ana-air canadia-bank Silk-air nissan acleda cab-bank

​អាជ្ញាធរ​ជាតិ​អប្សរា​ជញ្ជូន​សត្វ​ដំរី​ចេញ​ពី​រមណីយដ្ឋាន​អង្គរ​

ប៉ិច សុធារី / Khmer Times No Comments Share:
សត្វ​ដំរី​ដែល​ដឹង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នៅ​ប្រាសាទ​នា​ពេល​កន្លងមក​។ ​​រូប​ភា​ព​ ​ជរ​ ​សុ​គន្ធា​

​សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​សមាគម​គ្រប់គ្រង​សត្វ​ដំរី​ ​បាន​និង​កំពុង​ដឹកជញ្ជូន​សត្វ​ដំរី​មួយចំនួន​ចេញពី​រមណីយដ្ឋាន​អង្គរ​ ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​ ​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​ ​ដើម្បី​ឈាន​ទៅ​រក​ការបញ្ឈប់​យក​សត្វ​ដំរី​ទៅ​បម្រើសេវា​កម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​នៅដើម​ឆ្នាំ២០២០​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​ឡុង​ ​កុសល​ ​បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ថា​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​សត្វ​ដំរី​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការបម្រើ​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​អង្គរ​ ​ប៉ុន្តែ​ក្នុង​បរិបទ​ថ្មី​នៃ​ការ​អភិវឌ្ឍ​វ័យ​ទេសចរណ៍​ ​ក៏ដូចជា​ដើម្បី​លើកកម្ពស់​ជីវិត​រស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ដំរី​ ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​ ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ធ្វើការ​ដឹកជញ្ជូន​សត្វ​ដំរី​ជា​បណ្តើរ​ៗ​ចេញពី​រមណីយដ្ឋាន​អង្គរ​ ​សំដៅ​ទៅ​រក​ការបញ្ឈប់​សកម្មភាព​ជីវកម្ម​យក​ដំរី​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ២០២០តទៅ​។​

​លោក​ថា​៖​ ​«​សត្វ​ដំរី​ ​ជា​សត្វ​ដែល​មាន​មាឌធំ​ ​ប៉ុន្តែ​មាន​ចរិត​ស្លូតបូត​ ​ដូច្នេះ​យើង​មិន​ចង់​ឃើញ​មានការ​យក​សត្វ​ដំរី​មក​ធ្វើអាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទៀត​ទេ​ ​យើង​ចង់​ឲ្យ​វា​រស់នៅ​ក្នុង​ជីវិត​ធម្មជាតិ​របស់​វា​»​។​

​លោ​ក​ឡុង​ ​កុសល​ ​បាន​បន្ត​ថា​ ​សត្វ​ដំរី​ដែល​មាន​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​មាន​ចំនួន​ ​១៤ក្បាល​ ​ហើយ​កាលពី​ថ្ងៃម្សិលមិញ​ ​ដំរី​ចំនួន២ក្បាល​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រមណីយដ្ឋាន​អង្គរ​ ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​ ​ស្ថិត​ក្នុង​ឃុំ​ខ្នា​ពោធិ៍​ ​ស្រុក​សូទ្រនិគម​ ​ដើម្បីឲ្យ​សត្វ​ដំរី​រស់នៅ​តាម​លក្ខណៈ​ធម្មជាតិ​ ​និង​ក្រោម​ការ​មើលថែ​របស់​សមាគម​គ្រប់គ្រង​សត្វ​ដំរី​។​ ​លោក​ថា​៖​ ​«​សត្វ​ដំរី​ដែល​នៅសល់​នឹង​បន្ត​ដឹកជញ្ជូន​ចេញពី​រមណីយដ្ឋាន​អង្គរ​ជាបន្តបន្ទាប់​នៅពេល​ក្រោយ​»​។​

​លោក​ ​លី​ ​ហួច​ ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្តសៀមរាប​ ​និង​ធ្លាប់​បានឃើញ​សត្វ​ដំរី​ត្រូវ​បាន​យក​ទៅ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​នៅ​ភ្នំ​បាក់ខែង​ ​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​បាន​បង្ហាញ​ការ​ត្រេកអរ​ ​និង​សាទរ​ចំពោះ​ការបញ្ឈប់​យក​សត្វ​ដំរី​ទៅ​បម្រើសេវា​កម្មវិស័យ​ទេសចរណ៍​នេះ​ ​ខណៈ​កន្លងមក​សត្វ​ដំរី​ទាំងនោះ​ ​ត្រូវ​ធ្វើការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ដើរកម្សាន្ត​ ​ឬ​ឡើងភ្នំ​ស្ទើរ​រាល់ថ្ងៃ​ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​ ​លោក​ថា​៖​ ​«​ខ្ញុំ​គាំទ្រ​ ​ព្រោះ​សត្វ​ដំរី​ទាំងនោះ​ធ្វើការ​ធ្ងន់​ណាស់​ ​គួរតែ​ដោះលែង​ពួកវា​ឲ្យ​មាន​សេរី​ឡើងវិញ​ ​ខ្ញុំ​អាណិត​សត្វ​ដំរី​ទាំងនោះ​»​។​

​កាលពី​ឆ្នាំ២០១៦​ ​សត្វ​ដំរី​មួយ​ក្បាល​ឈ្មោះ​សំបូរ​ ​ដែល​ដឹក​ភ្ញៀវ​ទេសចរ​នៅមុខ​ប្រាសាទ​បាខែង​ ​បាន​ដួល​ងាប់​ដោយសារ​គាំងបេះដូង​ ​និង​ស្រប​ពេល​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់ក្រ​សួង​បរិស្ថាន​កាលពី​ឆ្នាំ២០១៨​ ​បាន​លើកឡើង​ថា​ ​ដំរី​អាស៊ី​ ​ជា​ប្រភេទ​សត្វ​និមិត្តរូប​មួយ​ប្រភេទ​នៅ​តំបន់​អាស៊ី​ ​ហើយ​វា​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ ​និង​វប្បធម៌​តាំងពី​រាប់ពាន់​ឆ្នាំ​មក​ហើយ​។​ ​ក្រសួង​បន្ត​ថា​ ​កម្ពុជា​ ​បាន​ផ្តល់​ជម្រក​ដល់​សត្វ​ដំរី​ចន្លោះ​ពី​ ​៤០០ ដល់ ៦០០ក្បាល​ ​អំឡុង​ពេល​ដែល​ប្រទេសជិតខាង​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។​

​ក្រសួង​បាន​បន្ថែម​ថា​ ​បើ​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​(​WWF​-​Cambodia​)​ ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ចាត់ទុកជា​កន្លែង​ទ្រទ្រង់​ដល់​ការ​បន្ត​រស់រាន​មានជីវិត​របស់​សត្វ​ដំរី​ ​នៅក្នុង​តំបន់​ឥណ្ឌូចិន​ ​ខណៈ​ដែល​វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ​ ​(​IUCN​)​

​ក្រសួង​បាន​បញ្ជាក់​ថា​៖​ ​«​ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​វត្តមាន​របស់​សត្វ​ដំរី​នៅ​កម្ពុជា​ ​ការ​អភិរក្ស​គឺជា​ការចាំបាច់​ ​និង​មាន​សារសំខាន់​បំផុត​»​៕​

Related Posts

Previous Article

ការស៊ើបអង្កេត​លើ​បទ​ចោទ​លោ​ក​ កឹ​ម ​សុខា​ ត្រូវ​បាន​បញ្ចប់​ ​នឹង​រង់ចាំ​ការ​ជំនុំជម្រះ​

Next Article

ក្មេងស្រី​អាយុ​ ​៥ឆ្នាំ​ត្រូវ​បាន​រំលោភ​សម្លាប់​នៅ​ស្រុក​រលាប្អៀរ​