cellcard cellcard

សាលាឧទ្ធរណ៍បដិសេធសំណើររបស់ផ្សារទំនើបផាកសុនក្នុងការផ្លាស់ប្តូរការដោះស្រាយរឿងក្ដីទៅកាន់តុលាការសិង្ហបុរី

ដោយ/ Jose Rodriguez T. Senase / Khmer Times Share:
KT/Siv Channa

សាលាឧទ្ធរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានច្រានចោលគោលបំណងរបស់ផ្សារ​ទំនើប​ផាកសុន (Parkson) ក្នុងការស្នើសុំឲ្យរឿងក្តីរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Hassan (Cambodia) Development ធ្វើការដោះស្រាយនៅក្នុងតុលារការ​​ប្រទេសសិង្ហបុរី ។

កាលពីពីរសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាឱ្យក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ីមួយនេះបង់ប្រាក់ចំនួន ១៤៤ លានដុល្លារអាមេរិកជា​សំណងលើការខូចខាតទាក់ទងនឹងគម្រោងផ្សារទំនើបដែលមិនបានបញ្ចប់។

ខណៈពេលដែលរឿងក្តីនេះកំពុងតែដំណើការ ក្រុមហ៊ុន Parkson បានដាក់ពាក្យស្នើសុំទៅកាន់សាលាឧទ្ធរណ៍ដើម្បីផ្ទេររឿងក្តីទៅកាន់ប្រទេសសឹង្ហបុរី ខណៈដែលខ្លួនបានអះអាងថាតុលាការនៅកម្ពុជាគ្មានយុត្តាធិការលើបញ្ហានេះ។

ទោះយ៉ាងណា តុលាការឧទ្ធរណ៍មិនយល់ស្របនឹងការស្នើសុំដែលបានដាក់ជូននៅថ្ងៃទី ២២ ខែមេសានោះទេ។ មួយសប្តាហ៍ក្រោយមក សាលាឧទ្ធរណ៍បានធ្វើការសំរេចបន្ថែមទៀតថា ករណីនេះមិនអាចផ្ទេរទៅកាន់ប្រទេសសិង្ហបុរីបាននោះទេ ខណៈដែលនីតិវិធីច្បាប់នៅកម្ពុជាមិនទាន់ត្រូវបានបញ្ចប់។

ការតតាំងក្ដីនៅតុលាការដែលអូសបន្លាយរយៈពេលវែងរវាងភាគីទាំងពីរនេះបានចាប់ផ្តើមកាលពី ៤ ឆ្នាំមុន ខណៈដែលក្រុមហ៊ុន Parkson បានចោទប្រកាន់ក្រុមហ៊ុន HCD ថាមិនបានធ្វើតាមកាតព្វកិច្ចក្នុងកិច្ចសន្យារបស់ខ្លួនលើគំរោងផ្សារ​ទំនើប​ផាកសុន (Parkson)  (ដែលក្រោយមកប្តូរឈ្មោះទៅជាគម្រោងភ្នំពេញមេហ្គាមេលវិញ)។ ទោះជាយ៉ាងណា ក្រុមហ៊ុន HCD បានបដិសេធការអះអាងដែលធ្វើឡើងដោយក្រុមហ៊ុន Parkson ហើយក្រោយមកបានដាក់ពាក្យប្តឹងទាមទារសំណងខូចខាត។

យោងតាមប្លង់រចនាដើម ផ្សារ​ទំនើប​ផាកសុន (Parkson) មាន ១០ ជាន់ ដែលមានដូចជាផ្សារទំនើប កន្លែងលក់ខោ អាវ កន្លែងលក់អាហារ​នឹង​ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក របស់របរក្នុងផ្ទះ ការអប់រំ និងទីតាំងមួយចំនួនទៀត។

ផ្សារទំនើបមួយនេះក៏នឹងមានកន្លែងសម្រាប់លេងប៉ូ​លីង និងរោងកុនដំណើការដោយក្រុមហ៊ុន Golden Screen Cinema ដែលជាម្ចាស់រោងកុនភាពយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍ និងមានចំណតរថយន្តធំទូលាយដែលអាចផ្ទុករថយន្តបានចំនួន ១៥០០ គ្រឿងនិងម៉ូតូ ៣០០០ គ្រឿង។

យោងតាមការចេញផ្សាយព័ត៌មានមួយពីក្រុមហ៊ុនអចលនទ្រព្យ CBRE កម្ពុជា កាលពីខែសីហាឆ្នាំមុន បានប្រកាសថាផ្សារទំនើបនេះត្រូវបានគ្រោងនឹងបើកឲ្យដំណើការនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២០។ ការចេញផ្សាយដដែលក៏បានប្រកាសពីការចាប់ផ្តើមបើកឲ្យជួលទីតាំងក្នុងផ្សារទំនើបនេះផងដែរ។

ទោះជាយ៉ាងណា ប្រភពដដែលបានប្រាប់កាសែតខ្មែរថាមស៍ថាម្ចាស់ទីតាំងបានស្នើសុំពន្យាពេលក្នុងការបើកដំណើរការផ្សារទំនើបនេះដើម្បីបញ្ចប់ការរចនានានា ស្របពេលដែលមានការរីករាលដាលនៃវីរុសកូវីដ១៩ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ផ្សារ​ទំនើប​ផាកសុន (Parkson) ដែលជាទីតាំងលក់ទំនិញឈានមុខគេមួយនៅក្នុងប្រទេសម៉ាឡេស៊ី ក៏មានសាខារបស់ខ្លួននៅក្នុងប្រទេសចិននិងវៀតណាមផងដែរ៕
ប្រែសម្រួល ភុន ច័ន្ទឧសភា

Previous Article

Over 74,000 cases in India as lockdown set to ease

Next Article

អាកាសយានដ្ឋានខេត្តមណ្ឌលគិរី នឹងជំរុញកំណើនភ្ញៀវទេសចរ