ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនខេត្តបាត់ដំបងដែលមានព្រំប្រទល់ជាប់ជាមួយខេត្តសាកែវ ប្រទេសថៃបានចាប់ដំណើរការឡើងវិញហើយ។
យោងតាមអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឲ្យដឹងថា ដោយសារតែមានការឆ្លងរីករាលដាលនៃវីរុស កូវីដ១៩ ព្រំដែនត្រូវបានបិទ ប៉ុន្តែត្រូវបានបើកឲ្យដំណើការឡើងវិញក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះជាមួយនិងការកំណត់ពេលវេលាចេញចូល។
បើទោះបីជាព្រំដែនទើបតែបើកឲ្យដំណើការឡើងវិញក៏ដោយ លោក ងួន រតនៈ បានថ្លែងថាការរឹតបន្តឹងនៅតែត្រូវអនុវត្ត ខណៈដែលច្រកព្រំដែននេះបើកចាប់ពីម៉ោង ៧ ព្រឹកដល់ពាក់កណ្តាលអធ្រាត្រ។ លោកបានមានប្រសាសន៍ថា៖ «ពួកគេនាំចូលសត្វជ្រូកមកកាន់ប្រទេសកម្ពុជា ខណៈដែលយើងនាំចេញទៅវិញនូវផលិតផលកសិកម្មទៅកាន់ប្រទេសថៃ។»
ច្រកអន្តរជាតិអន្តរជាតិមួយផ្សេងទៀតរវាងខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជានិងខេត្តឈុនបុរីរបស់ប្រទេសថៃក៏មានការបើកឲ្យដំណើការសម្រាប់ការដឹកជញ្ជូនទំនិញដូចធម្មតាដែរ ប៉ុន្តែច្រកមួយនេះមិនបើកសម្រាក់ការធ្វើដំណើរចេញចូលរបស់ប្រជាជននោះទេ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ច្រកទ្វារអន្តរជាតិក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលតភ្ជាប់ខេត្តសាកែវ ប្រទេសថៃ ជាច្រកព្រំដែនសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក នី កន ប្រធានសមាគមដំឡូងមីខេត្តបាត់ដំបងបានមានប្រសាសន៍ថាថ្មីៗនេះ បរិមាណនៃដំឡូងមីរហូតដល់ទៅ ១ លានតោនត្រូវបាននាំចេញឆ្លងកាត់ព្រំដែនគ្រប់រដូវកាល។
លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ដំឡូងមីមកពីខេត្តកំពង់ធំក៏ត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសថៃផងដែរ។
កាសែតបាងកកប៉ុស្តិ៍ The Bangkok Post កាលពីពេលថ្មីៗនេះបានរាយការណ៍ពីតួលេខរបស់នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃដែលបង្ហាញថាពាណិជ្ជកម្មឆ្លងដែនរបស់កម្ពុជាជាមួយថៃមានការធ្លាក់ចុះចំនួន ១,៥ លានដុល្លារក្នុងត្រីមាសទី ១ ខណៈដែលវីរុសកូវីដ១៩បានវាយប្រហារសេដ្ឋកិច្ចពិភពលោកនិងនាំឱ្យមានការបិទច្រកព្រំដែនរាប់សិបកន្លែង។
លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានថ្លែងឲ្យដឹងថា សកម្មភាពពាណិជ្ជកម្មដ៏ល្អត្រូវបានមើលឃើញនៅក្នុងការនាំចេញទៅកាន់ប្រទេសកម្ពុជាដែលមានការកើនឡើងចំនួន ១៤,៣ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ បើទោះបីជាមានករណីឆ្លងរាលដាលនៃវីរុសកូវីដ១៩យ៉ាងណាក៏ដោយ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងងថាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ៣ ខែដំបូងមានទំហំទឹកប្រាក់ចំនួន ២,៥ ពាន់លានដុល្លារ ពោលគឺមានការកើនឡើង ចំនួន៣១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលនេះ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសថៃមានចំនួន ៦១២ លានដុល្លារ ជាការកើនឡើង ១១៥ ភាគរយ ខណៈដែលកម្ពុជានាំចូលពីប្រទេសថៃវិញមានចំនួន ១,៨៩១ លានដុល្លារ ពោលគឺកើនឡើង ១៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រែសម្រួល ភុន ច័ន្ទឧសភា