ana-air canadia-bank Silk-air nissan acleda cab-bank

រដ្ឋបាល​ជលផលចេញ​​ប្រកាស់ពី​រដូវ​បិទ​នេសាទ​

ប៉ិច សុធា​រី​ / Khmer Times No Comments Share:
អ្នក​នេសាទ​កំពុង​បង់​សំណាញ់​ចាប់​ត្រី​នៅក្នុង​បឹង​មួយ។ KT/ ប៉ាន់ រចនា

​​ភ្នំពេញ​៖ រដ្ឋបាល​ជលផល បាន​ហាម​ការប្រើប្រាស់​ឧបករណ៍​នេសាទ​មួយចំនួន ក្នុង​រដូវ​បិទ​នេសាទ នា​ដើមខែ​មិថុនា​ខាងមុខ ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល ឲ្យ​បាន​គង់វង្ស​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជា​សាន បានលើកឡើង​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​កាលពីដើម​សប្តាហ៍​នេះ​ថា រដូវ​បិទ​នេសាទ​សម្រាប់​ការនេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវបាន​កំណត់​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ដល​ថ្ងៃទី​៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ផ្នែក​ខាងជើង​ទន្លេចតុមុខ​។

​លោក​បន្តថា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ទន្លេចតុមុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង នឹងត្រូវ​បិទ​នេសាទ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​៣១​ខែតុលា​។

​លោក​បាន​បន្ថែមថា​៖ «​នៅក្នុង​រយៈពេល​បិទ​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់ ត្រូវ​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​គ្រួសារ​ប៉ុណ្ណោះ ចំពោះ​ឧបករណ៍ អួន ម៉ាញ់ ចៃ​វ៉ា ជន សាប នាម ឈ្មក់ មិន​អនុញ្ញាត​ឲ្យ​ប្រើ​ឡើយ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយឡែក​ឧបករណ៍​មង​អាចធ្វើ​នេសាទ​បានតែ​ប្រវែង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​»​។​

​លោក​អេង ជា​សាន ក៏បាន​អំពាវនាវ​ដល់​អ្នកនេសាទ​ទាំងអស់ ត្រូវ​អនុវត្តតាម​អនុសាសន៍​របស់់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​ជួយ​ការពារ​កន្លែង​អភិរក្ស​ជលផល​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​រក្សា​ពូជ​ត្រី​។

​ទោះយ៉ាងណា លោក​បាន​បដិសេធ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណីនេះ កាលពី​ថ្ងៃ​អង្គារ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ លោក សៅ កុសល បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា មុននឹង​ឈានដល់​រដូវ​បិទ​នេសាទ​សម្រាប់​ខេត្តតាកែវ ចាប់ពី​ខែកក្កដា​ទៅនោះ មន្ត្រីជលផល​បាន​ចុះ​ផ្សព្វផ្សាយ និង​ចែក​ខិត​ប័​ណ្ឌ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អប់រំ​ឲ្យ​ពួកគាត់​បានដឹង​ពី​ឧបករណ៍​នេសាទ​ដែល​ត្រូវ​ប្រើ និង​ឧបករណ៍​ដែល​មិនត្រូវ​ប្រើ ដើម្បី​ជៀសវាង​ការនេសាទ​ដោយ​ខុសច្បាប់​។​

​លោក​ថា​៖ «​យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បានដឹង ជាពិសេស​អ្នក​ដែល​ប្រកបមុខរបរ​នេសាទ ហើយ​យើង​ក៏បាន​ត្រៀម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផងដែរ ប្រសិនបើ​មានការ​ឆ្លៀតឱកាស​ណាមួយ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៩ មន្ត្រីរដ្ឋបាល​ជលផល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ជលផល​សរុប​ចំនួន ៣១០១​ករណី (​ក្នុងនោះ​មាន​ជលផល​សមុទ្រ​ចំនួន​២២៨​ករណី​) ប្រៀបធៀប​ឆ្នាំមុន មានការ​ថយចុះ ១០៣​ករណី​។ របាយការណ៍​បាន​បន្តថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ ក៏បាន​បំផ្លាញចោល​វត្ថុតាង​ចំនួន ២៨១៧​ករណី ពិន័យ​អន្តរការណ៍​ចំនួន ១៣១​ករណី បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ១៥៣​ករណី ជាប់ពន្ធនាគារ​ចំនួន ១០២​នាក់ និង​ប្រាក់​ពិន័យ​ចំនួន ២៤៣,៦៨៧,០០០​រៀល ឬ​ស្មើ​ប្រមាណ ៦​ម៉ឺន​ដុល្លារ​អាមេរិក​។​

​របាយការណ៍ បាន​បន្តទៀតថា ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​និង​បំផ្លាញចោល រួមមាន របាំង​ស្បៃ​មុង​និង​សាច់​អួន​ប្រវែង ១ ១៤៩ ២០២​ម៉ែត្រ បង្គោល​ចំនួន ៥៧៥ ៧៣១​ដើម លូ​ស្បៃ​មុង​និង​សាច់​អួន ២៩ ៩៨១​មាត់ ឧបករណ៍ ឆក់​ត្រី​ចំនួន ៤០២​គ្រឿង សម្រាស់​ចំនួន ៦៣១៨៣​ម៉ែត្រក្រឡា លប​កែច្នៃ​ចំនួន ១០៩៤៤​គ្រឿង និង​លែង​ត្រី​ចម្រុះ ចំនួន ៤៧ ២៨៦​គីឡូក្រាម​៕

Related Posts

Previous Article

អង្គការក្រៅរដ្ឋាភិបាល​យល់ឃើញថា ប្រជាជន​កម្ពុជា ៣ លាន​នាក់​ប្រឈម​នឹង​ជំងឺឆ្លង

Next Article

ក្រសួង​សង្គមកិច្ច​ចុះ MOU ជាមួយ​អង្គការ ៧ ដើម្បី​ជួយ​កុមារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា​