ana-air canadia-bank Silk-air nissan acleda cab-bank

ត្រាក់ទ័រព្យួរលើមីនតោនផ្ទុះស្លាប់អ្នក​បើក​បរម្នាក់

ប៉ិច សុធារី / Khmer Times No Comments Share:
ត្រាក់ទ័រ​បាន​រងការ​ខូចខាត​ដោយ​ម៉ីនតោន​​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​រងគ្រោះ​ដល់​អាយុជីវិត។ រូបថត​ សហការី

ភ្នំពេញ៖ បុរស​ម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន​​ នៅពេលដែលជនរងគ្រោះបានព្យួរ​ដីធ្វើចម្ការ នៅ​ចំណុច​​អូរចំបិល ភូមិអូរតាមែង ឃុំ​អន្លង់វែង​ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកហេង រតនា ប្រតិភូ​រាជ​រដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល​​សកម្មភាពកំចាត់មីនកម្ពុជា​ ហៅ​កាត់​​ថា ស៊ីម៉ាក់ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង​ ​២ កន្លះរសៀលថ្ងៃ​ពុធ បង្ក​ឲ្យបុរសម្នាក់​ឈ្មោះ យ៉ាង ចាន់ថុល អាយុ​ ៣៤​ ឆ្នាំ មានមុខរបរ​ជាកសិករ​ បានស្លាប់ភ្លាម​នៅនឹងកន្លែងកើតហេតុ ​​ខណៈ​ដែល​​ជន​រង​គ្រោះ​បានបើកបរត្រាក់ទ័រព្យួរ​ដី​ចំការ​ចន្ទី ហើយក៏​ប៉ះចំមីនតោន។

លោកថា៖ «ខ្ញុំសូមចូលរួមមរណៈទុក្ខចំពោះគ្រួសារ​សព នេះ​ជា​សោកវិនាស​កម្មមួយ​ ដោយសារសំណល់ជាតិផ្ទុះ​​ដែល​បន្សល់​​ទុក​ក្រោយ​សង្គ្រាម​»។

អធិការនគរបាលស្រុក​អន្លង់វែង លោកវរសេនីយ៍ឯក ស៊ឹម វណ្ណៈ ពុំអាច​សុំការ​អត្ថា​ធិប្បាយ​បន្ថែមបានទេ​កាលពីថ្ងៃ​ព្រហស្បត្តិ៍។

ប៉ុន្តែ មន្ត្រីនគ​របាលស្រុក​​អន្លង់វែង លោកឈឿន បាន​មានប្រសាសន៍​ថា ហេតុ​ការណ៍​​ផ្ទុះ​មីន​តោន​​នេះ ក៏បានបណ្តា​ល​ឲ្យ​ត្រាក់​​ទ័រមួយ​គ្រឿង ​ម៉ាក Kubota ​ដែលជនរងគ្រោះបើកព្យួរ​ដី​នោះ បានរង​ការ​​ខូ​ច​ខាត​​​ទាំងស្រុង​ផងដែរ​។ លោក​បន្ត​ថា ទីតាំង​កើតហេតុ​នោះ គឺ​ជា​អតីតតំបន់ដែល​មាន​ការ​​ចម្រូង​ចម្រាស់​ក្នុងសម័យ​សង្គ្រាមនៃរបបខ្មែរក្រហម ហើយត្រូវ​​បានមន្ត្រីសមត្ថកិច្ច​ បានធ្វើការផ្សព្វផ្សាយជារឿយៗ​ដល់​ប្រជា​ពលរដ្ឋ ពី​ហានិ​ភ័យ​នៃ​​សំណល់ជាតិផ្ទុះ​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​នេះ។

លោកថា៖ «តំបន់នោះ ពីដើមឡើយ​ អាជ្ញាធរ​បានធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលទៅទេ ដោយសារ​វា​នៅ​​មាន​សំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែល​យើង​បាននិងកំពុងធ្វើការរុករក ប៉ុន្តែ​ពលរដ្ឋខ្លះគាត់មិនស្តាប់ ក៏ចេះ​តែ​ចូលទៅធ្វើចម្ការ​ ដាំដំណាំ​ផ្សេង​ៗ តែ​ក៏មិនដែលមានបញ្ហាអីដែរ ទើបតែ​ពេលនេះក៏មានករណី​ផ្ទុះមីនតោននេះ​កើត​ឡើង​តែ​​​ម្តង»។​

យោងតាមរបាយការណ៍​របស់អង្គភាព ស៊ីម៉ាក់ បានឲ្យដឹងថា​ ក្នុងរយៈពេល​៤ខែនេះ ក្រុមមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់​​​​ផ្ទុះ​​​លើផ្ទៃដីជិត ៤០គីឡូម៉ែត្រក្រឡា ក្នុងនោះ បានរកឃើញ គ្រាប់​​មីន និងគ្រាប់យុទ្ធ​ភ័ណ្ឌ​មិនទាន់ផ្ទុះគ្រប់​ប្រភេទ​​ជាង ៤៧៥០​​គ្រាប់។ របាយការណ៍​បន្តថា មាន​ប្រជាពលរដ្ឋចំនួន ១៩​នាក់ បានរងគ្រោះដល់ស្លាប់ និងរង​របួស​ ដោយសារ​គ្រាប់មីន​និងគ្រាប់​យុទ្ធ​ភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនោះជន​រង​គ្រោះ​​​មួយ​ចំនួន ជា​​កុមារ និងយុវជនដែលមានអាយុក្រោម១៨​ឆ្នាំ៕

Related Posts

Previous Article

ប៉ូលីសចរាចរណាដែលបើកបរល្មើសច្បាប់ នឹងផាកពិន័យតាមច្បាប់ដោយគ្មានការលើកលែង

Next Article

កម្មករ​រោង​ចក្រ ១៦០០ នាក់​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​ខែ​មេសា​