ana-air canadia-bank Silk-air nissan acleda cab-bank

ក្រសួង​សង្គមកិច្ច​ចុះ MOU ជាមួយ​អង្គការ ៧ ដើម្បី​ជួយ​កុមារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា​

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
ក្រុម​កុមារ​កំពុង​ហាត់ហ្វឹក​ហ្វឺន​ក្បាច់គុណ​ល្បុកតោ​ដើម្បី​សុខភាព និងការពារ​ខ្លួន។ KT/ តាំង រីនិត្រ

​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នៃ​កិច្ចព្រមព្រៀង​(MOU) ជាមួយ​អង្គការ​ចំនួន​៧ ដើម្បី​ជួយ​ដល់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា​។​

អង្គការ​ទាំង​៧​នោះ រួមមាន អង្គការ Kaleb e.V,Cambodia អង្គការ​ជីវិត​នៅ​កម្ពុជា អង្គការ​ក្តីសង្ឃឹម​ប្រជាជន​អាស៊ី​កម្ពុជា អង្គការ​ក្តីសង្ឃឹម​របស់​កុមារ​ងាយ​រងគ្រោះ អង្គការ​ម្លប់​ឬ​ស្សី​, អង្គការ​អនាគត​ថ្មី​សម្រាប់​កុមារ និង​អង្គការ​ដៃគូ​ផ្តល់​មេត្តា​។​

​លោក​តូច ចាន់នី អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​រវាង​ក្រសួង និង​អង្គការ​ទាំង​៧​នេះ មាន​សុពលភាព​គម្រោង​រយៈពេល ៣​ឆ្នាំ ដែលមាន​ថវិកា​អនុវត្ត​សរុប​ជាង ៤​លាន​២​សែន​ដុល្លារ​អាមេរិក​។ លោក​បន្តថា ការចូល​រួមសហការ​របស់​អង្គការ​ដៃគូ​ទាំងនេះ ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។

​លោក​បាន​គូសបញ្ជាក់​៖ «​គោលដៅ​សំខាន់​របស់​យើង គឺ​ជួយ​ដល់​កុមារ​ងាយ​រងគ្រោះ ដូចជា កុមារកំព្រា កុមារ​អនាថា កុមារ​ដែល​ត្រូវបាន​បោះបង់ចោល និង​កុមារ​រងគ្រោះ​ដោយសារ​ការជួញដូរ​ជាដើម ហើយ​អង្គការ​ទាំង​៧​នោះ គឺមាន​អង្គការ​ខ្លះ​គាត់​មាន​ជា​មណ្ឌល​ជា​សហគមន៍ ខ្លះទៀត​មាន​ជា​មណ្ឌល​ស្នាក់នៅ​ជា​ក្រុម​សម្រាប់​ជួយ​ដល់​កុមារ​គោលដៅ​ទាំងនេះ​»​។​

​លោក​ក៏បាន​ស្នើ​ដល់​ក្រុមការងារ​ក្រសួង និង​អង្គ​ការដែល​សហការ​នា​ពេលនេះ រួមគ្នា​ធ្វើការ​ងារ​ដោយ​យកចិត្តទុកដាក់ និង​ស្វាគមន៍​សហការ​ជានិច្ច​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ និង​អង្គការ​នានា ដើម្បី​ជួយ​ដល់​កុមារ​រងគ្រោះ​នៅ​កម្ពុជា​ឲ្យ​មាន​ជីវភាព និង​ជីវិត​រស់នៅ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​។​

​បើតាម​ក្រសួង​សង្គមកិច្ច អង្គការ​ទាំង​៧​នោះ នឹង​ជួយ​ដល់​កុមារ​ងាយ​រងគ្រោះ និង​កុមារ​រងគ្រោះ​នៅ​រាជធានី​-​ខេត្ត​គោលដៅ​ចំនួន​៨ រួមមាន រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង កណ្តាល សៀមរាប ពោធិ៍សាត់ តាកែវ កំពង់ឆ្នាំង និង​ក្រចេះ​។ ក្រសួង​បាន​បន្តថា អង្គការ​ទាំងនោះ សុទ្ធសឹងតែ​ជា​អង្គការ​ដែល​បាន​ចូលរួមចំណែក​ជួយ​ការពារ​កុមារ​រងគ្រោះ​ពី​ការជួញដូរ​មនុស្ស ករណី​កេងប្រវ័ញ្ច ការរំលោភបំពាន​ផ្លូវភេទ និង​ការជួញដូរ​កម្លាំង​ពលកម្ម​កុមារ​ដែល​ស្នាក់នៅ​ក្នុង​មណ្ឌល កុមារ​នៅតាម​សហគមន៍ កុមារ​ទំនាស់​នឹង​ច្បាប់ និង​កុមារ​តាមផ្លូវ​សាធារណៈ​ជាដើម​។​

​ប្រធាន​អង្គការ​ដៃគូ​ផ្តល់​មេត្តា​(​ភី​សី​) លោក សាន វ​ណ្ឌិ​ន បាន​មានប្រសាសន៍ថា ការចុះ​MOU រវាង​អង្គការ​នេះ​ជាមួយ​ក្រសួង គឺមាន​ថវិកា​ប្រមាណ ៨០​ម៉ឺន​ដុល្លារ ដោយ​ផ្តោត​ការជួយ​ដល់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និង​កណ្តាល​។ លោក​បន្តថា កុមារ​ដែល​នឹងត្រូវ​ជួយ​ក្នុង​គម្រោង​នេះ រួមមាន កុមារកំព្រា​ដែល​ឪពុកម្តាយ​ស្លាប់​ដោយសារ​មេរោគ​អេដស៍ កុមារ​ដែលមាន​ផ្ទុកមេរោគ​អេដស៍ កុមារកំព្រា និង​កុមារ​ក្រីក្រ តាមរយៈ​ការផ្តល់​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ការអប់រំ អាហារូបត្ថម្ភ សម្ភារៈ​សិក្សា ការអប់រំ​ផ្នែក​សុខភាព​អនាម័យ និង​ការពារ​កុមារ​កុំ​ឲ្យ​មានការ​រំលោភបំពាន​ជាដើម​។​

​លោក​ថា​៖ «​តាមរយៈ​ការចុះ​MOU​នេះ ខ្ញុំ​រំពឹងថា កុមារៗ​ដែល​បាន​ជួយ​នោះ​នឹងមាន​ការរីកចម្រើន ទាំង​ការអប់រំ ចំណេះដឹង សតិអារម្មណ៍ ការរំលោភបំពាន​និង​ការរើសអើង​ត្រូវបាន​កាត់បន្ថយ និង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​អនាគត​»៕

Related Posts

Previous Article

រដ្ឋបាល​ជលផលចេញ​​ប្រកាស់ពី​រដូវ​បិទ​នេសាទ​

Next Article

កូនអណ្តើក​ហ្លួង​ជាង ២០ ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​ញាស់​នៅ​ខេត្តកោះកុង​