cellcard cellcard

រដ្ឋមន្រ្តីជប៉ុននឹងជំរុញទំនាក់ទំនងក្នុងដំណើរទស្សនកិច្ចនេះ

រី សុខចាន់ / Khmer Times Share:
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Motegi Toshimitsu នឹងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចន្លោះពីថ្ងៃទី ២១-២៣ ខែសីហា។ ទូរទស្សន៍ Fresh News

លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងនឹងធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅកម្ពុជាចន្លោះពីថ្ងៃទី ២១ ដល់ ២៣ ខែសីហា ដែលនឹងឃើញវត្តមានលោកជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

 

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា លោក Motegi  នឹងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ក៏ដូចជាដឹកនាំកិច្ចប្រជុំជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពិភាក្សាពីផលប្រយោជន៍ទ្វេភាគី និងពហុភាគី។

សេចក្តីថ្លែងការណ៍បាននិយាយថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម Motegi មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរលើគ្រប់វិស័យនិងក្របខ័ណ្ឌ» ។

សេចក្តីថ្លែងការណ៍បានបន្តថា៖ «វាក៏ឆ្លុះបញ្ចាំងពីសាមគ្គីភាពដែលមានរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្នុងប្រតិបត្តិការស្តារសេដ្ឋកិច្ចក្រោយមានជំងឺរាតត្បាត»។

ក្រសួងការបរទេសជប៉ុនបាននិយាយថាលោក Motegi នឹងធ្វើទស្សនកិច្ចនៅប្រទេសឡាវ មីយ៉ាន់ម៉ា និងប៉ាពួញូហ្គីណេនៅចន្លោះថ្ងៃទី ២០ និង ២៥ ខែសីហា។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនីមួយៗ លោក Motegi គ្រោងនឹងផ្លាស់ប្តូរទស្សនៈស្តីពីកង្វល់ និងផលប្រយោជន៍រួម ដែលរួមមានការពិភាក្សាអំពីការសំរេចបាននូវយុទ្ធសាស្រ្តសេរី និងបើកទូលាយ ឥណ្ឌូ-ប៉ាស៊ីហ្វិក ជម្លោះដែលកំពុងកើតមាននៅសមុទ្រចិនខាងត្បូងនិងការព្រួយបារម្ភនៅប្រទេសកូរ៉េខាងជើង។

ក្រសួងបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Motegi គឺមានគោលបំណងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសជប៉ុន និងប្រទេសនានា។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «លើសពីនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងបីក្នុងតំបន់មេគង្គន លោករដ្ឋមន្ត្រី Motegi នឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងការបន្តការធ្វើដំណើរឆ្លងកាត់ព្រំដែន និងកិច្ចសហប្រតិបត្តិការស្តីពីវិធានការណ៍ឆ្លើយតបប្រឆាំងនឹងជំងឺកូវីដ-១៩» ។

ដំណើរទស្សនកិច្ចនេះនឹងមានរយៈពេលមួយឆ្នាំចាប់តាំងពីលោក Norikazu Suzuki អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានចំណាយពេល ៣ ថ្ងៃមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសជួបជាមួយលោក​ Suzuki កាលពីឆ្នាំមុនលោក ហ៊ុន សែន បាននិយាយថា រាជធានីភ្នំពេញកំពុងជួបបញ្ហាកកស្ទះចរាចរណ៍ហើយបានសួរថាតើក្រុមហ៊ុនជប៉ុនអាចអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសម្រាប់រាជធានីបានដែរឬទេ?

លោក ហ៊ុន សែន ក៏បានកោតសរសើរប្រទេសជប៉ុនជាដៃគូអន្តរជាតិ ដែលលោកបាននិយាយថាតែងតែជួយក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងព្រះរាជាណាចក្រ និងបានផ្តល់ថវិកា និងការគាំទ្រជាច្រើន ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដូចជានៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ៕

 

 

ប្រែសម្រួលដោយ សៀវ គួយអ៊ី

 

Related Posts

Previous Article

ក្រសួងបរិស្ថានថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា

Next Article

លោកស្រី ជា សិរី ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​វាយ​តម្លៃ​ដ៏​សំខាន់​នៅ​ឆ្នាំនេះ​