សម្ព័ន្ធ​អង្គការ​​ជំរុញ​​គណបក្ស​នយោបាយ​ដោះស្រាយ​តាម​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​៥០និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជាកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ជំរុញ​ដល់​រាជ​រដ្ឋាភិបាលនិង​គ្រប់​គណបក្ស​នយោបាយយក​គំរូ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ជាតិតាមរយៈ​ការ​សន្ទនា​ចរចា​គ្នានិង​ធ្វើការ​រួម​គ្នាខណៈ​ដែល​ពួកគេ​មើល​ឃើញ​ថាស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅ​មាន​ភាព​ប្រឈម​ខ្លាំង។​

​ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី «ខួប​ទី​២៥​ឆ្នាំ​នៃ​កិច្ច​​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ស្ដីពី​កម្ពុជា» នៅ​អាគារ​ DIC & USAID ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ។​

​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព បាន​ថ្លែង​ថា គុណ​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​នាំ​ឲ្យ កម្ពុជា​ ដើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការ​សន្ទនា​ចរចា​គ្នា​រក​ដំណោះស្រាយ​រវាង​ខ្មែរ​ និង​ខ្មែរ​ ដែល​ជា​ភាគី​ជម្លោះ។ ករណី​នេះ លោកស្រី បាន​ជំរុញ​ឲ្យ​កម្ពុជា ជាពិសេស​គណបក្ស​នយោបាយ គួរ​យក​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មក​សិក្សា​ឡើង​វិញ ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ រួម​គ្នា​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម ខណៈ​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ការ​គំរាមកំហែង និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស ដីធ្លី និង​យុវជន​ដែល​ហ៊ាន​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ជា​ដើម។​

. .

​លោកស្រី​ថា៖ «មក​ដល់​ពេល​នេះ ២៥​ឆ្នាំ តើ​យើង​នៅ​ប្រឈម​បញ្ហា​ដូច​គ្នា​ដែរ​ទេ ហើយ​បើ​យើង​ប្រឈមតើ​យើង​អាច​ទាញ​យក​នូវ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនេះមក​ធ្វើ​ការ​សិក្សាហើយ​យើង​អាច​ទាញ​ឲ្យ​ភាគី​ពាក់ព័ន្ធដែល​មាន​ទំនាស់​ផ្នែក​នយោបាយ ឬ​ផ្នែក​ផល​ប្រយោជន៍​ណា​មួយ អាច​ចូលរួម​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដោយ​ឈរ​លើ​ស្មារតី​ខ្មែរ​ និង​ខ្មែរ ​ជាមួយ​គ្នា ហើយ​រួប​រួម​គ្នា»។​

​លោកស្រី វ៉ាន់ ហ៊ឺលី តំណាង​ប្រចាំ​ប្រទេស​កម្ពុជា ​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​លើក​ឡើង​ថា កម្ពុជា ​មាន​ការ​រីកចម្រើន​ច្រើន ក្រោយ​ពី​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ តែ​ពុំ​មាន​ន័យ​ថា កម្ពុជា មាន​សន្តិភាព​ពេញ​លេញ​នោះ​ទេ ខណៈ​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ។

លោកស្រី​បន្ត​ថា៖ «ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន គឺ​តាមរយៈ​ការ​សន្ទនា។ ដូច​ដែល​យើង​បាន​ឃើញ​កាល​ពី ​២៥​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​អាច​មាន​ការ​សន្ទនា​បាន អុីចឹង​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​នេះ​ក៏​អាច​កើត​មាន​បាន​ដែរ រវាង​ភាគី​គណបក្ស​នយោបាយ​ផ្សេងៗ​នោះ។ ខ្ញុំ​សង្ឃឹម​ថា សន្តិភាព​នឹង​កើត​មាន​នៅ​កម្ពុជា ហើយ​សិទ្ធិមនុស្ស​នឹង​ត្រូវ​បាន​គេ​យក​មក​ពិភាក្សា និង​ត្រូវ​បាន​គោរព​នៅ​កម្ពុជា»។​

​យោង​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីសដែល​តម្រូវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្សសិទ្ធិ​នយោបាយនិង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នោះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ មន្ត្រី​តុលាការ ​ត្រូវ​អព្យាក្រឹត្យ​ឥត​លម្អៀង និង​ចៀសវាង​ការ​កើត​មាន​ទំនាស់​នៅ​ក្រោយ​ការ​បោះឆ្នោត។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ពុំ​មាន​ឡើង​កម្តៅ​នោះ​ទេ គឺ​នៅ​ធម្មតា ទាំង​ជីវភាព សេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ និង​កីឡា​របស់​ប្រជាពលរដ្ឋ ហើយ​គណបក្ស​នេះ ក៏​មិន​បាន​ទៅ​យាយី​គណបក្ស​ប្រឆាំង​ដែរព្រោះ​រឿង​ដែល​បាន​កើត​ឡើងគឺ​ដោយសារ​បុគ្គល​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ទេដែល​ប្រព្រឹត្ត​កំហុស​ល្មើស​នឹង​ច្បាប់។​

​លោក​ថា៖ «គាត់​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​រវាង​គ​ណ​បក្ស​ទាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​សភា គណបក្ស​ប្រជាជន​យើង​ឃើញ​ថា ​មិន​ដឹង​ចរចា​រឿង​អី ហើយ​ដូច​លោក​ សម រង្សុី ផ្សព្វផ្សាយ​តាម Facebook មក​ថា អត់​ទាន់​ដោះស្រាយ​បញ្ហា​នយោបាយ ហើយ​ដោះស្រាយ​បញ្ហា​នយោបាយ គឺ​ដោះលែង​អ្នក​ជាប់​ទោស ទៅអុីចឹង​ទៅ។ គណបក្ស​នយោបាយ​មាន​ភារកិច្ច​អី​ទៅ​ជជែក​គ្នា ដើម្បី​ដោះលែង​អ្នក​ទោស បើ​ធ្វើ​អុីចឹង​វា​ល្មើស រំលោភ​លើ​សមត្ថកិច្ច​របស់​តុលាការ អ៊ីចឹង​ស្មារតី​កិច្ច​ព្រមព្រៀង​ឲ្យ​ពង្រឹង​នីតិរដ្ឋ​ហ្នឹង​យក​ទៅ​ទុក​ឯ​ណា បើ​យក​វប្បធម៌​និទ្ទណ្ឌភាព​មក​ជំនួស​ហើយ​នោះ អុីចឹង​សុំ​ឲ្យ​គាត់​យល់​ពី​បញ្ហា​ហ្នឹង រក​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់»។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ស្រប​តាម​សំណើ​នេះ ព្រោះ​គោលការណ៍ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កើត​ចេញ​ពី​ការ​សន្ទនា​គ្នា​រវាង​ភាគី​ខ្មែរ​មាន​ជម្លោះ ដែល​ធុញ​ទ្រាន់​នឹង​សង្គ្រាម​ដែល​បាន​កើត​មាន​ឡើង​នា​ពេល​កន្លង​ទៅ ហើយ​ចង់​ឃើញ​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ដែល​គ្រប់គ្រង​តាម​យន្តការ​ប្រជាធិបតេយ្យ។

លោក​ថា៖ «យន្តការ​នេះ មាន​ការ​ទទួល​ស្គាល់ គោរព​គោល​នយោបាយ ឬ​ឆន្ទៈ​នយោបាយ​នៃ​គណបក្ស​នីមួយៗ ហើយ​កាល​ណា​ប្រទេស​ជាតិ មាន​បញ្ហា​ផ្សេងៗ គឺ​ត្រូវ​អនុវត្ត​ដោយ​ការ​ជជែក​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ»។

​បើ​តាម​លោក ​សុន ឆ័យ គណបក្ស​នេះ ក៏​គ្រោង​នឹង​ប្រារព្ធ​ខួប​ទី​២៥ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រំឭក​ពី​ខ្លឹម​សារ​សំខាន់ៗ​ក្នុង​កិច្ច​ព្រមព្រៀង និង​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​យល់​ពី​កាតព្វកិច្ច​ដែល​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។​

​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ឆ្នាំ​១៩៩៣ ដែល​មាន​ប្រទេស​ចំនួន ១៨ ជា​ម្ចាស់​ហត្ថលេខី រួម​ទាំង​កម្ពុជា ​ខ្លួន​ឯង៕  

. .
Share and Like this post

Related Posts

Previous Article

រដ្ឋាភិបាល ​និងសង្គមស៊ីវិល​ជំរុញ​ដោះស្រាយ​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ

Next Article

អង្ករ​ល្អ​បំផុត​របស់​ពិភព​លោក​ប្រកួត​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​