ana-air canadia-bank Silk-air nissan acleda cab-bank

សមាជិកSCC ត្រូវបានបញ្ឈប់ឲ្យចុះដោះស្រាយទំនាស់ដីធ្លីដែលបញ្ចប់រួចដោយនាយករដ្ឋមន្ត្រី

ប៉ិច សុធារី / Khmer Times No Comments Share:
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ។ KT/ ខេម សុវណ្ណារ៉ា

​ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​បញ្ឈប់​ឲ្យ​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ចុះ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី​ទាំងឡាយណា​ដែរ នាយករដ្ឋមន្ត្រី និង​តុលាការ បាន​ដោះស្រាយ​បញ្ចប់​រួចហើយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់ថា មិន​អនុញ្ញាត​ឲ្យ​លេខាធិការដ្ឋាន និង​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ចុះ​ដោះស្រាយ​រាល់​ទំនាស់​ទាំងឡាយណា ដែល​នាយករដ្ឋមន្ត្រី បាន​ដោះស្រាយ​បញ្ចប់ និង​មាន​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​(​សជណ​)​រួចហើយ​នោះទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​កំពុងដំណើរការ​តាម​នីតិវិធី​របស់​តុលាការ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បន្តថា​៖ «​មិន​អនុញ្ញាត​ឲ្យ​ចុះ​ដោះស្រាយ​រាល់​ទំនាស់​ទាំងឡាយណា ដែល​បាន​ដោះស្រាយ​បញ្ចប់​ដោយ​ស្ថាប័ន​តុលាការ ដែលមាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​រួចហើយ​»​។​

​លោក​ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវ​ពិនិត្យ​គោលដៅ និង​កម្មវត្ថុ​ដែល​សមាជិក និង​សមាជិកា បម្រុង​ចុះទៅ​ដោះស្រាយ ដោយ​មិនត្រូវ​ចេញ​លិខិត​បេសកកម្ម​ជូន​ឡើយ ក្នុងករណី​ដែល​ទំនាស់​ទាំងនោះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ ឬ​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​ត​តាម​នីតិវិធី​របស់​តុលាការ​។​

​លោក​បាន​បន្ថែមថា​៖ «​ទន្ទឹមនេះ ក៏​មិនត្រូវ​បញ្ជូន​សំណុំរឿង​វិវាទ​ដីធ្លី​រវាង​បុគ្គល​និង​បុគ្គល ជូន​មក​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ដោះស្រាយ​ដែរ​»​។​

​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​គង់ ម៉ូ​នី​កា បាន​មានប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា ការសម្រេច​នេះ មិនមាន​អ្វី​ថ្មី​នោះទេ ស្រប​ពេលដែល​ព្រះរាជ​អនុក្រឹត្យ​បានចែង​ច្បាស់លាស់​ហើយពី​តួនាទី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ហើយ​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ពុំមាន​សិទ្ធិអំណាច​ណាមួយ​ទៅ​ដោះស្រាយ​បញ្ហាដីធ្លី ឬ​ទៅ​ចង្អុល​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បែបនេះ​ឬ​បែប​នោះឡើយ​។​

​លោក​បាន​បន្តថា​៖ «​ជាធម្មតា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បញ្ហាដីធ្លី គាត់​តែងតែ​ព្យាយាម​ស្វះ​ស្វែងរក​អ្នក​ដែល​អាចមាន​លទ្ធភាព​ជួយ​គាត់​បាន ប៉ុន្តែ​យើង​ត្រូវ​ដឹងថា បញ្ហា​ណា​ដែល​ខុស​វិស័យ ហើយ​បើ​ឈានដល់​ស្ថាប័ន​តុលាការ​ហើយ យើង​មិនអាច​ទៅ​ជ្រៀតជ្រែក​បានទេ ដូច្នេះ​យើង​ត្រូវ​ពិនិត្យពិច័យ​ឲ្យ​បានច្បាស់លាស់ មុននឹង​អាច​យើង​ធ្វើ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​»​។​

​លោក​បាន​បន្ថែមថា​៖ «​ប្រតិភូ​មកពី​គណបក្ស​នីមួយៗ ត្រូវ​ពិនិត្យ​ដែរ​មុននឹង​ទទួលយក​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ថា​តើ​រឿង​ហ្នឹង​វា​នៅក្នុង​ស្ថានភាព​បែបណា មិនមែន​ដើម្បី​ប្រជាប្រិយភាព​របស់​គណបក្ស​ខ្លួនឯង ហើយ​ចេះតែ​ទទួលយក​ពាក្យបណ្តឹង​មក​នោះទេ យើង​ត្រូវ​ដឹងថា យើង​មិនមាន​តួនាទី​ឬ​មាន​សិទ្ធិ​ទៅ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឡើយ យើង​មាន​តួនាទី​ត្រឹមតែ​តាមដាន​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​រួច​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​»​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្រមូលផ្តុំ​ទៅដោយ​សមាសភាព​មកពី​គណបក្សនយោបាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។​

​ប៉ុន្តែ កាលពី​ដើមខែ​នេះ ប្រមុខរដ្ឋស្តីទី លោក​សាយ ឈុំ បានសម្រេច​បញ្ចប់​តួនាទី​របស់ លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង អតីត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មកពី​គណបក្ស​ខ្មែរ​ក្រោក ក្រោយពី​រូបលោក និង​ក្រុមការងារ​បាន​មានទំនាស់​ពាក្យសម្តី​ជាមួយ​មន្ត្រី​ក្រសួងបរិស្ថាន និង​អាជ្ញាធរ នៅពេល​ចុះទៅ​ស្រាវជ្រាវ​ទំនាស់​ដីធ្លី​មួយ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​-​រាម ក្នុង​ខេត្ត​ព្រះសីហនុ តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​។​

​នៅពេលនោះ លោក វ​ឌ្ឍ​នាសា​ប៊ុង បានលើកឡើង​ពី​បណ្តឹង​របស់​តំណាង​ពលរដ្ឋ​៤​នាក់ តំណាង​ឲ្យ​ជាង​១៣០​គ្រួសារ ដែល​អះអាងថា​មាន​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ រហូតដល់​មាន​អំពើហិង្សា និង​ការចាប់​បង្ខាំង​មនុស្ស​។​

​ប៉ុន្តែ ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ លោក វ​ឌ្ឍ​នាសា​ប៊ុង នោះ​គឺជា​ពលរដ្ឋ​ដែល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ខណៈដែល​ដី​នៅ​តំបន់​នោះ​ត្រូវបាន​ចុះបញ្ជី​ដី​រដ្ឋ​រួចហើយ​៕

Related Posts

Previous Article

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​ជៀសវាង​ការ​រើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​

Next Article

វី​អូ​អេ​-​ខ្មែរ​ ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្សាយ​បន្តតាម​វិទ្យុ​នានាឡើងវិញ