cellcard cellcard

ខេត្ត​ក្រចេះ​សម្រេច​រុះរើ​សំណង់​ផ្ទះ​បុរាណ​អាយុ​ជាង ២០០ ឆ្នាំ ខណៈ​មាន​ការ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម

ប៉ិច សុធារី / Khmer Times Share:

​ក្រចេះ​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រចេះ បាន​បញ្ជាក់ថា សំណង់ផ្ទះ​បុរាណ​សសរ​១០០ នៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ដែល​បាននិងកំពុង​រុះរើ​ទៅកាន់​ទីតាំង​ថ្មី​នោះ នឹងមិន​បាត់បង់​រចនាបទ​ដើមឡើយ ហើយ​ក្រោយពី​ការសាងសង់​ឡើងវិញ​រួច ផ្ទះ​នេះ​នឹង​ក្លាយជា​សារមន្ទីរ​ដ៏​មានតម្លៃ សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ បាន​ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ​។​

​ការបញ្ជាក់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ជាច្រើន​នៅតាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​អន​ឡាញ​មួយចំនួន ពី​ស្ថានភាព​នៃ​ការរុះរើ​ផ្ទះ​សសរ​១០០​នេះ ដោយ​រិះគន់ថា មន្ទីរ​វប្បធម៌ និង​អាជ្ញាធរខេត្ត មិនបាន​យកចិត្តទុកដាក់​អភិរក្ស​សំណង់​បុរាណ​ដែលមាន​អាយុកាល​ប្រមាណ ២០០​ឆ្នាំ​មួយ​នេះ ដែល​អាច​នាំ​ឲ្យ​មានការ​បាត់បង់​។

​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ លោក ទេព វាសនា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ការរុះរើ​ផ្ទះ​សរសរ​១០០​នេះ ធ្វើឡើង​ដើម្បី​ជួយសង្គ្រោះ​ដល់​សំណង់ផ្ទះ​បុរាណ​មួយ​នេះ ឲ្យ​រួច​ផុតពី​ការខូចខាត​ដោយ​ប្រការ​ណាមួយ ត្បិត​ម្ចាស់ផ្ទះ​បាន​ស្នើសុំ​អាជ្ញាធរ​រុះរើ ដើម្បី​យក​ដី​សង់ផ្ទះ​ថ្មី​ចែក ជូន​ដល់​កូនចៅ​របស់គាត់​។​

​លោក​បន្តថា​៖ «​ការរុះរើ​នេះ​មិនមែន​ជាការ​បំផ្លាញចោល​ឡើយ ប៉ុន្តែ​ជាការ​រុះរើ​មួយ​ដែលមាន​ការត្រួតពិនិត្យ​ហ្មត់ចត់ និង​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​បូរាណ​វិទូ ស្ថាបត្យករ និង​វិស្វករ​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​»​។​

​លោក ទេព វាសនា បាន​បន្តថា មុន​ឈានដល់​ការរុះរើ​នេះ ក្រសួង​វប្បធម៌ និង​អាជ្ញាធរខេត្ត ធ្លាប់​បានស្នើ​ដល់​ម្ចាស់ផ្ទះ​ចំនួន​២​ចំណុច ក្នុង​នោះបាន​ស្នើសុំ​រក្សា​ភាព​ដើម​នៃ​សំណង់ ហើយ​រៀបចំ​ជាទី​តាំង​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ និង​សាធារណជន មក​ទស្សនា និង​មួយទៀត​ស្នើសុំ​ទិញ​ទី​តាំងតែ​ម្តងនោះ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម និង​លក់​ក្នុងតម្លៃ​ខ្ពស់ ទើប​ក្រសួង​សម្រេចចិត្ត​ផ្តល់​ថវិកា​ចំនួន ៨០០០​ដុល្លារ ដែល​បានមកពី​ការជួយ​របស់​សប្បុរស​ជន ដើម្បី​រុះរើ​សំណង់​បុរាណ​នោះ យកទៅ​សាងសង់​ឡើងវិញ​នៅ​ទីតាំង​ថ្មី ក្នុង​បរិវេណ​វត្ត​រកា​កណ្តាល ទី​រួម​ខេត្តក្រចេះ ដែលជា​ទីតាំង​សំណង់​វត្ត​បុរាណ​ដ៏​ល្បី​មួយ​របស់​ខេត្ត​និង​ថ្នាក់ជាតិ​។​

​ប្រធាន​មន្ទីរ​រូបនេះ​បាន​បន្តទៀតថា កាលដើមឡើយ​ផ្ទះ​នេះ មាន​សសរ​ចំនួន​១០០ ទើប​មានការ​ដាក់ឈ្មោះថា «​ផ្ទះ​សសរ​១០០» ប៉ុន្តែ​បច្ចុប្បន្ន ផ្ទះ​នេះ​នៅសល់តែ​សសរ​ចំនួន​៥១​ដើម​ប៉ុណ្ណោះ ក្នុង​មាន​សសរ​ជាង​៤០​ដើម​ដែល​នៅ​ល្អ ក្រៅពីនោះ​មាន​សភាព​ពុកផុយ​អស់ហើយ​។​

​អ្នកស្រី អ៊ា សារា អាយុ ៥៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ​សសរ​១០០ បាន​មានប្រសាសន៍ថា ផ្ទះ​នេះ​មាន​អាយុកាល​ប្រមាណ ២០០​ឆ្នាំ​មកហើយ ដោយមាន​ម្ចាស់​រស់នៅ​តៗ​គ្នា​៤​ជំនាន់​មកហើយ គិត​មកដល់​ជំនាន់​គ្រួសារ​អ្នកស្រី​។ អ្នកស្រី​បន្តថា ដោយសារតែ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​នេះ បាន​រង​ការបំផ្លាញ​ផ្នែក​ខ្លះ​នៃ​ផ្ទះ​ក្នុងសម័យ​ប៉ុលពត និង​មកដល់​បច្ចុប្បន្ន មាន​សភាព​ចាស់​ទ្រុត​ទ្រោម​នោះ ទើប​អ្នកស្រី ស្នើសុំ​ទៅ​អាជ្ញាធរ​រុះរើ ដើម្បី​ចែក​ដី​ដល់​កូនចៅ​សម្រាប់​សង់ផ្ទះ​ថ្មី​។​

​អ្នកស្រី​៖ «​ដំបូង​ខ្ញុំ​សុំ​អាជ្ញាធរ​រុះរើ ហើយ​យក​សំណង់​នោះ​ទុក​មួយ​ដុំ ដើម្បី​រក​ទីតាំង​ថ្មី​សាងសង់​ឡើងវិញ ប៉ុន្តែ​ខាង​ក្រសួង​វប្បធម៌ មិន​អនុញ្ញាត ទើប​មាន​ការចរចា​គ្នា​ដោះដូរ​ជា​ថវិកា​ខ្លះ ដើម្បី​ឲ្យ​មន្ត្រី​ក្រសួង​រុះរើ​សំណង់ផ្ទះ​នេះ យកទៅ​សាងសង់​ថ្មី នៅ​វត្ត​រកា​កណ្តាល​នេះ​តែម្តង​»​។​

​បើតាម​មន្ទីរ​វប្បធម៌​ខេត្ត ការរុះរើ​សំណង់ផ្ទះ​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃអាទិត្យ ដែល​បច្ចុប្បន្ន រុះរើ​បាន​ប្រហែល ៣០​ភាគរយ​ហើយ ហើយ​ការរុះរើ​អាច​នឹង​បញ្ចប់​នៅក្នុង​កំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាងមុខ ហើយ​ចំពោះ​ការសាងសង់​សំណង់​នេះ​ឡើងវិញ នឹងធ្វើ​ឡើង​តាម​រចនាបទ​ដើម​ទាំងស្រុង ប៉ុន្តែ​មានការ​ពង្រីក​បន្ថែម​នៅ​ផ្នែក​ខាងក្រោយ​ផ្ទះ ដើម្បី​ឲ្យ​បាន​គ្រប់​សសរ​១០០​ឡើងវិញ​៕

Related Posts

Previous Article

សមយុទ្ធ​យោធា​សំខាន់ៗ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ជំងឺ​កូវីដ​១៩

Next Article

ណាហ្គា​វើ​លដ៍​ប្តេជ្ញា​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល​