ana-air canadia-bank Silk-air nissan acleda cab-bank

ថៃ​​បើក​ព្រំដែនពីរខេត្ដ​​ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទៅរក​ការព្យាបាល​បន្ទាន់​

Khmer Times No Comments Share:
រថយន្ដ​សង្រោះ​បន្ទាន់​រង់ចាំ​ដឹក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទី​ពេទ្យ។ រូបថត​ សហការី

​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​និង​ថៃ​កំពុង​បន្ត​បិទ​ព្រំដែន​រវាង​គ្នា​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ការចរចា​កម្រិត​ទាប​រវាង​ភាគី​ទាំងពីរ​នៅ​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ផ្តល់នូវ​ការសម្របសម្រួល ដោយ​ភាគី​ខាង​ថៃ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​នៅក្នុង​ខេត្ត​ដែលមាន​បញ្ហា​សុខភាព ឆ្លងកាត់​ព្រំដែន​និង​ស្វែងរក​ការព្យាបាល​បន្ទាន់​នៅក្នុង​ប្រទេស​ថៃ​។​

​ទោះយ៉ាងណា ភាគី​ខាង​ថៃ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការលើកលែង​នេះ​មិន​អនុវត្ត​ចំពោះ​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​នៃ​ជម្ងឺ​កូ​វីដ​១៩​នោះទេ ។​

​លោក ប៉ែន កុសល អភិបាលខេត្ត​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​កាលពី​ម្សិលមិញ​ថា កិច្ចពិភាក្សា​ស្តីពី​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​កំពុង​កើតមាន​រវាង​អាជ្ញាធរខេត្ត​ និង​សម​ភាគី​របស់​ពួកគេ​នៅក្នុង​ខេត្ត​សុ​រិ​ន​និង​ខេត្ត​ស៊ីសាកេត​របស់​ប្រទេស​ថៃ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ « ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​វិធានការ​ការពារ​នៅតាម​ព្រំដែន ។ ភាគី​ខាង​ថៃ​ក៏បាន​យល់ព្រម​អនុញ្ញាតឱ្យ​ប្រជាជន​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្វែងរក​ការព្យាបាល​បន្ទាន់​នៅតាម​ព្រំដែន»។​

លោក ប៉ែន កុសល​បន្ថែមថា ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ការអនុញ្ញាត​ឱ្យធ្វើ​ពាណិជ្ជកម្ម​និង​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ផងដែរ​។​

​លោក ឃ្ល​ក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​បាន​មាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ម្សិលមិញ​នេះ អាជ្ញាធរ​ថៃ​ក្នុង​ខេត្ត​ទាំងពីរ​បាន​យល់ព្រម​អនុញ្ញាត​ឱ្យមាន​ការឆ្លង​កាត់​ព្រំដែន​សម្រាប់​ការព្យាបាល​បន្ទាន់​នៅលើ​ករណី​ជាក់លាក់​នីមួយៗ​។​

លោក​បញ្ជាក់ថា​៖ «​មានតែ​ករណី​ពិសេស​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ឆ្លងកាត់​ព្រំដែន​សម្រាប់​ការព្យាបាល​បន្ទាន់​។ ពួកគេ [​ភាគី​ខាង​ថៃ​] កំពុងផ្តល់​អាទិភាព​សម្រាប់​ករណី​បន្ទាន់​» ។

​លោក​បាន​បន្ថែមទៀតថា អ្នកជំងឺ​គួរតែ​ប្រាកដថា ខ្លួន​មិនមាន​ជំងឺ​កូ​វីដ​១៩ ​ជាមុនសិន មុននឹង​ឆ្លងដែន​ទៅ​ស្វែងរក​ការព្យាបាល​នៅ​ប្រទេស​ថៃ​។​

​លោក​បាន​និយាយថា ពលករ​ចំណាកស្រុក​ចំនួន ១៥ ៥៥៤ នាក់​បាន​ឆ្លងកាត់​ព្រំដែន​ចាប់តាំងពី​ខែមីនា​តាមរយៈ​ច្រក​អន្តរជាតិ​អូរ​ស្មាច់​និង​ច្រក​អន្តរជាតិ​ជាំ ហើយ​ពួកគេ​មួយចំនួន​បាន​វិលត្រឡប់​ទៅ​ខេត្ត​រៀងៗ​ខ្លួន​ហើយ​៕
​ប្រែ​សម្រួល​ដោយ​៖ តាំង រី​និត្យ​

Related Posts

Previous Article

ពលរដ្ឋ​កម្ពុជា ១៧៤ នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ត្រូវបាន​រដ្ឋាភិបាល​នាំមក​ប្រទេស​វិញ​

Next Article

ក្រសួងរកឃើញអន្ទាក់សត្វព្រៃខុសច្បាប់ជាង​​ ១៧០០០ កាលពីឆ្នាំមុន