ភ្នំពេញ៖(ខ្មែរថាមស៍)ពលរដ្ឋ១៤គ្រួសារដែលតូបរបស់ពួកគាត់ត្រូវបានឈូសឆាយចោលកាលពីថ្ងៃទី៩ខែមេសាបានឡើងមកទីក្រុងភ្នំពេញដើម្បីដាក់ញត្តិនៅរដ្ឋសភានិងស្ថាប័នរដ្ឋាភិបាលផ្សេងទៀតរួមទាំងខុទ្ទកាល័យនាយករដ្ឋមន្ត្រីដើម្បីទាមទាររកយុត្តិធម៌ក្នុងការឈូសឆាយតូបរបស់ពួកគាត់ដោយមិនបានទទួលសំណងសមរម្យ។ តំណាងអាជីវករឆ្នេរអូរឈើទាលភឿកសុខខេនបាននិយាយថា៖«ពួកយើងមិនជំទាស់នឹងការអភិវឌ្ឍឆ្នេររបស់រដ្ឋាភិបាលទេប៉ុន្តែការអភិវឌ្ឍត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចរស់បានផង។ពួកយើងសំណូមពរឲ្យមានការរៀបចំស្តង់ដារហើយពួកយើងនឹងធ្វើតាម យើងនឹងព្យាយាមសម្អាតឆ្នេរឲ្យក្លាយជាឆ្នេរល្អបំផុតលើពិភពលោក»។ អ្នកស្រីបានបន្ថែមទៀតថា បើតំបន់នេះពាក់ព័ន្ធជាមួយក្រុមហ៊ុនណាមួយ សូមមេត្តារកកន្លែងណាដែលមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលយើងអាចប្រកបរបររកស៊ីបាន។ នៅក្នុងញត្តិរបស់ពួកគាត់ អាជីវករបានចោទសណ្ឋាគារសុខា ជាអ្នកនៅពីក្រោយខ្នងនៃការបណ្ដេញចេញនេះ ហើយទីបញ្ចប់ក្រុមហ៊ុននេះនឹងគ្រប់គ្រងតំបន់របស់ពួកគាត់។ បើតាមលិខិតពីទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១ ខែមិនា បានបញ្ជាក់ពីគម្រោងអភិវឌ្ឍឆ្នេរក្រុងព្រះសីហនុ ដែលមានផ្លូវទំហំ៨ម៉ែត្រដែលអមដោយផ្លូវថ្មើរជើង៣មែត្រ។ ផ្លូវនេះនឹងអាចឲ្យអ្នកជិះកង់ និងអ្នកថ្មើរជើងឆ្លងកាត់បាន។ កាលពីដើមខែកុម្ភៈ រដ្ឋាភិបាល បានចេញលិខិតបញ្ជាឲ្យអាជីវករនៅឆ្នេរចំនួន៣ មានឆ្នេរអូរឈើទាល អូរត្រេស ដំណាក់ស្ដេច ឲ្យរើចេញឲ្យបានមុនថ្ងៃទី១៣ ខែមិនា ដែលអាជ្ញាធរថា ដើម្បីសោភណភាពឆ្នេរ។ ប៉ុន្តែមកទល់នេះមានតែឆ្នេរអូរឈើទាល ទេ ដែលត្រូវបានរុះរើ ដែលមានអ្នកខ្លះទទួលយកសំណងជាទឹកប្រាក់ ចំណែកអ្នកខ្លះទៀតនៅតែបន្តតវ៉ាដើម្បីរកដំណោះស្រាយល្អជាងនេះ។ លោក ចាន់សេងងួនអភិបាលរងខេត្តព្រះសីហនុបាននិយាយថាក្រុមហ៊ុនសុខានឹងតម្រូវឲ្យចំណាយទៅលើផ្លូវកៅស៊ូក៏ដូចជាទទួលខុសត្រូវលើការសាងសង់ផ្លូវនិងហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធ។លោកបានបន្ថែមទៀតថាសណ្ឋាគារសុខា នឹងទទួលខុសត្រូវលើការថែទាំឆ្នេរ។ លោកប៊ុនណារិទ្ធអ្នកសម្របសម្រួលសមាគមលីកាដូបានបង្ហាញការអស់សង្ឃឹមចំពោះលិខិតដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីថា«ទោះបីជាផ្លូវនេះសម្រាប់សាធារណជនតែវាស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យដោយសណ្ឋាគារសុខា ដូច្នេះការឆ្លងកាត់ប្រាកដជាមានកំណត់»។…