គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង

ជា វណ្ណៈ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនីនិង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៣៥​មេហ្គាវ៉ាត់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​វិវត្តន៍​ថ្មី​នៃ​វិស័យ​ថាមពល ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ និង​ទាក់ទាញ សកម្មភាព​វិនិយោគ​នៅ​ក្នុង​ស្រុក។​

​គម្រោង​វិនិយោគ​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី​២៣០​គីឡូវ៉ុលពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញនិង​ដាក់​ឲ្យ​ដំណើរការ​វារីអគ្គិសនី​ដុត​ធ្យូងថ្ម ជំនួស​គម្រោង​វារីអគ្គិសនីស្ទឹង​ជាយ​អារ៉ែងនៅ​ខេត្ត​ព្រះសីហនុនឹង​ចាប់​ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

​លោក ផៃស៊ីផានមន្ត្រី​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រីបាន​ឲ្យ​ដឹង​ថាការ​ដាក់​ឲ្យ​ដំណើរការ​គម្រោង​អគ្គិសនី​ទាំង​ពីរ​នេះនឹង​ចូលរួម​ជាមួយ​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​ប្រ​ប្រាស់​ថាមពល​អគ្គិសនី​មាន​តម្លៃ​ទាប។

​លោក ផៃ ស៊ីផាន បាន​សរសេរ​​នៅ​ក្នុង​បណ្ដាញ​សង្គម​Facebook កាល​ពី​ថ្ងៃ​សុក្រ ថា៖ «នយោបាយ​អគ្គិសនី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​ទិសដៅ​គាំពារ​អ្នក​ក្រីក្រ ដើម្បី​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់ មាន​លទ្ធភាព​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដោយ​មាន​តម្លៃ​សមរម្យ​គ្រប់​ទី​កន្លែង»។​

​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ មក​អនុ​ស្ថានីយ​បែក​ចាន​ភ្នំពេញ ​មាន​ប្រវែង ២២០​គីឡូម៉ែត្រ ជា​លក្ខណៈ​សាងសង់ ប្រតិបត្តិ និង​ផ្ទេរ (BOT) ដោយ​ទំហំ​វិនិយោគ​ចំនួន ១៣៦.៧០​លាន​ដុល្លារ វិនិយោគ​ដោយ​ក្រុមហ៊ុន Alex Cooperation។ នេះ​បើ​តាម​លោក ផៃ ស៊ីផាន។​

​ចំណែក​​​គម្រោង​បន្ថែម​ម៉ាស៊ីន​ប្រើ​ធ្យូងថ្ម ទំហំ​ ១៣៥​មេហ្គាវ៉ាត់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ធ្យូងថ្ម​ស្អាត នៅ​ខេត្ត​ព្រះសីហនុ គឺ​ជំនួស​គម្រោង​វារីអគ្គិសនី​ជាយ​អារ៉ែង ខេត្ត​កោះកុង។ គម្រោង​នេះ នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Cambodia Energy Limited ដែល​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​កំពុង​ដំណើរការ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​កម្លាំង ៥០​មេហ្គាវ៉ាត់ ​នៅ​ខេត្ត​ព្រះសីហនុ។​

​ទំហំ​វិនិយោគ​សរុប​នៃ​គម្រោង​នេះ ២៥០​លាន​ដុល្លារ ជា​រូបភាព​វិនិយោគ សាងសង់​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម (BOO) គ្រោង​ដាក់​ដំណើរការ នៅ​ចុង​ឆ្នាំ​២០១៩។

​បើ​តាម​លោក ផៃ ស៊ីផាន គម្រោង​វិនិយោគ​សាងសង់​ខ្សែ​បញ្ចូល​អគ្គិសនី ២៣០​គីឡូវ៉ុល​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ-​ភ្នំពេញ គម្រោង​សាងសង់​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ភ្ជាប់​ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ មក​អនុ​ស្ថានីយ​បែក​ចាន​ភ្នំពេញ​ នេះ មិន​ត្រឹម​តែ​ជា​ការ​តភ្ជាប់​បណ្ដាញ​ពី​វារីអគ្គិសនី​ស្ទឹង​តាតៃ មក​កាន់​អនុ​ស្ថានីយ​នៅ​ភ្នំពេញ ​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​ការ​អភិវឌ្ឍ​​មួយ​ដែល​ភ្ជាប់​ប្រព័ន្ធ​បណ្ដាញ​ជាតិ​បញ្ជូន​អគ្គិសនី​ភាគ​ខាង​និរតី​កម្ពុជាឲ្យ​ក្លាយ​ជា​ប្រព័ន្ធ​បណ្ដាញ​កង​ជាមួយ​ភ្នំពេញដើម្បី​បង្កើន​នូវ​ស្ថិរភាពភាព​រឹងមាំ និង​សមត្ថភាព​ក្នុង​ការ​បញ្ជូន​ប្រភព​អគ្គិសនី​ពី​ស្ថានីយ​វារីអគ្គិសនី​ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ត្រីកោណ​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់​ និង​បង្កើន​នូវ​ស្ថិរភាព និង​លំនឹង​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ ផងដែរ។​

​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក ម៉ី កល្យាណ បាន​ឲ្យ​ដឹង​ថា ការ​រីកចម្រើន​ក្នុង​វិស័យ​អគ្គិសនី គឺ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់​ស្តែង ក្នុង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ របស់​កម្ពុជា។

​លោក​ថ្លែង​ថា៖ «វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​អគ្គិសនី​មាន​គុណភាពជំរុញ​ឲ្យ​មាន​ការ​លូតលាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ព្រោះ​បច្ចុប្បន្ន​នេះ យើង​មាន​អគ្គិសនី​ធម្មតា​ហើយ បើ​អត់​មាន​អគ្គិសនី​មាន​គុណភាព​ទេ យើង​ជំរុញ​វិស័យ​ឧស្សាហកម្ម​ពិបាក​ហើយ»។

​លោក ម៉ី កល្យាណ យល់​ឃើញ​ថា ការ​រីកចម្រើន​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​ឯករាជ្យ​ភាព​លើ​ការ​គ្រប់គ្រង​អគ្គិសនី​ដែល​អាច​កាត់​បន្ថយ​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​ក្រៅ។ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​​ក្នុង​ស្រុកដោយ​លក់​ចេញ​ក្នុង​តម្លៃ​ទាប​ជាង​អគ្គិសនី​នាំ​ចូលពី​បរទេស៕  

Share and Like this post

Related Posts

Previous Article

​កាកបាទ​ក្រហម​អំពាវនាវ​ពង្រឹង​ចំណេះ​ដឹង​កាត់​បន្ថយ​ការ​ស្លាប់​​មាតា និង​ទារក

Next Article

អតីត​ប្រធាន​សាលា​ដំបូង​ ត្រូវ​​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​