cellcard cellcard cellcard

កម្ពុជារកឃើញចំនួនសំបុក និងពងកន្ធាយក្បាលកង្កែបច្រើនជាងឆ្នាំមុន

ប៉ិច សុធារី / Khmer Times Share:
WCS Cambodia

ភ្នំពេញ៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បានលើកឡើង​​​ថា កន្ធាយ​ក្បាលកង្កែបឬល្មិច ដែល​ជា​​ប្រភេទ​​​​​សត្វ​​កំពុងទទួលរង​គ្រោះ​ជិតផុត​ពូជ​បំផុត​​នៅក្នុងប្រទេសកម្ពុជា នៅក្នុងរដូវពងកូនឆ្នាំនេះ  មានចំនួនកើនឡើង បើធៀប​​នឹង​បីឆ្នាំកន្លងមក។​

យោង​តាមសេចក្តីប្រកាសព័ត៌មាន​របស់អង្គការ WCS កាលពីថ្ងៃ​សៅរ៍ ដែលជា​ទិវា​អណ្តើក​ពិភព​លោកនោះ បាន​លើក​​​ឡើង​​ថា ក្រុមការ​ពារ​​សំបុកនៅសហគមន៍​ បានរកឃើញសំបុកកន្ធាយ​ក្បាលកង្កែប​ចំនួន ៤៩ ​សំបុក ដែល​មាន ១.៧៥៦​​ពង ដែល​ចំនួននេះ​កើនឡើង​ឆ្នាំ​មុន ចំនួន ២សំបុក និងចំនួន​ជាង​២០០ពង។ អង្គការនេះ បានបន្តថា បើទោះជា​សំបុក​កើនឡើង​បន្តិច​​​ក្តី ប៉ុន្តែ​បើគិត​ជា​ចំនួនពង​សរុប​ប្រចាំ​ឆ្នាំ គឺ​មានការ​កើនឡើងបើធៀប​នឹងបីឆ្នាំ​កន្លង​មក។

អង្គការនេះបានបញ្ជាក់ថា៖ «ដោយគិតត្រឹម​ថ្ងៃ​ទី​២២ ខែ​ឧសភា​នេះ មានកូនកន្ធាយ​ក្បាលកង្កែប​​សរុបចំនួន ៨២៤​កូន បានញាស់ចេញពីសំបុក​ចំនួន ៤១ ​ក្នុង​នោះ​កូន​​កន្ធាយ​ចំនួន ៦៥៧ ត្រូវបានលែង​ចូលក្នុងទីជម្រក​​ធម្មជាតិវិញ ខណៈកូនកន្ធាយដែលនៅសល់ កំពុង​ស្ថិត​​ក្រោម​​ការ​មើល​ថែ​ទាំរបស់ក្រុមការងារ​ និងគ្រោងលែង​ចូលក្នុង​ទីជម្រក​ធម្ម​ជាតិ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ»។​​

លោក កែន សេរីរដ្ឋា នាយកអង្គការWCS បានមានប្រសាសន៍កាលពីថ្ងៃ​អាទិត្យ​​​​ថា កំណើននៃសំបុក និងកន្ធាយ​ បាន​ជំរុញ​ និងលើក​ទឹក​ចិត្តដល់ក្រុមការងារ​អភិរក្ស​ឲ្យ​ខិត​ខំប្រឹង​ប្រែង​បន្តទៀត ដើម្បីអភិរក្ស​​កន្ធាយក្បាលកង្កែប​ដែលកំពុង​ទទួល​រង​គ្រោះ​​ជិត​ផុតពូជ​បំផុត​នេះ។ លោកបន្តថា៖ «បើទោះជាអត្រា​កន្ធាយក្បាលកង្កែបឆ្នាំនេះមានការកើនឡើង ប៉ុន្តែ​​ពួកវាហាក់ពុំ​សូវមាន​សុខភាព​ល្អដូចឆ្នាំកន្លងមកទេ ដោយសារបញ្ហាប្រែប្រួលអាកាស​ធាតុ ​ធ្វើឲ្យកំដៅ​កើនឡើង»។

លោក​ រដ្ឋា បានបន្តទៀតថា ការកើនឡើង​នេះ បានដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនពី​ការ​អភរិក្ស​កន្ធាយ​​​​ក្បាលកង្កែប និងបានចូលរួមកាន់តែច្រើនក្នុងការចូលរួម​​​ តាមរយៈ​កម្មវិធី​​ការពារសំបុក​តាមសហគមន៍​​​ និង​ការ​ផ្សព្វ​ផ្សាយ​របស់អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ។

តែយ៉ាងណា លោក​ក៏បានបង្ហាញការព្រួយ​បារម្ភផង​ដែរចំពោះកិច្ចការអភិរក្ស ខណៈដែលប្រភេទកន្ធាយ​នេះ ក៏មាន​​បញ្ហា​​ប្រឈម​​​​​ធំផងដែរ​ ពីការនេសាទដោយខុសច្បាប់​ ដែលទាមទារឲ្យមានការបង្កើន​​ការទប់ស្កាត់។ លោកថា៖ «ការ​ឆក់ ការ​ដាក់ម៉ង និងការនេសាទ​ខុ​ស​ច្បាប់​ប្រភេទ ជា​បញ្ហាប្រឈមធំសម្រាប់ការអភិរក្សកន្ធាយ​ក្បាល​កង្កែបនេះ ជា​ពិសេស​​ការប្រើឧបករណ៍​ឆក់​​»។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស​ជលផលនៃ​រដ្ឋបាលជលផល បានសាទរ​ចំពោះ​កំណើន​នៃសត្វកន្ធាយ​ក្បាល​​កង្កែប​នេះ ​និងបានស្នើឲ្យភាគីពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​មូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងជា​ពិសេស​អង្គការ WCS ​បន្ត​កិច្ចខិត​ខំប្រឹង​ប្រែង​ក្នុងការស្តារសត្វ​ប្រភេទកន្ធាយ​ដែលកំពុងរងគ្រោះថ្នាក់នេះឲ្យមានវត្តមាននៅក្នុងដែន​​ទឹក​ធម្មជាតិឡើងវិញ។

លោកបានគូសបញ្ជាក់ថា៖ «​សូមក្រើនរំលឹកដល់ជនមួយចំនួន បើ​​នៅតែបន្តជួញដូរប្រភេទ​សត្វនេះ នឹង​ត្រូវ​​ទទួល​ទោស​​​ចំពោះ​មុខច្បាប់»។

បើតាមអង្គការ WCS កន្ធាយក្បាលកង្កែបឬល្មិច ដែលមានឈ្មោះ​វិទ្យាសាស្ត្រ​ថា Pelochelys cantorii ត្រូវបាន​ចាត់​ចូល​ក្នុងបញ្ជី​ក្រហម​របស់អង្គការ IUCN ជាប្រភេទ​សត្វរងគ្រោះជិតផុតពូជបំផុត ហើយ​វា​នៅមានចំនួនតិច​តួច​ប៉ុណ្ណោះ​ក្នុងប្រទេស​ឡាវ និងប្រទេសមួយចំនួនទៀត​។ អង្គការនេះ បន្តថា​​​ វា​ក៏​ទំនង​ជាបានផុត​ពូជ ហើយ​​​​​នៅ​​តាម​អតីត​​ទីជម្រក​​ដែលវា​ធ្លាប់រស់នៅ​ភាគច្រើនក្នុងប្រទេស​វៀតណាម និងថៃ ដោយសារ​មានការលួចចាប់ និងធ្វើ​ពាណិជ្ជ​កម្ម​ រួមទាំង​សកម្មភាព​ខុសច្បាប់ក្នុងការប្រមូលយកពងរបស់វា យកទៅលក់​ឬ​ធ្វើជា​អាហារ។

អង្គការ​នេះ បានបន្តថាទៀតថា នៅកម្ពុជា អ្នកវិទ្យាសាស្ត្រ មិនបានរកឃើញវត្តមានប្រភេទ​កន្ធាយ​នេះ​ទេ ក្នុង​ចន្លោះ​ឆ្នាំ​​​២០០៣ ដល់ឆ្នាំ​២០០៧ ប៉ុន្តែ​ក្រោយ​មក​អង្គការ​អភិរក្ស​អន្តរជាតិ (CI) បានរកឃើញវត្តមានកន្ធាយនេះ​នៅក្នុង​​ទន្លេ​មេគង្គ​ចន្លោះពីខេត្តក្រចេះ ដល់ស្ទឹង​ត្រែង និងបាន​សហការ​ជាមួយ​រដ្ឋបាលជល​ផលការពារប្រភេទ​កន្ធាយ​នេះរ​ហូតមកដល់ឆ្នាំ​២០១៧ ទើប​ប្រគល់គម្រោងនេះទៅឲ្យអង្គការ​WCS។ ចាប់តាំងពីពេលនោះមក​ អង្គការ WCS និង​រដ្ឋបាលជល​ផល បាន​និងកំពុង​ធ្វើការ​អភិរក្ស តាមរយៈ​ការទប់ស្កាត់រាល់សកម្មភាព​ខុស​ច្បាប់​ទាក់ទងនឹងការចាប់​ និង​ការ​ធ្វើពាណិជ្ជ​​កម្ម​ប្រភេទ​​កន្ធាយ​​​​ក្បាលកង្កែបនេះ រួមនិង​​កម្មវិធីការពារសំបុកនៅតាមសហគមន៍៕

 

Previous Article

បទល្មើសខុសច្បាប់ចរាចរណ៍ថយចុះ ក្រោយពីអនុវត្តច្បាប់រយៈពេល ២០ថ្ងៃដំបូង

Next Article

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ទី​១៣ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​នៅ​កម្ពុជា​ដូច​ដែល​បាន​គ្រោង​ទុក​