ana-air canadia-bank Silk-air nissan acleda cab-bank

កូនអណ្តើក​ហ្លួង​ជាង ២០ ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​ញាស់​នៅ​ខេត្តកោះកុង​

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
កូន​​អណ្តើក​ហ្លួង ត្រូវបាន​គេវាស់េវែង​មុនពេល​ដោះលែង​ទៅវិញ។ រូបថត​ សហការី

កោះកុង​៖ កូនអណ្តើក​ហ្លួង​ជាង​ ​២០ ​ក្បាល ត្រូវបាន​ក្រុម​ការពារ​សំបុក​សហគមន៍​ប្រទះ​ឃើញថា​បាន​ញាស់​ចេញពី​សំបុក​ចំនួន​៣ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុង​ខេត្តកោះកុង​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា (WCS Cambodia) បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា សំបុក​អណ្តើក​ហ្លួង​ទាំង​៣​សំបុក​នោះ មាន​ពង​សរុប​ចំនួន ៥១ ប៉ុន្តែ​មានតែ ២៣ ​ពង​ប៉ុណ្ណោះ ដែល​បាន​ញាស់ ខណៈ​ពង​ដែល​នៅសល់​បាន​ខូច​ដោយ​មិនដឹង​មូលហេតុ​។ អង្គការ​នេះ បាន​បន្តថា សំបុក​មួយ​ក្នុងចំណោម​សំបុក​ទាំង ​៣ ត្រូវបាន​រកឃើញ​នៅលើ​ឆ្នេរ​ខ្សាច់​មួយ​ដែល​អណ្តើក​ហ្លួង​ធ្លាប់​ពង​រៀងរាល់ឆ្នាំ ខណៈ​សំបុក​ពីរ​ទៀត ត្រូវបាន​រកឃើញ​នៅលើ​ឆ្នេរ​ខ្សាច់​ថ្មី​មួយ​តាម​ដងព្រែក​កំពង់សោម ដែល​អណ្តើក​ហ្លួ​ន​មិនដែល​មក​ពង​កូន​តាំងពី​ឆ្នាំ​ ២០០៧​មកម្ល៉េះ​។

​លោក កែន សេរី​រដ្ឋា នាយក​អង្គការ WCS Cambodia បាន​មានប្រសាសន៍ថា កំណើន​នៃ​ចំនួន​កូនអណ្តើក​ហ្លួង​នេះ បានបង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​អភិរក្ស ដែល​កំពុងធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​រាជរដ្ឋាភិបាល ដែល​សម្រេចបាន​នូវ​ជោគជ័យ​លើ​ការងារ​អភិរក្ស​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ លោក​ថា​៖ «​ដោយមាន​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ជាប​ន្ត​បន្ទាប់ យើង​សង្ឃឹមថា ចំនួន​អណ្តើក​ហ្លួង នឹង​បន្ត​កើនឡើង​កាន់តែច្រើន​នាពេល​អនាគត​»​។​

23 Royal Turtles hatch in Sre Ambel River, Koh Kong province. WCS

​អណ្តើក​ហ្លួង ឬ​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Batagur Affinis ត្រូវបាន​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN) ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​បំផុត និង​ជា​ប្រភេទ​មួយ​ក្នុងចំណោម​ប្រភេទ​អណ្តើក​ទាំង​ ២៥ ​ប្រភេទ​(​លើកលែង​អណ្តើក​សមុទ្រ​)​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​នៅលើ​ពិភពលោក និង​ត្រូវ​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ឆ្នាំ ​២០០៥ និង​អនុក្រឹត្យ​កាលពី​ឆ្នាំ​ ២០០៩ ថា​ជា​ប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះថ្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា កាលពី​ខែ​មិនា ឆ្នាំ ​២០១៩ ក្រសួង​បានចេញ​ប្រកាស​មួយ​ស្តីពី​ការដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី ដែល​ប្រកាស​នេះ មិន​អនុញ្ញាត​ឲ្យ​មានការ​នេសាទ​ខុសច្បាប់ និង​សកម្មភាព​បូម​ខ្សាច់​នានា នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល នៅ​ព្រែក​កំពង់សោម ព្រែក​ក្អោ​ង និង​ព្រែក​កំពង់​លើ​ជាដើម​។​

​លោក​បាន​បន្ថែមថា​៖ «​រដ្ឋបាល​ជលផល​បានធ្វើការ​យ៉ាងសកម្ម​ជាមួយ​អង្គការ WCS ដើម្បី​អភិរក្ស​អណ្តើក​ហ្លួង តាមរយៈ​សកម្មភាព​ការពារ​ទីជម្រក ឆ្នេរ​ខ្សាច់ ការស្រាវជ្រាវ​និង​តាមដាន​កម្មវិធី​ការពារ​សំបុក ការបង្កើត​សហគមន៍​នេសាទ និង​ការងារ​លើកស្ទួយ​ជីវភាព​សហគមន៍​នានា​»​។​

​ចំណែក លោកស្រី ខា​មឹន ម៉ូ​រេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ថ្លែងថា កំណើន​កូនអណ្តើក​ហ្លួង​នេះ គឺជា​ព័ត៌មាន​ដ៏​អស្ចារ្យ​សម្រាប់​ប្រភេទ​សត្វ​ដ៏​សំខាន់​ដែល​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នេះ​។​

​លោកស្រី​ថា​៖ «​យើងខ្ញុំ​សូម​អបអរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ WCS ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​ការពារ​ប្រភេទ​អណ្តើក​ហ្លួង​នេះ​ប្រកបដោយ​ជោគជ័យ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរបែប​របស់​កម្ពុជា​»​។

​បើតាម​អង្គការ WCS សត្វ​អណ្តើក​ហ្លួង ឬ​អណ្តើ​កស​សៃ​នេះ ត្រូវបាន​គេ​ជឿថា​បាន​ផុត​ពូជ​អស់ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុ​ន្ត​តែ​នៅ​ឆ្នាំ​ ២០០០ រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​រកឃើញ​សារជាថ្មី​នូវ​ប្រភេទ​សត្វ​ជិត​ផុត​បំផុត​មួយ​នេះ មួយចំនួន​តូច​ដែល​នៅ​សេសសល់​តាម​ដងព្រែក​ស្រែអំបិល ហើយ​ចាប់តាំងពី​ពេល​នោះមក អង្គភាព​ទាំងពីរ​នេះ បាន​បង្កើត​កម្មវិធី​ការពារ​សំបុក​អណ្តើក​ហ្លួង​នៅតាម​សហគមន៍ ដោយ​ប្រើ​អតីត​អ្នកប្រមូល​ពងអណ្តើក​ហ្លួង ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​អភិរក្ស ដែល​រួមមាន សកម្មភាព​ស្វែងរក​ពងអណ្តើក និង​ការពារ​សំបុក ចៀសវាង​ប្រមូលយក​ពង​របស់​វា​ទៅ​លក់ និង​បរិភោគ​៕

Related Posts

Previous Article

ក្រសួង​សង្គមកិច្ច​ចុះ MOU ជាមួយ​អង្គការ ៧ ដើម្បី​ជួយ​កុមារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា​

Next Article

ប្រជាជន​ថៃ​សម្រុក​ទិញ​អីវ៉ាន់ ​បន្ទាប់ពី​រដ្ឋាភិបាល​បន្ធូរ​ការ​រឹតបន្តឹង​