cellcard cellcard

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍អំពីប្រាក់រៀល ក្នុងខួបលើកទី៤០នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០

Khmer Times Share:
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ខ្មែរថាមសន៍

១. ការបោះពុម្ព​ប្រាក់រៀល​បាន​កើនឡើង ៥០,៤% កាលពី​ឆ្នាំមុន តើ ឯកឧត្តម គិតថា​នឹង​កើនឡើង​ប៉ុន្មាន​ភាគរយ​ដែរ​នៅ​ឆ្នាំ២០២០នេះ?

ខ្ញុំ​រំពឹងថា ការប្រើប្រាស់​ប្រាក់រៀល​នឹង​បន្ត​កើនឡើង​ថែមទៀត​ធៀប​ទៅនឹង​ឆ្នាំមុន។ ដូចដែល​យើង​បានឃើញ​ហើយ​ថា ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​ជាតិ​បាន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច។ លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​យ៉ាងសកម្ម តាមរយៈ​ការដាក់ចេញ វិធានការ​មួយចំនួន​រួមមាន ការអភិវឌ្ឍ​ឧបករណ៍​គោលនយោបាយ​ដូចជា​ប្រតិ​ប​ត្ដិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដើម្បី​បង្កើន​សន្ទនីយ​ភាពជា​ប្រាក់រៀល ដែល​អាចឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​អនុវត្តតាម​បទ​ប្បញ្ញត្តិ ក្នុងការ​ផ្តល់​ឥណទាន​ជា​ប្រាក់រៀល​យ៉ាងតិច ១០% នៃ​សំពៀត​ឥណទាន​សរុប។ ការបោះ​ផ្សាយ​សញ្ញាប័ណ្ណ​សាជីវកម្ម​ជា​ប្រាក់រៀល​កាលពីពេលថ្មីៗនេះ​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​រួមមាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន ក៏បាន​រួមចំណែក​ដល់​ការបង្កើន​ការប្រើប្រាស់​ប្រាក់រៀល​ផងដែរ។

២. តើ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុថ្មីៗ ដើម្បី​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​កាត់បន្ថយ​ភាពក្រីក្រ​ដែរឬទេ?

ប្រាកដ​ណាស់ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ដល់​ការទទួលបាន​ហិរញ្ញប្បទាន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​វិស័យ​ឯកជន។ ការសម្រួល​ដល់​ការផ្តល់​ឥណទាន​នេះ​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​របាយការណ៍​ធ្វើ​ធុរកិច្ច (Doing Business) ឆ្នាំ២០២០របស់​ធនាគារពិភពលោក ដែល​ប្រទេស​កម្ពុជា​ត្រូវ​បានផ្តល់​ចំណាត់ថ្នាក់​ទី២៥ ក្នុងចំណោម​ប្រទេស​ចំនួន ១៩០ សម្រាប់​ការទទួលបាន​ឥណទាន។ ឥណទាន​ពី​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវបាន​ទទួលស្គាល់ថា​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ។ គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បោះជំហាន​គួរឱ្យកត់សម្គាល់​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដោយ​ប្រជាជន​ពេញវ័យ​ច្រើនជាង ៥០% មានលទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ។

៣. តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា ទាក់ទង​នឹង​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក?

ការកាត់បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា គឺ​ពិត​ជាមាន​ភាពលំបាក។ កត្តា​សំខាន់​ពីរ​ដែល​ដាក់​កម្រិត​ដល់​សមត្ថភាព​របស់​យើង​ក្នុងការ​កាត់បន្ថយ​កម្រិត​ដុល្លារូបនីយកម្ម រួមមាន កត្តា​ចិត្តសាស្ត្រ និង​និន្នាការ​ថមថយ​នៃ​ការប្រើប្រាស់​របស់​វិនិយោគិន។ សម្រាប់​កត្តា​ចិត្តសាស្ត្រ ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​ដើម្បី​ប្តូរភ្លាមៗពី​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ទៅជា​ប្រាក់រៀល ពិតជា​មានការ​លំបាក​ណាស់។ ដោយសារ​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល​បាន​ធ្លាក់ចុះ​នៅពេល​ដ៏​ច្របូកច្របល់​ពី​អតីតកាល ហើយ​ប្រជាជន​បាន​ទម្លាប់​នឹង​ការរក​ប្រាក់ចំណូល​និង​ចំណាយ​ជា​ប្រាក់​ដុល្លារ​អាមេរិក​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ១៩៩០មក ការស្តារ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​រូបិយវត្ថុ​ជាតិ​ឡើងវិញ អាច​នឹងត្រូវ​ប្រើ​រយៈពេល​យូរ។ លើសពីនេះ វិនិយោគិន​បរទេស​ដែល​បាន​វិនិយោគ​ជា​ប្រាក់​ដុល្លារ​អាមេរិក​មាន​ទស្សនៈ​ចង់ឱ្យ​សេដ្ឋកិច្ចកម្ពុជា​បន្ត​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក ដែល​អំណោយផល​ឱ្យ​ពួកគេ​ប្រើប្រាស់​ដោយផ្ទាល់​នូវ​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដើម្បី​ជៀសវាង​ហានិភ័យ​អត្រា​ប្តូរប្រាក់ ទោះបីជា​អត្រា​ប្តូរប្រាក់​ដុល្លារ​អាមេរិក​ធៀប​នឹង​រៀល​មាន​ស្ថិរភាព​ល្អប្រសើរ ក្នុង​រយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​ក៏ដោយ។

៤. តើ​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ ប្រសិនបើ​ប្រាក់រៀល​ត្រូវបាន​ប្រើប្រាស់​ជា​រូបិយវត្ថុ​តែមួយគត់​នៅក្នុង​សេដ្ឋកិច្ច?

ការប្រើប្រាស់​ប្រាក់រៀល​ជា​រូបិយវត្ថុ​តែមួយគត់​នៅក្នុង​សេដ្ឋកិច្ច គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​ការផ្គត់ផ្គង់​រូបិយវត្ថុ​ទាំងស្រុង​បាន យើង​នឹង​អាច​ទទួលបាន​អធិបតេយ្យភាព​សេដ្ឋកិច្ច​និង​នយោបាយ​ពេញលេញ។ ប្រាក់រៀល​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ ប្រវត្តិសាស្ត្រ មោទនភាព​ជាតិ និង​សាមគ្គីភាព​នៃ​ប្រទេស​កម្ពុជា ហើយ​ប្រាក់រៀល​ជួយ​ឱ្យ​ធនាគារកណ្តាល​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ និង​គាំទ្រ​កំណើនសេដ្ឋកិច្ច។ បើ​ប្រាក់រៀល​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ ធនាគារជាតិ​នៃ​កម្ពុជា​អាចមាន​ឥទ្ធិពល​ទៅលើ​សេដ្ឋកិច្ច ដោយ​ការដំឡើង ឬ​បញ្ចុះ​អត្រា​ការប្រាក់។ អត្ថប្រយោជន៍​មួយទៀត​នៃ​ការប្រើប្រាស់​ប្រាក់រៀល គឺ​ធនាគារជាតិ​នៃ​កម្ពុជា​អាច​ដើរតួនាទី​ជា​អ្នកផ្តល់​កម្ចី​ចុងក្រោយ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុង​ទម្រង់​ជាការ​គាំទ្រ​ផ្នែក​សន្ទនីយ​ភាព ជាពិសេស​ក្នុងពេលដែល​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ។ នេះ​មានន័យថា ធនាគារជាតិ​នៃ​កម្ពុជា​អាច​ផ្តល់​ជា​ឥណទាន​ក្នុងពេល​មាន​អាសន្ន​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​សន្ទនីយ​ភាព។ ការប្រើប្រាស់​ប្រាក់រៀល​ក៏​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការទូទាត់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដោយ​ពួកគាត់​មិនបាច់​គណនា​អត្រា​ប្តូរប្រាក់​មុនពេល​ទូទាត់។

៥. តើ​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​អ្វីខ្លះ ដើម្បី​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច?

កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុវត្ត​វិធានការ​ពីរ ទាំង​វិធានការ​ទន់ភ្លន់​និង​ជំរុញ ក្នុងការ​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច។ វិធានការ​ទន់ភ្លន់​សំដៅ​ទៅលើ​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច តាមរយៈ​ការរៀបចំ​កម្មវិធីផ្សេងៗ ដូចជា ទិវា​ប្រាក់រៀល ខួប​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ ការប្តូរ​ក្រដាសប្រាក់ចាស់ៗ ជាដើម ព្រមទាំង​ការផលិត​ជា​វីដេអូខ្លីៗនិង​សៀវភៅ​ដែល​ងាយស្រួល​ឱ្យ​សាធារណជន​ស្វែងយល់​បន្ថែម។ សម្រាប់​វិធានការ​ជំរុញ គឺ​ការអនុវត្ត​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ក្នុងការ​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​និង​អតិផរណា ដើម្បី​ស្តារ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន និង​ការអនុវត្ត​វិធានការ​កំណត់​ការផ្តល់​ឥណទាន​ជា​រៀល​ឱ្យបាន ១០% នៃ​សំពៀត​ឥណទាន​សរុប។

៦. តើ​គោលនយោបាយ​ដែល​បាន​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​ដែរឬទេ​ក្នុងការ​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច?

យើង​សង្កេតឃើញថា ប្រាក់រៀល​ក្នុង​ចរាចរណ៍​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី ៧ទ្រី​លាន​រៀល នៅ​ចុងឆ្នាំ២០១៦ ដល់ ១៣ទ្រី​លាន​រៀល នៅ​ចុងឆ្នាំ២០១៩។ ទន្ទឹមនេះ ប្រាក់​បញ្ញើ​ជា​រៀល​នៅ​ធនាគារ​បាន​កើនឡើង​ពី ៣,៣ទ្រី​លាន​រៀល ដល់ ៧,៥ទ្រី​លាន​រៀល ក្នុងអំឡុងពេល​ដូចគ្នា។ នៅ​កម្រិត​មីក្រូ លទ្ធផល​នៃ​ការអង្កេត​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន កាលពី​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៧ បាន​បង្ហាញថា ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រាក់ចំណូល​និង​ចំណាយ​របស់​ក្រុមគ្រួសារ​មាន​ភាពល្អប្រសើរ ដោយ​សមាមាត្រ​ប្រាក់រៀល​នៅក្នុង​ការ​សន្សំ​បាន​កើនឡើង​ពី ៧០% ទៅ ៧២% ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល។ ក្នុងចំណោម ៥៣៥សហគ្រាស ដែល​បាន​ចូលរួម​ក្នុងការ​អង្កេត​ទាំងពីរ​លើក​នេះ មាន ២៩៧សហគ្រាស ដាក់​តម្លៃ​ទំនិញ​និង​សេវា​ជា​ប្រាក់រៀល នៅ​ឆ្នាំ២០១៤ ហើយ​តួលេខ​នេះ​បាន​កើនឡើង​ដល់ ៣៥៩សហគ្រាស នៅ​ឆ្នាំ២០១៧។ លទ្ធផល​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមកនេះ ដែល​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​និង​បង្កើន​តម្រូវការ​ប្រាក់រៀល។

៧. ប្រសិនបើ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​បន្ត​មាន​ប្រសិទ្ធភាព តើ​កត្តា​នេះ​ចូលរួមចំណែក​ដល់​អត្រា​ប្តូរប្រាក់​យ៉ាងដូចម្តេច?

ការលើកកម្ពស់​រូបិយវត្ថុ​ជាតិ​តាមរយៈ​ការបង្កើន​បរិមាណ​ប្រាក់រៀល​ក្នុង​ចរាចរណ៍ នឹងមិន​ដាក់​សម្ពាធ​លើ​អត្រា​ប្តូរប្រាក់​នោះទេ​ដោយសារ ធនាគារជាតិ​នៃ​កម្ពុជា​បាន​គ្រប់គ្រង​អត្រា​ប្តូរប្រាក់​ផ្អែកលើ​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​និង​អំណោយផល​ដល់​កំណើនសេដ្ឋកិច្ច។ ការ​ចរាចរ​ប្រាក់រៀល​កាន់តែច្រើន​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង ជាពិសេស​នៅក្នុង​វិស័យ​ដែល​ប្រើប្រាស់​ប្រាក់រៀល​ច្រើន ដូចជា​ក្នុង​មធ្យោបាយ​ទូទាត់ (ឧទាហរណ៍ វិស័យ​កសិកម្ម និង​លក់រាយ)។ បើ​និយាយ​ពី​ទស្សនវិស័យ​គោលនយោបាយ ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ឱ្យបាន​ទូលំទូលាយ​បាន​ផ្តល់នូវ​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ដោះស្រាយ​បញ្ហា​ក្នុងអំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ប្រសិនបើ​ចាំបាច់។

៨. តើ​ធនាគារ​នៅ​កម្ពុជា​បាន​ឆ្លើយតប​យ៉ាងដូចម្តេច​ចំពោះ​ការតម្រូវ​ឱ្យមាន​សំពៀត​ឥណទាន​ជា​រៀល​យ៉ាងតិច ១០% នៅ​ចុងឆ្នាំ២០១៩?

ដូចដែល​បាន​រៀបរាប់​ខាងលើ យើង​សង្កេតឃើញ​ការឆ្លើយតប​ជា​វិជ្ជមាន​និង​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុងការ​អនុវត្តតាម​ការតម្រូវ​ឱ្យ​ផ្ដល់​កម្ចី​យ៉ាងតិច ១០% ជា​រូបិយវត្ថុ​ជាតិ។ ជាក់ស្តែង សំពៀត​ឥណទាន​ជា​រៀល​នៅក្នុង​វិស័យ​ធនាគារ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី ២% ក្នុង​ឆ្នាំ២០១៧ ដល់ ៤% ក្នុង​ឆ្នាំ២០១៨ និង​កើន​ឡើងដល់ ១២% ក្នុង​ឆ្នាំ២០១៩។ ទោះយ៉ាងណា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​គោរព​តាម​បទ​ប្បញ្ញត្តិ​នេះ។

ជាមួយ​ស្ថានភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ស្គា​ល់ពី​ការលំបាក​ដែល​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ប្រឈម​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ជា​រៀល ដោយសារ​គ្រឹះស្ថាន​ទាំងនោះ​មាន​ចរិតលក្ខណៈ និង​អតិថិជនខុសៗគ្នា ប៉ុន្តែ​យើង​នៅតែ​តម្រូវឱ្យ​ស្ថាប័ន​ទាំងនោះ​មាន​ផែនការ​ច្បាស់លាស់​ក្នុងការ​បង្កើន​ប្រាក់កម្ចី​ជា​រៀល​ដើម្បី​សម្រេចបាន​តាម​គោលដៅ ពីព្រោះ​ពួកគេ​មាន​កាតព្វកិច្ច​គោរព​តាម​ប្រកាស​ដោយ​គ្មាន​ការលើកលែង។

៩. តើ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ប្រាក់រៀល​អាចឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​កាន់តែ​ប្រុងប្រយ័ត្ន​បាន​យ៉ាងដូចម្ដេច?

ធនាគារជាតិ​នៃ​កម្ពុជា មិន​ត្រឹមតែ​អាចអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន​បាន​ពេញលេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចអនុវត្ត​មុខងារ​ជា​អ្នកផ្តល់​កម្ចី​ចុងក្រោយ​ថែមទៀត​ផង។ តាមរយៈ​អត្រា​ការប្រាក់​គោល ធនាគារជាតិ​នៃ​កម្ពុជា​អាចមាន​ឥទ្ធិពល​លើ​កំណើនសេដ្ឋកិច្ច​និង​អតិផរណា ជាពិសេស​តាមរយៈ​ការគ្រប់គ្រង​កំណើន​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព។ ទន្ទឹមនេះ នៅក្នុង​រយៈពេល​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ធនាគារជាតិ​នៃ​កម្ពុជា​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​សន្ទនីយ​ភាព​កាន់តែ​ប្រសើរ​និង​ឆាប់រហ័ស តាមរយៈ​ការឱ្យ​កម្ចី​ដោយផ្ទាល់​ទៅកាន់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ណា​ដែលមាន​កង្វះ​សន្ទនីយ​ភាព ប៉ុន្តែ​អាចមាន​លទ្ធភាព​សង​ត្រឡប់មកវិញ​ពេញលេញ។​

Previous Article

40th Anniversary of Reintroduction of Riel

Next Article

បដិដុល្លារូបនីយកម្មជាទិសដៅចម្បងរបស់រាជរដ្ឋាភិបាល