cellcard cellcard

អ្នក​រើស​អេត​ចាយ ឬ​ជន​អនាថា គួរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​

សែន ដាវីត / Khmer Times Share:

​យោងតាម​រដ្ឋមន្ត្រី ជនអនាថា និង​អ្នកសុំទាន​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ចង់​ដាក់​ពាក្យសុំ​ប័ណ្ណ​ក្រីក្រ និង​មាន​សិទ្ធិ​ទទួលបាន​ប្រាក់​ជំនួយ​កំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​គួរ​វិលត្រឡប់​ទៅ​ភូមិកំណើត​វិញ​។​

​លោក ថេ​ង បញ្ញា​ធន អគ្គនាយក​ក្រសួងផែនការ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា ប្រជាជន​ដែល​គ្មាន​ផ្ទះសម្បែង រួមទាំង​អ្នក​រើស​អេតចាយ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​អាចដាក់​ពាក្យសុំ​ប័ណ្ណ​ក្រីក្រ​បាន ប្រសិនបើ​ពួកគេ​ត្រឡប់​ទៅ​ភូមិកំណើត​នៅតាម​ខេត្ត​ដើម្បី​ចុះឈ្មោះ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ ។​

​លោក បញ្ញា​ធន បាន​និយាយថា​ប័ណ្ណ​ក្រីក្រ​ត្រូវ​បានចេញ​ដោយ​ផ្អែកលើ​សៀវភៅ​គ្រួសារ​ពី​កន្លែង​កំណើត និង​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ថា​ពួកគេ​ក្រីក្រ​។​

​លោក​បាន​និយាយថា​៖ «​ប្រសិនបើ​អ្នកណាម្នាក់​ដូចជា អ្នកសុំទាន រឺ​អ្នក​រើស​អេតចាយ​ដែលមាន​ប័ណ្ណ​ក្រីក្រ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​យើង​នឹង​ផ្តល់ [​ប្រាក់សុទ្ធ​] ដល់​ពួកគេ​» ។ លោក​បាន​បន្ថែមថា​ប្រសិនបើ​ពួកគេ​មាន​សៀវភៅ​គ្រួសារ​នៅ​ខេត្តកំពត ពួកគេ​ត្រូវតែទៅ​ទីនោះ​ដោយផ្ទាល់ និង​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក​បាន​បន្ថែមថា អ្នកសុំទាន និង​អ្នក​រើស​អេតចាយ​មួយចំនួន​បាន​លាក់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដោយ​មិន​បង្ហាញ​ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​។ លោក​បាន​និយាយថា មនុស្ស​មួយចំនួន​បាន​បដិសេធ មិន​បង្ហាញថា​ពួកគេ​ជា​អ្នកសុំទាន ឬ​រើស​អេតចាយ​ឡើយ​។​

​លោក​បាន​និយាយថា​៖ «​ថវិការ​នេះ​ត្រូវ​បានរៀបចំ​សម្រាប់​អ្នក​ដែលមាន​អាស័យដ្ឋាន​អចិន្ត្រៃយ៍ ដូច្នេះ​ពួកគេ​អាចដាក់​ពាក្យសុំ​ប័ណ្ណ​នេះ​នៅតាម​ភូមិ​របស់​ពួកគេ​បាន​» ។​

​រដ្ឋាភិបាល​បានប្រកាស​គម្រោង​របស់​ខ្លួន​ក្នុងការ​ចំណាយ​ប្រាក់​ប្រហែល ២៥ លាន​ដុល្លារ​ក្នុង​មួយខែ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង ៥៦០០០០ គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺឆ្លង​។​

ចំនួន​ប្រជាជន​ក្រីក្រ​មាន​ចំនួន​ប្រហែល ៦០ ម៉ឺន​គ្រួសារ​ឬ ២,៣ លាន​នាក់​នេះ​បើ​យោងតាម​ក្រសួងផែនការ​។​

​ក្រសួង​បាន​និយាយថា ខ្លួន​នឹង​បន្តធ្វើ​ការស្ទង់មតិ​ជនក្រីក្រ​នៅ​ដំណាក់កាល​ទី ២ នៃ​ការឧបត្ថម្ភ​នេះ​នៅ​ចុងខែ​មិថុនា ហើយ​ការងារ​ប្រមូល​ទិន្នន័យ​នឹង​នៅតែ​បន្ត​។​

​អ្នកនាង ចាន់ សំ អ្នកសុំទាន​ម្នាក់​ដែល​នៅ​ម្តុំ​ផ្សារកណ្តាល​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​បាន​និយាយថា គាត់​មិនមាន​សមាជិកគ្រួសារ​នៅក្នុង​ភូមិកំណើត​របស់​គាត់​នៅ​ខេត្តព្រៃវែង​ទេ​។​

​អ្នកនាង​បាន​និយាយថា​៖ «​ខ្ញុំ​ក៏​ចង់​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល​ដែរ​ពីព្រោះ​ខ្ញុំ​ក្រីក្រ​ណាស់​។ ឥឡូវ​ខ្ញុំ​គ្មាន​ប្រាក់​ធ្វើដំណើរ​ទៅ​ភូមិ​របស់ខ្ញុំ​ដើម្បី​ធ្វើ​ប័ណ្ណ​ក្រីក្រ​ទេ​»​។​

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​បាន​និយាយថា ក្រសួង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដ​ល់​អ្នកសុំទាន និង​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង​ដើម្បី​រៀន​ជំនាញ​ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ចូលរួម​។​

​លោក​បាន​និយាយថា​៖ «​ក្រសួង​បាន​ព្យាយាម​ជួយ​ពួកគេ​ដោយ​ឲ្យ​ពួកគេ​ស្នាក់នៅ និង​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​នេះ ប៉ុន្តែ​ពួកគេ​បាន​និយាយថា​ពួកគេ​គ្មាន​សេរីភាព​នៅ​ទី​នោះទេ​»៕

ប្រែ​សម្រួល សុខ ស្រី​លុច​

Related Posts

Previous Article

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី ៦៩ ឆ្នាំ ខណៈ​ដែល​គណបក្ស​បើក​សម្ពោធ​ទីស្នាក់​ការ​កណ្តាល​ថ្មី​

Next Article

គម្រោងចំនួនពីរក្នុងខេត្តកំពតនឹងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត