ana-air canadia-bank Silk-air nissan acleda cab-bank

មនុស្ស ៨នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីរុករានដីព្រៃការពារ

ប៉ិច សុធារី / Khmer Times No Comments Share:
ជនសង្ស័យទាំង៨រូប មុនពេលបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។ សហការី

ក្រចេះ៖ ជនសង្ស័យចំនួន ៨នាក់ ត្រូវបានមន្ត្រីបរិស្ថានខេត្តក្រចេះ បញ្ជូនខ្លួន និងសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីរុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិខុសច្បាប់ នៅដែនជម្រកសត្វព្រៃព្រៃឡង់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីចុងសប្តាហ៍មុននេះ បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្នុងនោះ បានប្រទះឃើញមានជនសង្ស័យចំនួន ៦នាក់ បានលួចកាប់គាស់រុករានទន្ទ្រានដីព្រៃទំហំប្រមាណ ៤ហិកតា យកធ្វើកម្មសិទ្ធ ខណៈជនសង្ស័យ២នាក់ផ្សេងទៀត បាននិងកំពុងកាប់គាស់រុករានដីព្រៃប្រមាណ ៣ហិកតា នៅទីតាំងក្បែរគ្នានោះ។

ក្នុងប្រតិបត្តិការបង្ក្រាបទាំងពីរករណី មន្ត្រីឧទ្យានុរក្ស ក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ រួមមាន ម៉ូតូចំនួន ៦គ្រឿង កាំបិតផ្គាក់ចំនួន៨ដើម ពូថៅ៣ដើម អាវុធកែច្នៃ១ដើម រណាយន្ត១គ្រឿង ចប១ដើម និងទូរស័ព្ទ៣គ្រឿងផងដែរ។

លោកថា៖ «អ្នកទាំង៨នាក់នោះ មានអ្នកខ្លះជាមេខ្យល់ និងខ្លះទៀតជាកម្មករស៊ីឈ្មួលទន្ទ្រានដី ហើយបច្ចុប្បន្ន[ថ្ងៃម្សិលមិញ]ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ»។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដូរដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិបានឡើយ ហើយក្រសួងបរិស្ថានក៏បដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីខុសច្បាប់នៅតំបន់ការពារធម្មជាតិផងដែរ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈូសឆាយ ដុត កាប់ឆ្ការរុករានទន្ទ្រានដីព្រៃ និងការសង់សង់ខ្ទម ឬរោងនៅក្នុងតំបន់ការពារធម្មជាតិ និងត្រូវប្រគល់ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌមកឲ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្ត្រ ដែលកាន់សំណុំរឿងនេះ ពុំអាចសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃចន្ទ។

បើតាម លោក ទីវ វុធធេន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តក្រចេះ បានមានប្រសាសន៍ថា គិតមកដល់ល្ងាចថ្ងៃម្សិលមិញ ជនសង្ស័យទាំង៨នាក់នោះ កំពុងស្ថិតនៅក្រោមការសាកសួររបស់អយ្យការអមសាលាដំបូងខេត្ត។ លោកថា៖ «អយ្យការកំពុងសាកសួរ ខ្ញុំមិនដឹងថាមានការសម្រេចយ៉ាងណានៅឡើយ»។
កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចបង្កើតដែនជម្រកសត្វព្រៃព្រៃឡង់ លើផ្ទៃដីទំហំ ៤៣១,៦៨៣ហិកតា(ជាង៤៣ម៉ឺនហិកតា)ស្ថិតនៅភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបានរកឃើញបទល្មើសធនធានធម្មជាតិ ដូចជា ការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ និងការបរបាញ់សត្វខុសច្បាប់ សរុបចំនួន៣៩៩ ករណី ក្នុងនោះ មានបទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃខុសច្បាប់ ចំនួន ៣២ករណី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបានធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ៤២ករណី ដែលមានមនុស្សពាក់ព័ន្ធសរុបជិត ១០០នាក់៕

Related Posts

Previous Article

ក្រសួងរកឃើញអន្ទាក់សត្វព្រៃខុសច្បាប់ជាង​​ ១៧០០០ កាលពីឆ្នាំមុន

Next Article

វៀតណាម​មិនទាន់​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩ ពិតជាបានឆ្លង​ពី​កម្ពុជា​នៅឡើយទេ​