ana-air canadia-bank Silk-air nissan acleda cab-bank

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​ជៀសវាង​ការ​រើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​

ប៉ិច សុធារី / Khmer Times No Comments Share:
លោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ KT/ ស៊ីវ ចាន់ណា

​ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​សហគម​ន៍ និង​ក្រុមគ្រួសារ​ដែលមាន​សមាជិក​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ត្រូវ​ជៀសវាង​ការរើសអើង និង​ការប្រើប្រាស់​ហិង្សា​ទាំង​ផ្លូវកាយ និង​ការគៀបសង្កត់​ផ្លូវចិត្ត​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​សប្តាហ៍​មោទនភាព និង​ទិវា​បញ្ឈប់​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ប្តូរ​យេនឌ័រ និង​អ្នក​ស្រឡាញ់​ទាំងពីរ​ភេទ កាលពី​ថ្ងៃអាទិត្យ​។​

​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​សារ​កាលពី​ថ្ងៃ​សុក្រ​ថា បើទោះជា​កម្ពុជា​មិនទាន់មាន​ការផ្តល់់​ឯកសារ​ផ្លូវច្បាប់​ណាមួយ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ក្នុង​តំបន់ ក្នុងការ​លុបបំបាត់​ការរើសអើង និង​លើកកម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​លោក​បាន​បន្តថា​៖ «​សូម​ឲ្យ​សហគមន៍ និង​ក្រុមគ្រួសារ​ដែលមាន​កូន ក្មួយ ឬ​ចៅ ហើយ​បើសិនជា​គាត់​[​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​]​មាន​បង្ហាញ​នូវ​អត្តសញ្ញាណ​ភេទ មាន​និន្នាការ​ភេទ​ស្រឡាញ់​ភេទ​ដូចគ្នា សូម​ឲ្យ​បងប្អូន​ទទួលស្គាល់​ការពិត និង​ជៀសវាង​ប្រើ​ហិង្សា​លើ​រូបរាងកាយ ហិង្សា​តាមរយៈ​ពាក្យសំដី​ប្រមាថ តិះដៀល ឬ​បណ្តេញ​កូនចៅ​ចេញពីផ្ទះ និង​ហិង្សា​តាមរយៈ​នៃ​ការគៀបសង្កត់​ផ្លូវចិត្ត​ជាដើម សូម​ផ្តល់នូវ​សិទ្ធិសេរីភាព និង​ទទួលស្គាល់​ពួកគេ​»​។​

​លោក កែវ រ៉េមី ក៏បាន​អំពាវនាវ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ត្រូវខិតខំ​ចូលរួម​បំពេញការងារ​ជួយ​ដល់​សង្គម​ឲ្យ​បានល្អ និង​គោរព​ច្បាប់ ជៀសវាង​បង្កបញ្ហា ឬ​ហានិភ័យ​ណាមួយ ដែល​បង្ក​ការភ័យខ្លាច​ដល់​ក្រុមគ្រួសារ សហគមន៍ និង​បង្ក​ផលប៉ះពាល​ដល់​សង្គមជាតិ​ផងដែរ​។​

​លោក​ថា​៖ «​កាលណា​បើ​យើង​ធ្វើជា​ពលរដ្ឋ​ល្អ ឲ្យ​សហគមន៍ និង​សង្គម​ទទួលស្គាល់ថា យើង​មិនមែនជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ភ័យខ្លាច ឲ្យ​គេ​យល់ថា ការស្រឡាញ់​ភេទ​ដូចគ្នា គឺជា​ធម្មជាតិ​របស់​យើង មិនមែនជា​ការធ្វើ​តាម​គ្នា​ទៅវិញទៅមក​នោះ ខ្ញុំ​ជឿជាក់ថា រាជរដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​នីតិបញ្ញត្តិ​នឹង​រៀបចំ​ច្បាប់​គាំទ្រ​ក្មួយៗ​ជាមិនខាន​»​។​

​ស្របពេល​គ្នា​នេះដែរ អ្នកស្រី ពៅ សុភា ស្មៀនឃុំ​ច្រេស ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃអាទិត្យ ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការស្រឡាញ់​ភេទ​ដូចគ្នា និង​អំពាវនាវ​កុំ​ឲ្យ​មានការ​រើសអើង ព្រោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក៏មាន​សិទ្ធិ​ស្រឡាញ់ និង​ត្រូវការ​ភាពកក់ក្តៅ​ផងដែរ​។ អ្នកស្រី​ថា​៖ «​សូម​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ប្រើប្រាស់​សិទ្ធិ​ដែល​ខ្លួន​មាន ទៅតាម​ច្បាប់​កំណត់ និង​កុំ​ធ្វើ​អ្វី​ឲ្យ​លើសលុប​[​រំលោភបំពាន​លើ​សិទ្ធិ​]​ទៅលើ​អ្នកដទៃ ហើយ​សូម​ឲ្យ​មាតាបិតា កុំ​រើ​ង​អើ​ង​ដល់​កូន​ដែលជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា កុំ​ឲ្យ​កូន​មាន​ភាព​ឯកា និង​មាន​ការបាក់​ទឹកចិត្ត​»​។​

​ប្រធាន​សម្របសម្រួល​នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា កញ្ញា លី ពិសី (Ly Pisey, Rainbow community Kampuchea-RoCK coordinator) បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា តាម​ការអង្កេត និង​ការស្ទង់មតិ​មួយចំនួន ឃើញថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នៅតាម​ក្រុមគ្រួសារ សហគមន៍ ក៏ដូចជា​សង្គមជាតិ មានការ​យល់ដឹង​ច្រើន និង​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភាពដូចគ្នា បើទោះជា​នៅមាន​ក្រុមគ្រួសារ និង​បុគ្គល​មួយចំនួន​តូច នៅមាន​ការរើសអើង និង​ប្រើ​ពាក្យសម្តី​ស្អប់ខ្ពើម​មកលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏ដោយ​។ ករណីនេះ កញ្ញា​ថា ការអំពាវនាវ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គឺជា​អាវ​ក្រោះ​មួយ​ដែល​ជួយ​ការពារ​សិទ្ធិ និង​ជួយ​ដល់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា កុំ​ឲ្យ​បាក់​ទឹកចិត្ត​ព្រោះតែ​ការរើសអើង និង​ពាក្យ​និន្ទា​ទាំងនោះ​។​

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​ពេលដែល​មានការ​អំពាវនាវ​បែបនេះ គឺ​សហគមន៍​យើង​មាន​កម្លាំងចិត្ត​ក្នុងការ​តស៊ូ​នឹង​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ការរើសអើង ទាំង​នៅក្នុង​ក្រុមគ្រួសារ និង​សង្គម​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០០៩​មក សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រួម​និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការជួបជុំ​សម្តែង​សិល្បៈ ពិ​ពណ៌ សកម្មភាព​សេវា​សង្គម សិក្ខាសាលា និង​កិច្ចសន្ទនា​ជាមួយ​តំណាង​មន្ត្រី​រាជរដ្ឋាភិបាល​ជាដើម​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ការ​ប្រារព្ធ​ទិវា​នេះ ត្រូវធ្វើឡើង​តាមរយៈ​ការផ្ញើ​សារ​រូបថត វីដេអូ​ខ្លីៗ និង​ចម្រៀង​តាម​បណ្តាញ​សង្គម​វិញ ដោយសារ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តថា ទិវា​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញ​ទៅកាន់​សាធារណជន អំពី​វត្តមាន​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ពួកគេ​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់ ការគោរព ការបណ្តុះ​នូវ​សេចក្តីស្រឡាញ់​ក្នុង​ភាពជា​មនុស្សជាតិ និង​រួមគ្នា​កសាង​សង្គម​មួយ​ដ៏​កក់ក្តៅ សម្រាប់​ប្រជាជន​ទាំងអស់​៕

Related Posts

Previous Article

វៀតណាម​មិនទាន់​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩ ពិតជាបានឆ្លង​ពី​កម្ពុជា​នៅឡើយទេ​

Next Article

សមាជិកSCC ត្រូវបានបញ្ឈប់ឲ្យចុះដោះស្រាយទំនាស់ដីធ្លីដែលបញ្ចប់រួចដោយនាយករដ្ឋមន្ត្រី