ana-air canadia-bank Silk-air nissan acleda cab-bank

ក្រសួងរកឃើញអន្ទាក់សត្វព្រៃខុសច្បាប់ជាង​​ ១៧០០០ កាលពីឆ្នាំមុន

ប៉ិច សុធារី / Khmer Times No Comments Share:
អន្ទាក់សត្វព្រៃដែលត្រូវបានរឹបអូសកន្លងមក។ រូបភាពៈ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានជំរុញជា​ថ្មី​​ឲ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វ​ព្រៃ​នៅ​កម្ពុជា និង​បញ្ឈប់ការ​បរបាញ់​ខុស​ច្បាប់ ខណៈមន្ត្រីឧទ្យានុរក្ស​​​បានរកឃើញ​ការ​ដាក់អន្ទាក់​ខុស​ច្បាប់​​​ជាង ១៧០០០​ ​កាលពី​ឆ្នាំមុន​​ ដែលចំនួននេះមានការកើនឡើង​ជាងឆ្នាំចាស់។

អ្នកនាំពាក្យក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា បានមានប្រសាសន៍កាលពីថ្ងៃចន្ទ​ថា ប្រភេទ​សត្វព្រៃ​កម្រ និង​​ជិតផុត​ពូជ​មួយ​ចំនួន ​កំពុងទទួលរង​នូវការគំរាមកំហែង​​​ដោយសារការបរ​បាញ់ ការដាក់អន្ទាក់ និង​ការបាត់បង់ទីជម្រក​ ដោយសារ​​ការ​កាប់​​​ព្រៃ និង​​ការ​ទន្ទ្រាន​​​ដីព្រៃ​ដើម្បីយកធ្វើជាកម្មសិទ្ធិ​ដោយខុស​ច្បាប់ ដែលទាមទារឲ្យមានការការពារ​មួយប្រកប​ដោយ​ប្រ​សិទ្ធិ​​ភាព។

លោកបន្តថា រាជរដ្ឋា​ភិបាល​​ បាន​យកចិត្ត​ទុកដាក់​ខ្ពស់ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ជីវិត​​សត្វ​និង​រុក្ខ​ជាតិ​តូចធំ​នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បី​រក្សាឱ្យ​បាន​គង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ករណីនេះ​ លោកបានអំពាវ​នាវ​យ៉ាង​ទទូ​ច​ដល់ប្រជាពលរដ្ឋ​ទាំង​អស់​​​ ចូលរួមការ​ពារ​​ និង​អភិរក្ស​សត្វ​​ព្រៃ ជាពិសេស​​​កុំលក់ដូរ​សត្វព្រៃដែលជាទង្វើ​ខុសច្បាប់។

លោកថា៖ «មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ​​ពាក់ព័ន្ធនៅ​តាម​បណ្តា​ខេត្ត​នានា​បាន​ចុះ​ពិនិត្យជាប្រចាំនៅ​តាមទីផ្សារនានា និង​ភោជនីយដ្ឋាន មិនអនុញ្ញាតិ​ឱ្យ​លក់​​សាច់សត្វព្រៃឡើយ ហើយ​​ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ ​ឃើញមានការលក់សាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ សូមទាក់ទងមកមន្ត្រី​​ជំនាញ​ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់»។

លោក​ភក្ត្រា បានបន្តថា ក្នុងការសង្គ្រោះ និងអភិរក្ស​សត្វព្រៃ មន្ត្រីឧទ្យានុរក្ស​ដែលបានឈរ​ជើង​នៅតាមតំបន់​ការ​​ពារ​ធម្មជាតិនានា បានដោះអន្ទាក់​ចេញ​ពីក្នុង​ព្រៃ​បានចំនួន ១៧១៧៥អន្ទាក់ កាលពី​​ឆ្នាំ​២០១៩ ដែលចំនួន​នេះ មានការកើនឡើងចំនួន​៥០០០អន្ទាក់ បើធៀបនឹងឆ្នាំ​​ចាស់ ក្នុងនោះ ខេត្តដែលបានដោះអន្ទាក់​បានច្រើនជាង​គេគឺ​ខេត្ត​កោះកុង។

​​លោក​បន្តថា៖ «សត្វព្រៃ និងរុក្ខជាតិដែលមាននៅលើ​ភពផែនដីនេះ គឺពិតជាមានសារៈប្រយោជន៍​​មិនអាច​កាត់​​ថ្លែ​បាន ទាំង​ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ និង​វប្បធម៌ ក៏ដូច​ជា​ការ​ផ្សាភ្ជាប់នឹងជីវិត​រស់​នៅ​របស់​​មនុស្ស​ និងការអភិវឌ្ឍដោយចីរភាពផងដែរ»។

លោក​បានបន្ថែមថា៖ «កម្ពុជាក្នុងនាម​ជាសមាជិកអង្គ​ការ​សហ​ប្រជាជាតិ គឺ​បាន​ត្រៀមខ្លួន​ក្នុង​ការ​​សហការ​ជាលក្ខណៈ​អន្តរ​ជាតិ​ជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូច​ជា​ប្រឆាំង​​​​នឹងការជួញដូរ​សត្វ​ព្រៃ​ខុស​​ច្បាប់»។

ព្រះតេជគុណ ប៊ុន សាលួត ប្រធាន​សហគមន៍ព្រៃ​សង្ឃរុក្ខវ័ន ខេត្តឧត្តរ​មានជ័យ បានមានសង្ឃដីកា​សាទរ​​​ចំពោះ​ក្រសួង​​​បរិស្ថាន​ ដែលបានចាត់វិធានការការពារ និងអភិរក្ស​សត្វព្រៃ ដោយ​ការប្រមូលដោះអន្ទាក់បាន​យ៉ា​ងច្រើន រួម​និង​វិធានការ​ផ្លូវច្បាប់ទៅលើជនល្មើស។

ព្រះ​មានសង្ឃដីកាថា៖ «ក្នុង​រយៈពេល​ពីរ​ឆ្នាំចុង​ក្រោយ​នេះ អ្វីដែលជាក្តីបារម្ភ​​របស់​យើង​នៅក្នុងសហគមន៍ព្រៃរុក្ខវ័ន្ត​នេះ គឺ​បញ្ហាការបរ​បាញ់សត្វ ការដាក់អន្ទាក់ និងការឆក់សត្វព្រៃនេះ​​ឯង…ដូច្នេះ​អត្មា​ក៏សូមអំពាវ​នាវ​ឲ្យចូលរួមការពារ​ និងអភិរក្សសត្វព្រៃ​​ទាំង​អស់គ្នា »។

ព្រះអង្គក៏បានអំពាវនាវ​ដល់​ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ពង្រឹង​ការអនុវត្តច្បាប់ឲ្យបានតឹង​រឹង​ និងបង្កើន​ ទប់ស្កាត់ និង​​​ការលក់ដូរ​​សត្វព្រៃ​នៅ​តាមទីផ្សារមួយចំនួន​​ផង​ដែរ ដើម្បីថែរក្សា​​សត្វព្រៃ​ឲ្យបានគង់វង្ស។

កាលពី​សប្តាហ៍​មុន មន្ត្រីឧទ្យានុរក្ស​​ ក៏បានរកឃើញវត្តមានសត្វកម្រ និងជិត​ផុត​ពូជ​​ជាច្រើនប្រភេទ ដែលមានវត្តមាន​នៅ​ក្នុងឧទ្យា​​ន​ ជាតិ​​វិរៈជ័យ ខេត្តរតនគិរី ​តាមរយៈម៉ាស៊ី​ថតស្វ័យ​ប្រវត្តិ​ចំនួន​១២គ្រឿង ដែលបានដាក់ថត​តាំង​ពីខែ​មេសា​ ឆ្នាំ​២០១៩ ដល់ខែមេសា​ឆ្នាំនេះ។ សត្វកម្រ​ដែលបានប្រទះ​ឃើញនោះ រួមមាន ​សត្វខ្ទីង ខ្លាពពក ខ្លាភ្ញី​ថ្មកែវ ប្រើស​ ឈ្លួស តេះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកសត្វបក្សី​កម្រ​ជាច្រើនប្រភេទ​ផងដែរ។

យោងតាមរបាយការណ៍​ជាតិ​លើកទី៤ ស្តីពីជីវៈចម្រុះ ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាន ​បានបង្ហាញថា ប្រទេសកម្ពុជា មាន​​វត្ត​មាន​​ប្រភេទថនិកសត្វ ១២៣​ប្រភេទ, សត្វស្លាប ៥៤៥ប្រភេទ, ឧរង្គសត្វ ៨៨ប្រភេទ, រុក្ខ​ជាតិ​តូចៗ (vascular plants) ២៣០៨ប្រភេទ, ត្រី ៨៧៤ប្រភេទ, ផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ, ស្មៅ​សមុទ្រ ១០ប្រភេទ និង ថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ​ចំនួន​ទៀត ដែល​មិន​ទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​​អត្តសញ្ញាណនៅទ្បើយ៕

Related Posts

Previous Article

ថៃ​​បើក​ព្រំដែនពីរខេត្ដ​​ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទៅរក​ការព្យាបាល​បន្ទាន់​

Next Article

មនុស្ស ៨នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីរុករានដីព្រៃការពារ