ana-air canadia-bank Silk-air nissan acleda cab-bank

ប៉ូលីសចរាចរណាដែលបើកបរល្មើសច្បាប់ នឹងផាកពិន័យតាមច្បាប់ដោយគ្មានការលើកលែង

ប៉ិច សុធារី / Khmer Times No Comments Share:
KT/Siv Channa

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក​ ស ថេត បាន​ព្រមាន​​​ដាក់វិន័យ​និង​អនុវត្តតាមនីតិវិធីច្បាប់​ដោយ​គ្មាន​​ការ​លើក​លែង ចំពោះ​​​មន្ត្រីរូបណាដែលធ្វើខុស​ពីការ​ណែនាំ​របស់​​ថ្នាក់ដឹកនាំ ក្នុង​ការ​អនុវត្តការ​​​រឹតបន្តឹង​ច្បាប់ចរាចរណ៍ ខណៈមន្ត្រីដែលបើកបរ​​ល្មើសច្បាប់ចរាចរណ៍ ​ក៏នឹង​ត្រូវ​ផាក​ពិន័យ​​តាម​ច្បាប់​ស្មើ​ភាព​​​នឹង​ប្រជាពលរដ្ឋទូទៅ។

នៅក្នុងកិច្ចប្រជុំ​ជាមួយ​មន្ត្រី​នគរបាលចរាចរណ៍​តាមបណ្តា​ខណ្ឌ​​ទាំង​១៤​ក្នុងរាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ព្រហស្បត្តិ៍ លោក​ឧត្តម​សេនីយ៍ឯក ស ថេត បាន​ថ្លែង​កោត​សរសើរ​ដល់កម្លាំង​សមត្ថកិច្ចទាំងអស់​ ដែលបាន​​ខិតខំទាំងយប់ទាំង​ថ្ងៃ ក្នុងការត្រួតពិនិត្យ និងរឹត​​បន្តឹង​ការ​អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក ដើម្បីការពារ​អាយុជីវិត​ និងទ្រព្យសម្បត្តិ​របស់​ប្រជា​​ពលរដ្ឋ។

លោក​បន្តថា ​ជាលទ្ធ​ផល ក្នុងរយៈពេល​១៣​ថ្ងៃ​នៃការរឹតបន្តឹងច្បាប់​នេះ គ្រោះថ្នាក់ចរាចរណ៍​បាន​កាត់​បន្ថយ​​​​​​រហូតដល់ ៤០ភាគ​រយ​ ជា​ពិសេស​ធ្វើឲ្យអ្នកបើកបរភាគច្រើន​បានចូលរួមគោរពច្បាប់ ដោយពាក់មួយ​សុវត្ថិភាព ពាក់​ខ្សែ​​​​ក្រវ៉ាត់ គោរព​ភ្លើងសញ្ញា​និងស្លាកចរាចរណ៍​ជាដើម។​

លោក​ក៏បានណែនាំ​ដល់មន្ត្រីអនុវត្តច្បា​ប់ទាំងអស់​​ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា​​ និងសំដីសមរម្យ​ជា​មួយ​​​​​​​ប្រជាពលរដ្ឋក្នុងពេលបំពេញការងារ​ផងដែរ។

លោកស​ ថេត បានគូសបញ្ជាក់​​ថា៖ «ក្នុងពេលអនុវត្តរឹតបន្តឹង​ច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្ត​ខុស​ពី​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​​ មន្ត្រី​នោះ​​នឹងត្រូវ​ដាក់ពិន័យ ក៏ដូចជា​ការអនុវត្តវិន័យ​កងកម្លាំង»។

លោក​បានបន្ថែមថា មន្ត្រី​ទាំង​អស់​ត្រូវតែ​ជា​គំររូល្អ​ដល់​ប្រជា​​ពលរដ្ឋ ក្នុង​ការ​គោរព​​​​​​ច្បាប់ ត្រូវពាក់មួកសុវត្ថិភាព មាន​ស្លាក​​​​លេខ ពាក់ខ្សែ​ក្រវ៉ាត់​ និងកុំនិយាយទូរស័ព្ទ​ពេល​បើក​បរ​(លើកលែង​តែការនិយាយទូរស័ព្ទដោយប្រើកាស)»។

លោក​ថា៖ «បើក្នុងករណីសមត្ថកិច្ចមិនគោរពច្បាប់ បើកបរ​ល្មើសច្បាប់ចរាចរណ៍ នឹង​ត្រូវ​​ផាកពិន័យ​តាម​ច្បា​ប់​​ស្មើ​ភាព​​គ្នា​ជាមួយប្រជា​ពលរដ្ឋ»។

កាលពីចុង​ខែមេសា មុនការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ ជាមួយនឹងការផាកពិន័យខ្ពស់ជាងមុននោះ  អគ្គ​​​ស្នងការដ្ឋាននគរបាលជាតិ លោកនាយ​ឧត្តមសេនីយ៍ នេត​ សាវឿន បាន​ណែនាំ​​ដល់​កម្លាំង​នគរ​បាល​ចរា​ចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស​​ ត្រូវ​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ តម្លាភាព ស្មើភាព គ្មានការលើកលែង និង​​​​មានសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ឥរិយា​បទ​ថ្លៃថ្នូរនិងទន់ភ្លន់​ចំពោះប្រជាពលរដ្ឋ​។

ក្រោយការណែនាំនោះ​ កាលពីដើមខែ​ឧសភានេះ មានមន្ត្រីអនុវត្តច្បាប់ម្នាក់ ​​ឈ្មោះ សួគ៌ ធី ដែលជា​អធិការ​រង​នគរ​បាល​​​ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង ត្រូវបាន​ដាក់ពិន័យ​ដោយការបញ្ឈរជើង​ការ​​ងារជា​បណ្តោះអាសន្ន ​បន្ទាប់​ពី​មន្ត្រី​រូប​នេះ បាន​ដាក់ខ្នោះលើប្រជាពលរដ្ឋដែល​​គ្មានបណ្ណបើកបរ ដែលករណីនេះ ​ជាការអនុវត្ត​ហួស​គោលការណ៍​ណែ​នាំ​​របស់​ថ្នាក់​ដឹកនាំ ក្នុង​ពេល​ចុះ​​រឹត​​​បន្តឹង​​ច្បាប់​​ចរាចរណ៍​។

លោក គង់ រតនៈ ប្រធានវិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បានគាំ​ទ្រ​​ចំ​ពោះចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ចំពោះមន្ត្រីអនុវត្តច្បាប់ដែលប្រព្រឹត្តអំពើខុសឆ្គង ប៉ុន្តែ​លោកក៏​បានស្នើឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យសារធាណជនបានដឹង ប្រសិនបើមានមន្ត្រីណាមួយ​មានកំហុស ហើយត្រូវ​បាន​ដាក់វិ​ន័យ។

លោកថា៖ «កន្លង​មក ពេលដែលសមត្ថកិច្ច​ធ្វើខុស ឬក៏ទទួលការ​ដាក់​វិន័យណាមួយ​នោះ គឺ​ពុំត្រូវបាន​ផ្សព្វ​ផ្សាយ​ឲ្យ​មហា​ជនបានដឹង​នោះ​ទេ ដូច្នេះ​ចំណុចនេះ​បានបង្កើតនូវភាព​មន្ទិល​​សម្រាប់ពលរដ្ឋ​។ ខ្ញុំគិត​ថា ជា​រឿងល្អដែលគាត់[​អគ្គ​ស្នងការ​]​មាន​​គោល​​ការណ៍​ផ្ទៃ​ក្នុង ក្នុងការ​ពង្រឹងការងាររបស់មន្ត្រីថ្នាក់ក្រោមនោះ ប៉ុន្តែ​​បើ​អាចខ្ញុំ​ស្នើសុំ​ឲ្យមាន​តម្លា​ភាព​​​ទាំង​អស់គ្នា»។

យោង​តាមរបាយការណ៍រ​បស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​​ការ​រឹត​បន្តឹង​ច្បាប់ចរា​ចរណ៍​ផ្លូវគោក ជា​មួយ​នឹងការផាកពិន័យ​ខ្ពស់់ជាងមុន ចាប់ពីថ្ងៃ​ទី​១​ ដល់ថ្ងៃ​ទី​១៣ ខែ​ឧសភានេះ​ មន្ត្រី​នគរ​បាល​ចរា​​ចរណ៍ បាន​ផាក​ពិន័យ​​យាន​យន្តបានចំនួន ២១៣៦៩គ្រឿង ក្នុងនោះមានម៉ូតូ​ ១៥៩១០គ្រឿង និងរថយន្ត ៥៤៥៩​​​​​គ្រឿង។​ បទ​ល្មើស​សម្រាប់ម៉ូតូ ដែល​​​ត្រូវបានកត់សម្គាល់ភាគ​ច្រើន គឺ​អត់ពាក់មួកសុវត្ថិភាព បំពានស្លាក​សញ្ញា និង​អត់​ស្លាក​លេខ​ ខណៈ​​​រថយន្ត​ ត្រូវបានរកឃើញថាបានបើកបរល្មើសល្បឿនកំណត់​​ អត់ពាក់ខ្សែ​ក្រវាត់ គ្មាន​ប័ណ្ណ​បើក​​បរ និង​បើក​បរ​ប្រើ​ប្រាស់​ទូរស័ព្ទ។

របាយការណ៍បានបន្តថា​ ក្នុងកំឡុងពេលនេះ​ដែរ គ្រោះថ្នាក់ចរាចរណ៍បាន​កើតមានឡើងចំនួន ៨៥លើក បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៥នាក់ និងរបួស​១១៥នាក់៕

Related Posts

Previous Article

មតិ​អ្នក​អាន​៖ ប្រៀប​ធៀប​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជា​និង​នៅ​វៀតណាម​

Next Article

ត្រាក់ទ័រព្យួរលើមីនតោនផ្ទុះស្លាប់អ្នក​បើក​បរម្នាក់