ana-air canadia-bank Silk-air nissan acleda cab-bank

អង្គការក្រៅរដ្ឋាភិបាល​យល់ឃើញថា ប្រជាជន​កម្ពុជា ៣ លាន​នាក់​ប្រឈម​នឹង​ជំងឺឆ្លង

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
អាណាព្យាបាល​បាននាំ​កូនៗ​របស់​ពួកគេ​ទៅ​ទទួល​យក​ការ​ព្យាបាល​នៅ​មន្ទីពេទ្យ​គុទ្ធបុប្ផា។ KT/ ម៉ៃ វីរៈ

ភ្នំពេញ​៖ អង្គការ​វ័ត​ធឺ​អេ​ត​ប្រចាំ​ប្រទេស​កម្ពុជា​(WaterAid) ស្នើ​ដល់​រាជរដ្ឋាភិបាល ពិចារណា​ដាក់​វិស័យ​ទឹកស្អាត និង​អនាម័យ​ជា​អាទិភាព​ក្នុង​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​សំខាន់​មួយ​របស់​ប្រទេស ដើម្បី​ឆ្លើយតប​នឹង​ការ​រាតត្បាត​ជាស​កល​នេះ​វីរុស​កូ​វីដ​១៩ និង​ជំងឺឆ្លង​នានា ខណៈ​អង្គការ​នេះ​បាន​រកឃើញថា​មាន​ប្រជាជន​ប្រមាណ​ជាង ៣​លាន​នាក់ អាច​នឹង​ប្រឈម​នឹង​ជំងឺឆ្លង​ទាំងនោះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WaterAid កាលពី​ថ្ងៃ​ចន្ទ បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការអនុវត្ត​អនាម័យ​ដៃ និង​ការការពារ​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស ស្រប​ពេលដែល​ពិភពលោក រួមទាំង​កម្ពុជា បាននិងកំពុង​នឹង​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​អង្គការ​នេះ ក៏មាន​ក្តីបារម្ភ​ផងដែរ ដែលមាន​ប្រជាជន​ប្រមាណ​ជាង ៣​លាន​នាក់ នៅ​ប្រទេស​កម្ពុជា កំពុង​ខ្វះ​ទឹកស្អាត និង​សាប៊ូ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ខណៈដែល​បុគ្គលិក​សុខាភិបាល​ជួរមុខ​មួយចំនួន រួមទាំង​អ្នកជំងឺ​របស់​ពួកគេ ក៏​កំពុង​ខ្វះ​ទឹកស្អាត​និង​សាប៊ូ នៅក្នុង​មូលដ្ឋាន​សុខាភិបាល​របស់​ពួកគេ​ផងដែរ​។

​អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​មូលដ្ឋាន​សុខាភិបាល អាច​ប្រឈម​នឹង​ជំងឺឆ្លង​នេះ​ខ្លាំងជាងគេ ដែល​ធ្វើ​ឲ្យ​អាយុជីវិត​គ្រូពេទ្យ គិលានុបដ្ឋាន និង​ឆ្មប ជួប​ហានិភ័យ នៅពេល​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​»​។​

​អង្គការ​នេះ​បាន​បន្ថែមថា​៖ «​ទោះបីជា ការ​លាងដៃ​ជាមួយ​សាប៊ូ ជា​មធ្យោបាយ​ចម្បង​មួយ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​ក៏ដោយ ក៏​នៅក្នុង​ប្រទេស​កម្ពុជា ប្រមាណ​២១%​នៃ​ប្រជាជន នៅតែ​មិនមាន​កន្លែង​សម្រាប់​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​នៅឡើយ និង​មាន​ប្រមាណ​១០% នៃ​មូលដ្ឋាន​សុខាភិបាល​កំពុងតែ​ខ្វះ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​»​។

​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តទៀតថា នៅក្នុង​កិច្ចប្រជុំ​សន្និបាទ​សុខភាព​ពិភពលោក​នា​សប្តាហ៍​នេះ អង្គការ WaterAid ប្រចាំ​នៅ​កម្ពុជា ក៏បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​នានា ការពារ​សុវត្ថិភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​បុគ្គលិក​សុខាភិបាល តាមរយៈ​ការ​ឲ្យ​ពួកគេ​ទទួលបាន​សាប៊ូ និង​ទឹកស្អាត​គ្រប់ៗ​គ្នា​។​

​លោក ឆា​ត់ សុភាព (Chat Sophiep) នាយក​ប្រចាំ​ប្រទេស​អង្គការ WaterAid បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ប្រមាណ​ជាង ៣០% ដែល​មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់​នៅឡើយ ខណៈ​បញ្ហា​អនាម័យ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​។ លោក​ថា​៖ «​ការទទួលបាន​ទឹកស្អាត​ប្រើប្រាស់ និង​ការ​លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ចាំបាច់​ក្នុងការ​ការពារ​ការចម្លង​មេរោគ និង​បំបែក​វដ្ត​នៃ​ជំងឺ ដែល​នឹង​រួមចំណែក​ទៅនឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល​វែង​ដែរ​»​។​

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ស្នើ​ដល់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ចាត់​វិស័យ​ទឹកស្អាត និង​អនាម័យ ជា​វិស័យ​អាទិភាព​នៅក្នុង​គោលនយោបាយ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់ខ្លួន​។​

​លោក​ថា​៖ «​នៅ​កម្រិត​ថ្នាក់ក្រោម​ជាតិ យើង​ឃើញថា ការផ្គត់ផ្គង់​ទឹកស្អាត ត្រូវបាន​ចាត់​ចូល​ជា​វិស័យ​អាទិភាព​ហើយ ប៉ុន្តែ​វិស័យ​អនាម័យ និង​ការផ្លាស់ប្តូរ​អាកប្បកិរិយា​[​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​អនាម័យ​] នៅ​មិនទាន់​ដាក់បញ្ចូល​ជា​វិស័យ​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ​នៅឡើយ ដូច្នេះ​យើង​ចង់​ឲ្យ​បញ្ចូល​វិស័យ​ទាំងនេះ ទៅក្នុង​គោលនយោបាយ​ថ្នាក់ជាតិ និង​ផែនការ​សកម្មភាព ផែនការ​វិនិយោគ​ប្រចាំ​ឆ្នាំ​នៅ​ថ្នាក់ក្រោម​ជាតិ​»​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​ថ្ងៃ​ពុធ​។​

​តែ​យ៉ាងណា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល តែង​អំពាវនាវ​ជារឿយៗ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​នឹង​សាប៊ូ​ជាមួយ​ទឹកស្អាត ឬ​អាល់កុល និង​ជែ​ល​លាងដៃ ដើម្បី​ការពារ​ការឆ្លង​វីរុស​កូ​វីដ​១៩ និង​ជំងឺឆ្លង​នានា​។​

​លោកស្រី សោភា ជា​អនុប្រធាន និង​ឆ្មប នៅ​មណ្ឌល​សុខភាព​ជ្រៃ​បាក់ ខេត្តកំពង់ឆ្នាំង បាន​និយាយថា មណ្ឌល​សុខភាព​របស់លោក​ស្រី​មាន​ទឹកស្អាត សាប៊ូ និង​កន្លែង​លាងដៃ​គ្រប់គ្រាន់​សម្រាប់​ការពារ​ជំងឺឆ្លង​នានា ហើយ​បុគ្គលិក​មណ្ឌល​សុខភាព និង​អ្នកជំងឺ ត្រូវអនុវត្ត​អនាម័យ​ដៃ និង​ពាក់​ម៉ាស់ មុនពេល​ចូលក្នុង​មណ្ឌល​សុខភាព​។ លោកស្រី​ថា​៖ «​ខ្ញុំ និង​បុគ្គលិក​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា និង​រក្សា​អនាម័យ​ដៃ​ស្អាត​ជានិច្ច​»​។​

​សា​ស្រា​ចា​រ្យ Wendy Graham មកពី​សកល​វិទ្យាល័យ London School of Hygiene & Tropical Medicine បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​WaterAid​ថា កាលពី​ឆ្នាំមុន ដំណោះស្រាយ​របស់​សភា​សុខភាព​ពិភពលោក ស្តីពី ទឹកស្អាត បង្គន់ និង​អនាម័យ នៅក្នុង​មូលដ្ឋាន​សុខាភិបាល បាន​សន្យា​ដោះស្រាយ​ឧបសគ្គ​ទាំងនោះ ក្នុង​ការផ្តល់​ការថែទាំ​សុខភាព និង​សុវត្ថិភាព​។ តែ​យ៉ាងណា លោក​ថា គួរ​ឲ្យ​សោកស្តាយ​ដែល​មាក​ការរីកចម្រើន​តិចតួច ក្នុងការ​សម្រេច​ឲ្យ​បានការ​ប្តេជ្ញាចិត្ត​ទាំងនោះ​៕​

Related Posts

Previous Article

រដ្ឋាភិបាល​សម្រេច​ឲ្យ​បើក​សារមន្ទីរ​ទូទាំងប្រទេស​ឡើងវិញ​នៅ​ខែក្រោយ​

Next Article

រដ្ឋបាល​ជលផលចេញ​​ប្រកាស់ពី​រដូវ​បិទ​នេសាទ​