ana-air canadia-bank Silk-air nissan acleda cab-bank

អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ចូល​រួម​ថែរក្សា​សិល្បៈ​ខ្មែរ​ឲ្យ​គង់វង្ស​យូរ​អង្វែង​

វ៉ា សុនីកា / Khmer Times No Comments Share:

​នៅក្នុង​សាល​ដ៏​ធំ​ទូលាយ​នៃ​សាលសន្និសីទ​ចតុម្មុខ អ្នកស្រី សេក សា​វី ដែលជា​គ្រូសិល្បៈ​មកពី​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ គឺជា​ភ្ញៀវ​ម្នាក់​ក្នុងចំណោម​ភ្ញៀវ​ជាច្រើន​ទៀត ដែល​មិនអាច​ទប់​ស្នាមញញឹម​របស់ខ្លួន​បាន បន្ទាប់ពី​ទស្សនាការ​សម្តែង​របស់​ក្រុម​សិស្សសាលា​មធ្យមសិក្សា ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៦​។​

​អ្នកស្រី សា​វី គឺជា​គ្រូបង្រៀន​ផ្នែក​សិល្បៈ​នៅក្នុង​ក្រុងភ្នំពេញ ដែល​ត្រូវបាន​បញ្ជូនទៅ​បណ្តុះបណ្តាល​សិស្សសិល្បៈ​នៅក្នុង​ខេត្តរតនគិរី ដើម្បី​ចូលរួម​ក្នុង​មហោស្រព​ឆ្នាំនេះ​។ អ្នកស្រី​ពិតជា​មាន​ក្តី​សោមនស្ស​យ៉ាងខ្លាំង នៅពេល​បានឃើញ​ការសម្តែង​ផ្ទាល់​របស់​សិស្សានុសិស្ស ខណៈដែល​ពួកគេ​មាន​រយៈពេល​ហ្វឹកហាត់​ត្រឹមតែ​៤​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​សម្តែង​។

«​កូនសិស្ស​ទាំងអស់​គឺ​ខ្ញុំ​ជា​អ្នក​ចុះទៅ​ជ្រើសរើស និង​បង្ហាត់​ដោយផ្ទាល់ ហើយ​ពួកគាត់​ទាំងអស់គ្នា​សុទ្ធតែជា​ក្រុម​ជនជាតិដើម​ភាគតិច​ទាំងអស់​។ ពួកគេ​ទាំងអស់គ្នា ហាត់​លំនាំ​រឿង (​រឿង​សំណោក​មេ​ប្រើស​) បានច្បាស់លាស់​តែ​៤​ថ្ងៃ​គត់ ហើយ​ពួកគេ​ខិតខំ​ខ្លាំង​មែនទែន ក្នុង​រយៈពេល​៤​ថ្ងៃ​អ្នក​ដែល​មិនដែល​ស្គាល់​សិល្បៈ​សោះ​ប៉ុន្តែ​ពួកគេ​សម្តែង​បាន និង​ធ្វើបាន​យ៉ាង​ល្អ​។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ក្នុងនាម​ជា​គ្រូ ព្រោះ​ទោះបីជា​ពួកគេ​មិនមែន​ជនជាតិខ្មែរ​សុទ្ធ ប៉ុន្តែ​ក៏​ពួកគេ​មានចិត្ត​ស្រឡាញ់​វប្បធម៌​សិល្បៈ​ដែរ​។​» អ្នកគ្រូ សា​វី និយាយ​។​

​ដើម្បី​ជំរុញ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍ​សិល្បៈ​វប្បធម៌​ជាតិ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាននិងកំពុង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​យុវជន ដើម្បី​បណ្តុះ​អ្នក​បន្តវេន​សិល្បៈ​បុរាណ​ជំនាន់​ក្រោយ​ឲ្យ​កាន់តែច្រើន​។ មហោស្រព​សិល្បៈ​យុវជន​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​បណ្តុះ​អ្នក​បន្តវេន​សិល្បៈ តាមរយៈ​ការប្រមូលផ្តុំ​អ្នកមាន​ទេពកោសល្យ​សិល្បៈ​ពី​គ្រប់​២៥​ខេត្ត​ក្រុង​មក​បណ្តុះបណ្តាល​និង​ផ្តល់ឱកាស​បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​គ្នា​។

«​គោលបំណង​សំខាន់​ទី​១​គឺ​ការចូលរួម​របស់​យុវជន ប៉ុន្តែ​តាមរយៈ​ការចូលរួម​នេះ យើង​អាច​ស្វែងរក​នូវ​ទេពកោសល្យ ប្អូនៗ​ម្នាក់ៗ​អាចមាន​ឱកាស​បង្ហាញ​នូវ​ទេពកោសល្យ​ដែល​កប់​នៅក្នុង​ខ្លួន​របស់គាត់ ដែល​មិន​មានឱកាស​បង្ហាញ​។​» នេះ​ជា​អ្វីដែល​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ភឿង ស​កុ​ណា បានលើកឡើង​នៅក្នុង​ឱកាស​បើក​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​២២ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដែលមាន​រយៈពេល​១០​ថ្ងៃ ពីថ្ងៃ​ទី ២០ ដល់ ២៩ កុម្ភៈ​។

«​បញ្ហា​ទី​២ គឺជា​ការស្វែងយល់​ដឹង បានន័យថា​ចំណេះដឹង​នឹង​កើន​បន្ថែមទៀត អំពី​វប្បធម៌​របស់​ជាតិ ទម្រង់​របស់​ជាតិ សិល្បៈ​របស់​ជាតិ បណ្តុះ​នៃ​ក្តី​ស្រឡាញ់​។​» អ្នកស្រី ស​កុ​ណា បាន​មានប្រសាសន៍​។

​មហោស្រព​នេះ​មិន​ត្រឹម​គឺជា​វេទិកា​បង្ហាញ​សមត្ថភាព និង​ការរៀនសូត្រ​សម្រាប់​សិស្ស​ជំនាញ​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​បើកទូលាយ​សម្រាប់​មហាជន​ចូលរួម​ដើម្បី​កំសាន្ត​និង​ទទួល​បទពិសោធន៍​ការសម្តែង​សិល្បៈ​ខ្មែរ​ផងដែរ​។ យុវ​សិល្បករ​ដែល​មក​ប្រកួត​តំណាង​ឲ្យ​ខេត្ត​របស់ខ្លួន សុទ្ធសឹងតែ​បាន​នាំយក​សាច់រឿង​ដែលមាន​អត្ថន័យ​ឆ្លុះបញ្ចាំង​ដល់​វិសាលភាព​របស់​ខេត្ត​របស់ខ្លួន​មក​សម្តែង​។

​អ្នកស្រី បន្ថែមថា​៖ «​មួយទៀត​គឺ​ឱកាស​បង្ហាញ​នូវ​ភាពក្លាហាន​ដែល​ត្រូវមាន​តាមរយៈ​ព្រឹត្តិការណ៍​នីមួយៗ ទម្លាប់​ឲ្យ​យុវជន​របស់​យើង​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ​ហ៊ាន​សម្តែង​នេះ​គឺជា​អ្វីដែល​យើង​ចង់បាន​បំផុត​។ ខ្ញុំ​គិតថា នេះ​គឺជា​ថ្នាល ហើយ​ជា​អ្វីដែល​យើង​អាច​បណ្តុះ​បន្តៗ​ក្នុងសង្គម​ជាតិ​យើង​។​»

​ដើម្បី​ធានាថា ការអភិវឌ្ឍ​សិល្បៈ​វប្បធម៌​ខ្មែរ ត្រូវបាន​ផ្សព្វផ្សាយ​ទៅគ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​នីមួយៗ សុទ្ធតែ​មានឱកាស​ក្នុងការ​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លើ​បញ្ហា​កង្វះ​បច្ចេកទេស ឬ​បញ្ហា​រាំងស្ទះ​ក្នុងការ​បណ្តុះបណ្តាល​សិល្បករ​ជំនាន់​ថ្មី​។ តួយ៉ាង​ដូចជា​អ្នកគ្រូ​សា​វី​ផ្ទាល់ ដែល​ត្រូវបាន​បញ្ជូន​ចេញពី​សាលា​មធ្យម​វិចិត្រសិល្បៈ​ក្នុង​ក្រុងភ្នំពេញ ទៅ​បណ្តុះបណ្តាល​សិស្ស​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​នៅក្នុង​ខេត្តរតនគិរី​។ ការខិតខំ​ទាំងនេះ​បាន​ស្តែង​ឲ្យ​ឃើញ នូវ​សកម្មភាព​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការថែរក្សា​សិល្បៈ​វប្បធម៌​ខ្មែរ ទន្ទឹមនឹង​ការខិតខំ​របស់​សិល្បក​រ​ដោយផ្ទាល់​។​

​បើទោះជា​យ៉ាងនេះ​ក្តី ការគាំទ្រ​របស់​ប្រជាជន​ខ្មែរ​ចំពោះ​សិល្បៈ​បុរាណ នៅតែ​ត្រូវបាន​សង្កេតឃើញថា​មាន​កម្រិត​។ បន្ទាប់ពី​ការបើក​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​យុវជន​ត្រូវបាន​បញ្ចប់ ចំនួន​នៃ​អ្នក​មក​ទស្សនា​ត្រូវបាន​សង្កេតឃើញថា​មានការ​ធ្លាក់ចុះ​មួយចំនួនធំ​។

​អ្នក​មក​អង្គុយ​ទស្សនាការ​សម្តែង​សិល្បៈ​នៃ​មហោស្រព​ពេលខ្លះ​មាន​ត្រឹមតែ​ប្រមាណ ៣០​ភាគរយ​ប៉ុណ្ណោះ​នៃ​កៅអីអង្គុយ​នៅក្នុង​សាល​ដ៏​ទូលាយ​។ ភាគច្រើន​នៃ​អ្នក​មក​អង្គុយ​ទស្សនា​គឺជា​សិស្សានុសិស្ស​ដែល​ត្រៀមខ្លួន​ឡើង​សម្តែង និង​លោកគ្រូ​អ្នកគ្រូ​ដែលជា​អ្នកដឹកនាំ​សិស្ស​មក​សម្តែង​ក្នុងការ​ប្រកួត​ប្រចាំ​ឆ្នាំនេះ​។​

​ស្ថាបនិក​កម្មវិធី «​បុណ្យ​ភូមិ​» ដែល​ត្រូវគេ​ស្គាល់​ថា​ជា​កម្មវិធី​សិល្បៈ​និង​វប្បធម៌​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស រិទ្ធី លំអរ​ពេជ្រ នៅតែ​យល់ឃើញថា​ការផ្តល់​តម្លៃ​ដល់​វិស័យ​សិល្បៈ សម្រាប់​ប្រជាជន​កម្ពុជា​នៅមានកម្រិត​នៅឡើយ​មិនថាតែ​សិល្បៈ​បុរាណ​ឬ​សម័យ​ឡើយ​។ អ្នកផ្តល់​គំនិត​សម្រាប់​កម្មវិធី​«​បុណ្យ​ភូមិ​» ដែល​ឈានចូល​មកកាន់​ឆ្នាំ​ទី ៧ របស់ខ្លួន​នា​ខែមេសា ពេល​ឆាប់ៗ​នេះ នៅតែ​ទទូច​ឲ្យ​មានការ​បញ្ជ្រៀប​ការសិក្សា​ផ្នែក​សិល្បៈ​បុរាណ​ខ្មែរ ទៅក្នុង​កាលវិភាគ​សិក្សា​របស់​សិស្ស​ទូទៅ​តាំងពី​ការសិក្សា​កម្រិត​ដំបូង​រហូតដល់​កម្រិត​មធ្យម ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

«​ខ្ញុំ​ជឿ​លើ​ការសិក្សាអប់រំ​។ ត្រូវ​ឲ្យ​មនុស្ស​ស្គាល់ និង​យល់ដឹង​តាំងពីក្មេង ដោយ​ការដាក់​វា​ចូលទៅក្នុង​ការសិក្សា​តែម្ដង​ដោយ​មិន​គ្រាន់តែ​ជា​អត្ថបទ​អាន​ទៀត​ទេ ប៉ុន្តែ​គឺជា​ការចូលរួម​និង​ដក​ពិសោធន៍​ផ្ទាល់ មានន័យថា មើល សម្តែង រៀន​។​» កញ្ញា​លំអរ​ពេជ្រ​និយាយ និង​សង្កត់ធ្ងន់ថា​នេះ​ជា​អ្វីដែល​អ្នកពាក់ព័ន្ធ​គួរ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​ឲ្យ​តម្លៃ​សិល្បៈ​បុរាណ​បន្តទៀត​វិញ​។ កញ្ញា​លើកឡើងថា ការសិក្សា​រាល់ថ្ងៃ​សម្រាប់​សិស្ស​នៅតាម​សាលា គ្រាន់តែ​ជា​របស់​ដែល​ឲ្យ​ក្មេងៗ​ទន្ទេញ​ចាំមាត់ ប៉ុន្តែ​មិនបាន​ស្គាល់ ប៉ះ ឃើញ ឬ​សាកល្បង​ឡើយ​។

«​ខ្ញុំ​គិតថា​នេះហើយ​ជា​ចំណុច​ដែល​យើង​ខ្វះខាត ហើយ​វា​នឹង​ឲ្យ​បញ្ហា​ទៅ​ថ្ងៃ​អនាគត​ទៀត នៅពេលដែល​គាត់ [​ក្មេង​] កើតមក មិន​បានឃើញ​រូបភាព ឬ​មិន​បានឮ​អ្វី​ពី​សិល្បៈ​។ ឧទាហរណ៍ យើង​សួរ​ក្មេង​ថា ចង់​ញ៉ាំ​អី​? វា​ឆ្លើយថា ភី​ហ្សា បឺ​រ​ហ្គ័​រ ព្រោះ​អី​? ព្រោះ​ពួកគេ​ស្គាល់​វា​តាំងពីក្មេង​។ អ៊ីចឹង យើង​ជា​អាណាព្យាបាល ជា​ថ្នាក់ដឹកនាំ គួរតែ​ត្រូវតែ​ដាក់​សិល្បៈ​ទៅក្នុង​ប្រព័ន្ធ​អប់រំ​តែម្ដង ដើម្បី​បណ្តុះ​ផ្លូវ​ចិត្តការ​ស្នេហា​វប្បធម៌​ជាតិ​។​»

​បើតាម​កញ្ញា លំអរ​ពេជ្រ សិល្បៈ​មិនមែន​គ្រាន់តែ​ជាការ​កំសាន្ត​ទេ ប៉ុន្តែ​វា​បានបង្ហាញ​ពី​តថភាព​អត្តសញ្ញាណ​ជាតិ បង្ហាញ​ពី​ព្រលឹង​ជាតិ​។ កញ្ញា​និយាយថា ដោយសារ​សាកលភាវូបនីយកម្ម​បាន​នាំមក​នូវ​វប្បធម៌​និង​សិល្បៈ​បរទេស​ចូលក្នុង​ប្រទេស​យ៉ាង​សន្ធឹកសន្ធាប់ វា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ការកំណត់​ទិសដៅ​អភិវឌ្ឍ​សិល្បៈ​ក្នុងប្រទេស​មាន​ភាពស្រពិចស្រពិល​។​

«​សម្រាប់​ខ្ញុំ​គឺ ស្រពិចស្រពិល ក្នុងន័យ​ថា យើង​មិនដឹងថា​ទិសដៅ​របស់​ប្រទេស​កម្ពុជា​លើ​ការអភិវឌ្ឍ​សិល្បៈ​យើង​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅមុខ ឬ​១០​ឆ្នាំ​ទៅមុខ ត្រូវ​ដើរទៅ​ទិសដៅ​ណា តើ​យើង​ចង់​ឲ្យ​ពិភពលោក​ទាំងមូល ស្គាល់​ប្រទេស​របស់​យើង​តាមរយៈ​អី​។​ហើយ​បើ​យើង​ក្រ​ឡែក​ទៅ​មើល​សាលារៀន​(​រដ្ឋ​) របស់​យើង​ទៀត ឥលូវ​នេះ​អត់​សូវ​មាន​អ្នកណា​រៀន​របាំ​ទេ​។ នៅពេលដែល​ទៅ​រៀន គឺ (​សិស្ស​) ទៅ​រៀន​សាលា​ឯកជន ហើយ​នៅ​សាលា​ឯកជន គឺមាន​តែ​រាំ​របាំ​បា​ឡេ តៃ​ក្វាន់​ដូ ការ៉ាត់តេដូ ហ្គី​តា ព្យា​ណូ ដែល​អ្វី​ដែលជា​របស់​ក្នុងស្រុក​អត់​មាន ដែល​នេះ​ជា​សំនួរ​មួយ​ថា​ទាំងអស់នេះ​ជា​អ្វី​?»

​កញ្ញា​និយាយថា សិល្បករ​នៅ​កម្ពុជា​រាល់ថ្ងៃ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​លំបាក​ក្នុង​ការរស់នៅ និង​ការប្រកប​ការងារ​ដែល​ខ្លួន​មាន​ទេពកោសល្យ​ពី​កំណើត​មក​។ សិល្បករ​ត្រូវ​រក​មធ្យោបាយ​ណា​ដែល​អាច​ចិញ្ចឹមជីវិត​ពួកគាត់ ហើយ​នៅតែ​អាច​ឲ្យ​គាត់​អាច​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​បន្តទៀត ដើម្បី​បន្ត​ក្តី​ស្រឡាញ់​របស់ខ្លួន​។

​កញ្ញា​បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ថា​៖ «​ការងារ​សិល្បៈ​នៅក្នុង​ប្រទេស​កម្ពុជា មិនថាតែ​បុរាណ សូម្បីតែ​សិល្បៈ​សម័យ​ក៏​តម្លៃ​ខ្លួន​នៅមានកម្រិត ព្រោះ​វា​នៅតែ​ជា​សិល្បៈ​បន្ទាប់បន្សំ​។ វា​មិនមែនជា​អ្វីមួយ​ដែល​មនុស្ស​ឲ្យ​តម្លៃ នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ​។​»

​បើតាម​ការលើកឡើងរ​បស់​កញ្ញា លំអរ​ពេជ្រ អ្វីដែល​សិល្បករ​ត្រូវការ​គឺ​ទីផ្សារ​មួយ ដែល​ធានាថា​មាន​ប្រាក់ចំណូល​ឲ្យ​គាត់ ដូចដែល​គាត់​ជា​បុគ្គលិក​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ណាមួយ​ដូចគ្នា​។ មានន័យថា បើ​គាត់​សម្រេចចិត្តថា​រៀន​ធនាគារ​គឺមាន​ធនាគារ​ឲ្យ​គាត់​ធ្វើការ មាន​ប្រាក់ខែ​សមរម្យ ដែល​យើង​អាច​ចិញ្ចឹមជីវិត​រស់នៅ​បាន​ក្នុងសង្គម​រាល់ថ្ងៃ​។ ផ្ទុយទៅវិញ​សិល្បករ​បច្ចុប្បន្ន នៅតែ​ត្រូវ​តស៊ូ​រស់​ដោយសារ​កម្រៃ​តិច​ពី​ការសម្តែង ដូច្នេះ​សិល្បករ​ត្រូវ​រក​ការងារ​ទី​២ ដែល​ធ្វើ​ឲ្យ​គាត់​បាត់​ភាពជា​វិជ្ជាជីវៈ​។​

​កញ្ញា​លំអរ​ពេជ្រ​និយាយថា​៖ «​ពាក្យ​ថា​សិល្បករ មានតម្លៃ​សម្រាប់​យើង​ជាម​នុស្ស​ស្រឡាញ់​សិល្បៈ​។ ប៉ុន្តែ​នៅពេលដែល​សង្គម​មិន​ផ្តល់​តម្លៃ យូរ​និង​ឆាប់​យើង​នឹង​បោះបង់ចោល យូរ​និង​ឆាប់​របស់ [​សិល្បៈ​] ទាំងអស់នោះ​នឹង​ក្លាយទៅជា​របស់​តាំង​នៅលើ​ជញ្ជាំង​។ ដូចម្តេច​គេ​ហៅថា living arts? នោះ​គឺជា​អ្វីដែល​រស់នៅ​ជាមួយ​យើង​រាល់ថ្ងៃ​។ […] នៅពេលដែល​ទម្រង់​អ្វីមួយ​ដែល​គ្មាន​សិល្បករ​ធ្វើ​វា នោះ​បានន័យថា​ទម្រង់​នោះ​ស្លាប់​ហើយ បើទោះបីជា​យើង​នៅ​និយាយ​ក៏ដោយ នៅមាន​រូបថត​ក៏ដោយ​តែ​វា​ស្លាប់បាត់​ហើយ ព្រោះ​វា​អត់​មានជីវិត​ទៀត​ទេ​។​

​វា​គ្រាន់តែ​ជា​ឈ្មោះ​ដែល​គេ​រំ​ឮ​ក ជា​ស្នាដៃ​ដែល​គេ​ចងចាំ តែ​វា​អត់​មាន​ឥទ្ធិពល​អី​នៅក្នុង​ជីវិត​របស់​យើង គឺ​បានន័យថា​វា​ស្លាប់​ហើយ​។​ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​វា​រស់រាន​បាន​គឺ​សិល្បករ​។​»

Related Posts

Previous Article

ពីរ​ខែ​ដើម​ឆ្នាំ​នេះ​កូន​ផ្សោត​ទន្លេ​មេគង្គ​បី​ក្បាល​បាន​កើត​ក្នុង​ទីតាំង​អង្លង់​កាំពី​ខេត្ត​ក្រចេះ

Next Article

Scholarships