ការប្រកួតប្រជែងអង្ករហាក់បីដូចជាលឿនពេក សម្រាប់កម្ពុជាក្នុងឆ្នាំនេះ

Khmer Times No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – សហព័ន្ធស្រូវអង្ករកម្ពុជាបានជ្រើសរើសយកអង្ករសូម៉ាលី ដែលជាប្រភេទអង្ករមានក្លិនក្រអូបបំផុតមួយ ដើម្បីចូលរួមប្រកួតប្រជែងជាមួយអង្ករក្រអូបផ្សេងទៀត នៅក្នុងការប្រកួតអង្ករពិភពលោកលើកទី៧នៅឯទីក្រុងកូឡាឡាំពួរ ដែលជារាជធានីនៃប្រទេសម៉ាឡេស៊ី។ នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់សហព័ន្ធ។ 

ប៉ុន្តែប្រភពដដែលនោះបានឲ្យដឹងថា សម្រាប់ឆ្នាំនេះវាហាក់បីដូចលឿនពេកដែលសហព័ន្ធ បានសម្រេចចិត្តចូលរួមក្នុងការប្រកួតនេះ។ បើប្រៀបធៀបនឹងអង្កររបស់យើងកាលពីឆ្នាំមុន វាហាក់បីដូចជាមានគុណភាពទាបបន្តិច។ 

បន្ទាប់ពីសហព័ន្ធ បានជ្រើសរើសយកអង្ករសូម៉ាលីដើម្បីចូលរួមក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា វាហាក់បីដូចជាលឿនពេក។

លោកនិយាយថា “វាហាក់បីដូចជាលឿនពេកដែលយើងសម្រេចយកអង្កររបស់យើងទៅចូលរួមក្នុងការប្រកួតនេះ ហើយគុណភាពរបស់វាមានកម្រិតទាបជាង អង្ករផ្ការំដួល។ ចំណែកឯរដូវប្រមូលផលគឺនៅក្នុងពាក់កណ្តាលខែវិច្ឆិកា។”

លោក ឡាក់ និយាយទៀតថា “ជាទូទៅ យើងមិនរំពឹងថានឹងទទួលបានជ័យជំនះទេ។ ការប្រកួតតែងតែមានឈ្នះ និងចាញ់។ ប៉ុន្តែ យើងត្រូវតែខិតខំដូចការប្រកួតមុនៗដែរ។ ទោះបីជាយើងមិនទទួលបានជ័យជំនះក្នុងការប្រកួតនេះក៏ដោយ ក៏យើងនៅទទួលបានចំណាត់ថ្នាក់ខ្ពស់។ វាប្រៀបដូចជាការប្រកួតបាល់ទាត់អញ្ចឹងដែរ គឺមានអ្នកឈ្នះពានរង្វាន់ និងអ្នកដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងការប្រកួតនោះ។”

លោក សុង សារ៉ាន់ សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំអង្ករចេញនាំមុខគេមួយបានប្រាប់កាសែតខ្មែរថាមស៍ថា ការយកអង្ករទៅចូលរួមការប្រកួតនេះហាក់បីដូចជាធ្វើឡើងដោយឆាប់រហ័សពេក។ 

លោក សារ៉ាន់ ថ្លែងថា “វាហាក់បីដូចជាឆាប់រហ័សពេកដែលយើងសម្រេចចិត្តជ្រើសរើសអង្ករទៅចូលរួមក្នុងការប្រកួតនេះ ពីព្រោះវាមិនទាន់ដល់រដូវប្រមូលផលនៅឡើយទេ។រដូវប្រមូល ផលគឺនៅក្នុងកណ្តាលខែវិច្ឆិកា ដូច្នេះយើងនឹងបាត់បង់នូវប្រភេទអង្ករ ដែលមានគុណភាពខ្ពស់។ ប៉ុន្តែ យើងនឹងព្យាយាមជ្រើសរើសយកអង្ករដែលមានគុណភាពទៅប្រកួតប្រជែងជាមួយពួកគេ។”

លោកលើកឡើងថា “យើងទទួលបានជ័យជំនះនៅក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ ពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ហើយវាបានជួយធ្វើឲ្យអង្កររបស់យើងមានឈ្មោះល្បីចំណែកឯការនាំចេញអង្ករក៏មានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ។” លោកបន្ថែមទៀតថា បច្ចុប្បន្ន អង្ករផ្ការំដួលមានតម្លៃពី៨០០ទៅ៨៥០រៀល។ 

អង្ករផ្ការំដួលរបស់កម្ពុជា គឺជាប់ឈ្មោះជាអង្ករល្អបំផុតរបស់ពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់គ្នាគិតចាប់តាំងពីឆ្នាំ២០១២ មក។ 

ផ្អែកតាមទិន្នន័យរបស់ក្រសួងកសិកម្ម ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន៣៦៩,១០៥តោន ក្នុងរយៈពេល៩ខែកន្លងមកនេះ។ ការនាំចេញនេះបានកើនឡើង៣៧ភាគរយ បើប្រៀបធៀប ជាមួយការនាំចេញកាលពីឆ្នាំមុន។  នេះបើតាមតួលេខទទួលបានពីលេខាធិការដ្ឋាន នៃការិយាល័យច្រកចេញចូលតែមួយសម្រាប់បែបបទនាំអង្ករចេញ។ 

នៅក្នុងឆ្នាំ២០១៤ ការនាំអង្ករចេញរបស់ប្រទេសកម្ពុជាបានកើនដល់៣៧០,០០០តោន ដែល មានតម្លៃ២៤៧លានដុល្លារ។

គួររំលឹកផងដែរថា លទ្ធផលនៃការប្រកួតប្រជែងដែលកាសែតខ្មែរថាមស៍ទទួលបាននៅចុងសប្តាហ៍មុន គឺអង្កររបស់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខពីរ។

Share and Like this post

Related Posts

Previous Article

ស្រ្តីខ្មែរបានក្លាយជាបវរកញ្ញាប្រចាំរដ្ឋកាលីហ្វូញ៉ា

Next Article

កំពង់ផែស្វយ័តក្រុងភ្នំពេញចុះបញ្ជីក្នុងផ្សារមូលបត្រ