ana-air canadia-bank Silk-air nissan acleda cab-bank

វៀតណាម​មិនទាន់​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩ ពិតជាបានឆ្លង​ពី​កម្ពុជា​នៅឡើយទេ​

​តាំង រី​និត្យ និង សែន ដា​វីត / Khmer Times No Comments Share:
សម្មត្ថកិច្ច​វៀតណាម​កំពុង​ការពាររឹត​ត្បឹត​​ផ្លូវ​ធ្វើ​ដំណើរ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូរ៉ូណាទៅក្នុង​ភូមិ។ រូបថត​ សហការី

​ប្រទេស​វៀតណាម​នៅតែ​មិនទាន់​បញ្ជាក់បាន​ថា ជនជាតិ​វៀតណាម​អាយុ ៣៩ ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមុន​ពេល​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​និង​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​មេរោគ​កូ​វីដ​១៩ (COVID-19) បាន​ឆ្លង​វីរុស​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​នៅ​កន្លែង​ណា​ផ្សេង​នោះទេ​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកតំណាង​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ លោក​ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បាន​និយាយថា ប្រទេស​របស់លោក​នៅតែ​មិនអាច​បញ្ជាក់បាន​ថា​ពេលណា​និង​កន្លែង​ណា​ដែល​អ្នក​«​ជំងឺ​លេខ ៣១៥»​បាន​ឆ្លង​វីរុស​នេះនោះ​ឡើយ​។​

​លោក​និយាយថា​៖ «​មេរោគ SARS-COV-2 ដែល​បង្ក​ឱ្យ​ជា​ជំងឺ​១៩ ជា​មេរោគ​ថ្មី​ហើយ ការយល់ដឹង​របស់​សុ​ខា​ភិ​បាល​ពិភពលោក​នៅមានកម្រិត ហើយ​នៅ​ក្នុងនោះ​មិនទាន់មាន​ទាំង​ការបញ្ជាក់​ច្បាស់​ពី​ពេលវេលា​ផ្ទុក​ជំងឺ​ដែរ ។ ដូច្នេះ​ប្រទេស​វៀតណាម​មិនទាន់​អាច​អះអាង [១០០ ភាគរយ​] ថា​អ្នកជំងឺ​នេះ​បាន​ឆ្លង​វីរុស​នេះ​ទេ​ពេល​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​បានឡើយ​» ។​

​យោងតាម​របាយការណ៍​របស់​សារព័ត៌មាន Vietnam News បានអោយដឹងថា បុរស​ជនជាតិ​វៀតណាម​អាយុ ៣៩ ឆ្នាំ​រូបនេះ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ដាក់​ក្នុង​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ​ដោយ​ខុសច្បាប់​ពី​ខេត្តសៀមរាប​របស់​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី ២ ខែឧសភា​។ គាត់​ត្រូវបាន​គេ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ប៉ុន្តែ​លទ្ធផល​បាន​ត្រលប់​មកវិញ​អវិជ្ជមាន​។ ទោះជា​យ៉ាងណាក៏ដោយ គាត់​ត្រូវបាន​គេ​រកឃើញថា​បាន​ឆ្លង​វីរុស​នេះ​នៅពេល​គាត់​ត្រូវបាន​ធ្វើតេស្ត​ម្តងទៀត ១០ ថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី ១៥ ខែឧសភា​។​

​លោក​ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បាន​បន្ថែមថា គោលនយោបាយ​បង្ការ​ការពារ​របស់​វៀ​ត​ណា​ម​តម្រូវឱ្យមាន​ការជូនដំណឹង​ជា​សាធារណៈ​អំពី​ព័ត៌មាន​អំពី​ការធ្វើដំណើរ​របស់​អ្នកជំងឺ​ក៏ដូចជា មនុស្ស​ដែល​គាត់​បាន​ទាក់ទង​ជាមួយ​ដើម្បីឱ្យ​ក្រុមមនុស្ស​ដែលមាន​ការសង្ស័យ​អាច​រាយការណ៍​ទៅ​អាជ្ញាធរ​។​

​ស្ថានទូត​វៀតណាម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​៖ «​ក្រសួងសុខាភិបាល​វៀត​ណា​ម​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​និង​ផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ដទៃទៀត​ដើម្បី​ការពារ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​» ។​

​ទន្ទឹមនឹងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កាលពី​ម្សិលមិញ​បានស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​អនុវត្តតាម​ស្តង់ដារ​បច្ចេកទេស​និង​បទ​ប្បញ្ញត្តិ​អន្តរជាតិ​សម្រាប់​ការចែករំលែក​ព័ត៌មាន​អំពី​ករណី​ជំងឺ​កូ​វីដ​១៩ មុនពេល​ព័ត៌មាន​នោះ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា បុរស​នោះបាន​ស្នាក់នៅ​ខេត្តសៀមរាប​តាំងពី​ថ្ងៃទី ១០ ខែមករា​ប៉ុន្តែ​បាន​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នៅ​ថ្ងៃទី ២ ខែឧសភា​តាមរយៈ​រថ​យន្ត​ឈ្នួល ទោះបី​ព្រំដែន​ត្រូវបាន​បិទ​តាំងពី​ខែមេសា​ក៏ដោយ​។​

​បន្ទាប់ពី​ការចេញ​របាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម លោក ម៉ម ប៊ុនហេង​បាន​ច្រានចោល​ការសន្និដ្ឋាន​នេះហើយ​បាន​និយាយថា មន្ត្រី​ក្រសួង​និង​អាជ្ញាធរខេត្ត​សៀមរាប​បាន​ស៊ើបអង្កេត​លើ​បញ្ហា​នេះហើយ​បាន​រកឃើញថា បុរស​ជនជាតិ​វៀតណាម​ដែល​ឆ្លង​មេរោគ​នេះ មិន​បានមក​ខេត្តសៀមរាប​ទេ ហើយ​ព័ត៌មាន​នោះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​បាន​និយាយថា ក្រសួង​ក៏​មិន​បានទទួល​របាយការណ៍​ផ្លូវការ​ណាមួយ​ពី​ប្រទេស​វៀតណាម​ស្តីពី​រឿងនេះ​ដូចដែល​បាន​រាយការណ៍ ទៅតាម​សេចក្តីកំណត់​នៅក្នុង​ប្រព័ន្ធ​រាយការណ៍​ជំងឺឆ្លង​របស់​អាស៊ាន​នោះទេ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ « ក្រសួង​បាន​រកឃើញថា បុគ្គល​ឈ្មោះ​នោះ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ដូច្នេះ​ការឆ្លង​មេរោគ​នេះ​ច្បាស់​ជា​កើត​មាននៅ​ប្រទេស​វៀតណាម​» ។​
​លោក ម៉ម ប៊ុនហេង​បាន​និយាយថា ក្រសួង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម​ឱ្យ​ពិនិត្យមើល​អង្គហេតុ​មុនពេល​ផ្តល់ព័ត៌មាន​បែបនេះ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារតែ​ព័ត៌មាន​បែបនេះ​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

​លោក​បន្តថា ក្រសួង​នឹង​បន្ត​តាមដាន​ការវិវឌ្ឍ​ន៍​ថ្មីៗ​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​នេះ​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា​អ្នក​ជម្ងឺ​ចុងក្រោយ​ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​១៩ ១២២ នាក់​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​បានជា​សះស្បើយ​ហើយ​មិនមាន​ការឆ្លង​មេរោគ​ទៀត​ទេ​នៅក្នុង​ប្រទេស​។ ទោះយ៉ាងណា ក្រសួង​បាន​ព្រមាន​ថា​រលក​ទី ២ នៃ​ជំងឺ​កូ​វីដ​១៩ អាច​កើតឡើង​ប្រសិនបើ​ប្រជាជន​មិន​អនុវត្តតាម​វិធាន​អនាម័យ​ដែល​ខ្លួន​បាន​ដាក់ឱ្យអនុវត្ត​៕

Related Posts

Previous Article

មនុស្ស ៨នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីរុករានដីព្រៃការពារ

Next Article

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​ជៀសវាង​ការ​រើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​