UNTAC) ​តាមរយៈ​ការ​បើក​ប្រាក់​បៀវត្ស​ ការជួល​កន្លែង​ស្នាក់​នៅ ​រហូត​ដល់​ការ​ចំណាយ​ម្ហូប​អាហារ​។ ​មុន​ដំបូង​ឡើយ​ ប្រាក់​ដុល្លារ​ត្រូវ​បាន​ទទួល​យក​ក្នុង​ការ​ទូទាត់​ទំនិញ​និង​សេវា ​បន្ទាប់​មក​ប្រជាជន​ចាប់​ផ្តើម​ធ្វើ​ការ​សន្សំ​ជា​ប្រាក់​ដុល្លារ​។ ​ហើយ​វត្ត​មាន​របស់​គ្រឹះស្ថាន​ធនាគារ​ឯក​ជន​តាំង​ពី​ឆ្នាំ១៩៩១​មក​ បាន​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​កាន់​តែ​កើន​ឡើង​ជា​លំដាប់​។ ​ក្នុង​ពេល​នោះ ​ដុល្លា​រូបនីយកម្ម​ក៏​បាន​រួម​ចំណែក​ជួយ​ស្តា​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ និង​ជួយ​សម្រួល​ប្រតិបត្តិការ​រក្សា​សុខសន្តិភាព​កម្ពុជា។​ យ៉ាង​ណា-​មិញ​ ធនាគារជាតិ​នៃកម្ពុជា​បាន​ខិតខំ​រក្សា​អធិបតេយ្យភាព​រូបិយវត្ថុ ​ដោយ​បាន​បន្ត​បោះពុម្ភ​ប្រាក់រៀល​ឲ្យដើរ​ស្រប​គ្នា​នឹង​ការ​ប្រើប្រាស់​ដុល្លារអាមេរិក​ក្នុង​សេដ្ឋកិច្ច។

. .

សំនួរ៖ តើ​នៅពេល​ណា​ដែល​ធនាគារជាតិ​នៃកម្ពុជា​បានដឹង​ពីវត្តមាន​ដុល្លា​រូបនីយកម្ម​នៅ​ក្នុង​សេដ្ឋកិច្ចកម្ពុជា?

ចម្លើយ ៖ ធនាគារជាតិ​នៃ​កម្ពុជា​បានកត់​សម្គាល់​ឃើញថា​ ដុល្លា​រូបនីយកម្ម​បានចាប់ផ្តើម​តាំងពីដើម​ទសវត្សរ៍ឆ្នាំ​១៩៩០។​ដោយសារ​ការរីក​ចម្រើន​នៃសេដ្ឋកិច្ច​ ស្ថិរភាព​នយោបាយ ​និង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ ការ​កើន​ឡើង​នៃ​លំហូរ​រូបិយប័ណ្ណ ​ជាពិសេស​ដុល្លារ​អាមេរិក​ហូរ​ចូល​តាមរយៈ​វិនិយោគិន​បរទេស​ ភ្ញៀវទេសចរ​ ការនាំ​ចេញ​ ​និង​ជំនួយ​បរទេស។

សំនួរ៖ តើ​អ្វី​ជា​ធាតុ​សំខាន់​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​ប្រាក់រៀល​ ហើយ​មាន​ផែនការ​ថ្មីៗ​អ្វីខ្លះ​ដែល​នឹង​ត្រូវ​យក​មក​អនុវត្ត?

ចម្លើយ ៖​ វិធានការ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ដើម្បី​ពង្រឹង​ការប្រើប្រាស់​ប្រាក់​រៀល​កន្លង​មក​រួមមាន​៖ ​

ការ​កំណត់​និង​ទូទាត់​ប្រាក់​បៀវត្ស​របស់​មន្រ្តីរាជការ​ជា​ប្រាក់​រៀល
ការ​ដាក់​ឱ្យ​កំណត់​ថ្លៃ​ទំនិញ​និង​សេវា​ជា​ប្រាក់​រៀល
ការ​រក្សា​ស្ថិរ​ភាព​ថ្លៃ ​និង​អត្រា​ប្តូរ​ប្រាក់
ការ​ពង្រឹង​គុណ​ភាព​ និង​សោភ័ណ​ភាព​ក្រដាស​ប្រាក់​រៀល
ការ​កំណត់​អត្រា​ប្រាក់​បម្រុង​កាតព្វ​កិច្ច​ជា​ប្រាក់​រៀល​ ឱ្យ​ទាប​ជាង​រូបិយប័ណ្ណ​(ប្រាក់​បញ្ញើ​ជា​រៀល​ ៨%​ ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​និង​កម្ចី​ពី​អនិវាសជន​ ១២,៥%) ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​អាច​ផ្តល់​ឥណ​ទាន​ជា​រៀល​បាន​ច្រើន។
ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពីសារៈ​សំខាន់​របស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច​និង​សង្គម
ការ​ចេញ​ផ្សាយ​មូល​បត្រ​អាច​ជួញ​ដូរ​បាន ​(NCDs) ​និង​ប្រតិបត្តិ​ការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មាន​ការ​ធានា​ (LPCO) ​ដើម្បី​បង្កើត​ឧបករណ៍​ហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ការ​ផ្តល់​សន្ទនីយ​ភាព​ជា​ប្រាក់​រៀល។
ការ​កំណត់​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្តល់​ឥណទាន​ជា​ប្រាក់​រៀល​ យ៉ាង​តិច​ ១០%​ នៃ​សំពៀត​ឥណទាន​សរុប
ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ប្រាក់​រៀល
ការ​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​សម្រាប់​សេវា​ទូទាត់​រហ័ស ​Fast Payment​ ដែល​ទូទាត់​និង​ទទួល​មូល​និធិ​ភ្លាមៗ​ជា​ប្រាក់​រៀល
យុទ្ធនា​កា​ស្រលាញ់​ប្រាក់​រៀល​ តាមរយៈ​ការ​ប្តូរ​ក្រដាស​ថ្មី​ជូន​សាធារណជន​នៅ​តាម​បណ្តា​សាខា​រាជធានី​-​ខេត្ត​របស់​ធនាគារជាតិ នៃ កម្ពុជា

. .

សំនួរ៖ ភ្នាក់​ងារ​អចលន​ទ្រព្យ​បាន​រាយការណ៍​ថា ​វិនិយោគិន​បរទេស​មួយ​ចំនួន​កំពុង​តែ​វិនិយោគ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា ​ដើម្បី​បង្ការ​ហានិភ័យ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​របស់​ពួកគេ​។ ​ក្នុង​បរិការណ៍​នេះ ​តើ​មាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដែរ​ឬ​ទេ​ ទៅ​លើ​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល?

ចម្លើយ៖ ទីផ្សារ​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​លំហូរ​ដើម​ទុន​វិនិយោគ​ពី​បរទេស​កាន់​តែ​ច្រើន​ឡើង​ ប៉ុន្តែ​វិនិយោគិន​ក្នុង​ស្រុក​នៅ​តែ​មាន​ចំណែក​ធំ​នៅ​ក្នុង​ទីផ្សារ​នេះ។​ ម្យ៉ាង​ទៀត​ ការ​វិនិយោគ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​កន្លង​មក​ ក៏​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា ​ដោយ​សារ​តែ​សេដ្ឋ- ​កិច្ច​កម្ពុជា​មាន​ការ​រីកចម្រើន​ និង​ទស្សន​វិស័យ​វិជ្ជមាន​របស់​វិនិយោ-​គិន។ ​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទីផ្សារ​នេះ ​គឺ​ដោយ​សារ​ប្រតិបត្តិ​ការ​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ មិន​ខុស​ប្លែក​អ្វី​ពី​ស្ថាន​ភាព​ជា​រួម​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​សម្រាប់​ទូទាត់​ទឹក​ប្រាក់​ច្រើន​ទេ។ ​ក្នុង​ចំណុច​នេះ​ ធនាគារជាតិ នៃ កម្ពុជា​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រីក​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​គ្រប់​វិស័យ​ជា​លំដាប់។

សំនួរ៖ ចំពោះ​បញ្ហា​ប្រឈម​ដែល​ធនាគារជាតិ នៃ កម្ពុជា​បាន​ជួប​ប្រទះ​ តើ​ធនាគារជាតិ នៃ កម្ពុជា​មាន​ជំនឿ​ចិត្ត​ដែរ​ឬ​ទេ​ ក្នុង​ការ​ទទួល​បាន​ជោគជ័យ​លើ​ការ​ពង្រឹង​អធិប​តេយ្យ​ភាព​រូបិយ​វត្ថុ?

ចម្លើយ៖ ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ចំពោះ​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​។ ​កន្លង​មក​ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ជា​អន្លើ​ក្តី​ ធនាគារជាតិ នៃ កម្ពុជា​បាន​ចាក់​បញ្ចូល​រូបិយវត្ថុ​ទៅ​ក្នុង​សេដ្ឋកិច្ច​អាស្រ័យ​ទៅ​តាម​កំណើន​តម្រូវ​ការ​ទីផ្សារ​ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​រូបិយ​វត្ថុ​ក្នុង​ចរាចរណ៍​ជា​មធ្យម​ ១៧%​ និង​កំណើន​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល​ជា​មធ្យម​ ២៦% ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ មិន​តែ​ប៉ុណ្ណោះ ​ទោះ​បី​ជា​ដុល្លា​រូបនីយ​កម្ម​ នៅ​មាន​កម្រិត​ខ្ពស់​ប្រមាណ​ ៨៣% ​ប៉ុន្តែ​កម្រិត​នេះ​បាន​ស្ថិត​ក្នុង​កម្រិត​មួយ​ថេរ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ ដែល​នេះ​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ធនាគារជាតិ នៃ កម្ពុជា​ក្នុង​ការ​ទប់​កម្រិត​ដុល្លា​រូបនីយ​កម្ម​មិន​ឱ្យ​កើន​ឡើង​បន្ត​ទៀត​។ ​នា​ពេល​ខាង​មុខ​ ធនាគារជាតិ នៃ កម្ពុជា​នឹង​ខិត​ខំ​ពង្រីក​ការងារ​នេះ​ឱ្យ​កាន់​តែ​ជោគ​ជ័យ​បន្ថែម​ទៀត ​គួប​ផ្សំ​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព​ក្នុង​បរិយាកាស​អំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ជាពិសេស​ស្ថិរភាព​ថ្លៃ ​ដោយ​អត្រា​អតិផរ​ណា​មាន​កម្រិត​ប្រមាណ ​៤% ក្នុង​រយៈពេល​២ទសវត្សរ៍​ចុង​ក្រោយ។ មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ពង្រីក​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ ដែល​អំណោយ​ផល​ដោយ​ការ​គាំ​ទ្រ​របស់​ប្រជា​ពលរដ្ឋ​កំពុង​ប្រុងប្រៀប​រួច​ជា​ស្រេច​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ យោង​តាម​ការ​អង្កេត​របស់ ​JICA។ ​ផ្អែក​លើ​ការ​អង្កេត​នេះ ​ប្រាក់​រៀល​មាន​តម្រូវ​ការ​និង​ត្រូវ​បាន​ប្រើ​ប្រាស់​ភាគ​ច្រើន​នៅ​តាម​ជន​បទ​ ហើយ​មាន​តែ​តំបន់​ទី​ប្រជុំ​ជន​ទេ​ដែល​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ចរាចរ​ច្រើន​ ជាពិ​សេស​នៅ​រាជ​ធានី​ភ្នំពេញ។

សំនួរ៖ ហេតុ​អ្វី​បាន​ជា​ធនាគារ ជាតិ នៃ កម្ពុជា​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល?

ចម្លើយ៖ ​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មាន​មូល​ដ្ឋាន​បុរេ​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ការ​ពង្រឹង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ ដែល​ជា​មូល​ដ្ឋាន​សំខាន់​ក្នុង​ការ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល។​ មូល​ហេតុ​ចម្បង​ដែល​ធនាគារជាតិ នៃ កម្ពុជា​ប្តេជ្ញា​ជាប់​ជា​ប្រចាំ​ក្នុង​ការងារ​នេះ ​គឺ​ដោយ​សារ​៖

១- ​ដុល្លា​រូប​នីយ​កម្ម​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​អធិប​តេយ្យភាព​រូបិយ​វត្ថុ​ជាតិ​ និង​អត្ត​សញ្ញាណ​ជាតិ​មួយ​។
២​- ​ដុល្លា​រូប​នីយ​កម្ម​បាន​ដាក់​កំហិត​លើ​ការ​អនុវត្ត​ន៍ ក៏​ដូច​ជា​ប្រសិទ្ធ​ភាព​គោល​នយោបាយ​រូបិយវត្ថុ​។
៣- ​ដុល្លា​រូបនីយ​កម្ម​បាន​ធ្វើ​ឱ្យ​ធនាគារ​កណ្តាល​បាត់​បង់​តួនាទី​ជា​អ្នក​ផ្តល់​កម្ចី​ចុង​ក្រោយ​ក្នុង​ការ​ទប់​ស្កាត់​វិបត្តិ​នានា​។
៤- ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​បាន​រីក​ធំធាត់​ ដុល្លា​រូបនីយ​កម្ម​បាន​បង្កើន​ចំណាយ​ដល់​សេដ្ឋកិច្ច​ ដោយ​បាន​បាត់​បង់​នូវ​ប្រាក់​ចំណូល​ពី​ការ​បោះ​ពុម្ព​ (Seigniorage) ។
៥- ​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​គោល​នយោបាយ​អត្រា​ប្តូរប្រាក់​ ដើម្បី​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​ ក៏​ដូច​ជា​វិស័យ​វិនិយោគ​ និង​ទេស​ចរណ៍​ជា​ដើម។ ​ដូច្នេះ​ នេះ​ជា​ពេល​ដ៏​សំខាន់​ដែល​ធនាគារជាតិ នៃ កម្ពុជា​ត្រូវ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល។

សំនួរ៖ តើ​មាន​ការ​ដាក់​ចេញ​វិធាន​ការ​រដ្ឋបាល​ដែរ​ឬទេ ​ដើម្បី​គាំទ្រ​ដល់​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល?​

ចម្លើយ៖ អនុវត្ត​តាម​ស្មារតី​នៃ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ធនាគារជាតិ នៃ កម្ពុជា​នឹង​មិន​ប្រើ​ប្រាស់​នូវ​វិធាន​ការ​ចាប់​បង្ខំ​ណា​មួយ​ដែល​ផ្ទុយ​នឹង​យន្តការ​ទីផ្សារ​ទេ ពី​ព្រោះ​ការ​ធ្វើ​បដិ​ដុល្លា​រូបនីយកម្ម​ដោយ​គំហុក ​ឬ​វិធាន​ការ​រដ្ឋបាល​អាច​ជះឥទ្ធិពល​ដល់​ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្រមទាំង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទាំងមូល។ ដូច្នេះ ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ដោយ​សន្សឹមៗ​ដោយ​ផ្អែក​លើ​យន្តការ​ទីផ្សារ​ គឺ​ជា​វិធាន​ការ​ដ៏​ប្រសើរ​ក្នុង​ការ​ជម្នះ​បញ្ហា​ដុល្លា​រូប​នីយកម្ម ប៉ុន្តែ​យើង​ក៏​ចាំ​បាច់​ប្រើ​ប្រាស់​វិធាន​គាំទ្រ​មួយ​ចំនួន​តូច​ដែល​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​វិធាន​ការ​យន្តការ​ទីផ្សារ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ដូចជា​ការ​ប្រកាស​តម្រូវ​ឱ្យ​ដាក់​តម្លៃ​ជា​ប្រាក់​រៀល​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ការ​ដាក់​ចេញ​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តី​ពី ​ការ​កំណត់​ការ​ផ្តល់​ឥណទាន​ជា​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ឱ្យ​បាន​យ៉ាង​តិច​ ១០% នៃ​សំពៀត​ឥណទាន​សរុប។ ធនាគារជាតិ នៃ កម្ពុជា​បាន​និង​កំពុង​បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​មក​លើ​សារៈ​សំខាន់​នៃ​ប្រាក់​រៀល​ចំពោះ​សេដ្ឋកិច្ច​និង​សង្គម។

សំនួរ៖​ តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ បើ​សេដ្ឋកិច្ច​នេះ​បន្ត​មាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ ​និង​បាន​ផ្លាស់​ប្តូរ​ចំណាត់​ថ្នាក់​ទៅ​សេដ្ឋកិច្ច​ចំណូល​មធ្យម​កម្រិត​ទាប។ តើ​នឹង​មានឧបសគ្គ​អ្វី​ខ្លះ​ដល់​កំណើន​សេដ្ឋកិច្ច?

ចម្លើយ៖ ដូច​បាន​លើក​ឡើង​រួច​មក​ហើយ ​បញ្ហា​ដុល្លា​រូបនីយកម្ម​នេះ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ងាយ​រងគ្រោះ​នឹង​ការ​ប៉ះទង្កិច​ ឬវិបត្តិ​ផ្សេងៗ​ ដោយ​ប្រទេស​កម្ពុជា​មិន​អាច​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ​ឱ្យ​បាន​ពេញ​លេញ។ ​ដូច្នេះ ​កម្ពុជា​បាន​បាត់បង់​នូវ​ឧបករណ៍​ដ៏​សំខាន់​ ដែល​ជួយ​រួមចំណែក​គាំទ្រ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ជាង​នេះ​​ទៅ​ទៀត ក្នុង​បរិការណ៍​ដុល្លារូប​នីយកម្ម ប្រសិន​បើ​សេដ្ឋកិច្ច​ទទួល​រង​ការ​ប៉ះទង្កិច ​ឬ​វិបត្តិ កម្ពុជា​នឹង​មាន​កង្វះខាត​​ឧបករណ៍​ក្នុង​ការ​ស្តារ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស៕

. .
Share and Like this post

Related Posts

Previous Article

Wing promotes Khmer riel circulation among its customers

Next Article

វា​ជា​ការ​ពិត​ដែរ ឬ​ទេ?