វាគ្មិនពីស្រទាប់វ័យផ្សេងគ្នាមានដូចជា បុគ្គលិកបុរសក្នុងអង្គការដែលធ្វើការទាក់ទងនឹងស្ត្រី សមាជិកក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីកំពុងបំពេញមុខងារជាអ្នកសារព័ត៌មាន និងស្ត្រីដែលធ្លាប់បំពេញមុខងារជាតំណាងរាស្ដ្រ បានប្រជុំគ្នាក្នុងកិច្ចពិភាក្សាតស៊ូមតិមួយដែលមានឈ្មោះថា Reconstructing Roles of Women in Cambodia កាលពីចុងខែតុលាកន្លងទៅ ដើម្បី ជជែកដេញដោលពីបញ្ហាប្រឈមរបស់ស្ដ្រីលើមុខរបរ ស្នេហា ទស្សនៈ ព្រមទាំងដំណោះស្រាយដែលប្រសើរជាងមុន។
ការពិភាក្សាអំពីការវិវត្តនៃតួនាទីរបស់ស្ដ្រីនៅកម្ពុជា ហាក់កំពុងទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្នមិនថាចំពោះស្ត្រីខ្មែរខ្លួនឯង និងសូម្បីជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសនេះ។ ចំណាប់អារម្មណ៍ទាំងនោះ អាចបង្ហាញពីការចង់ដឹងចង់លឺ ពីកង្វល់ដែលស្ត្រីខ្មែរតែងជួបប្រទះកន្លងមក និងភាពប្រសើរឡើងដោយវិជ្ជមានផងដែរ។
មិនថាតាមរយៈការអប់រំកូនស្រីដោយប្រើច្បាប់ស្រី ឬរបៀបតៗគ្នាក្ដី «ភាពស្អាតស្អំ» ជាឃ្លាមួយដែលចាស់ទុំតែងយកប្រើជាច្រើនសម័យកាលមកហើយ ខណៈមកដល់សតវត្សទី២១នេះ ការកំណត់និយមន័យនៃភាពស្អាតស្អំគឺផ្សេងៗគ្នា។
ពន្យល់ប្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិមិនតិចជាង ៥០នាក់នៅ Metahouse និស្សិតឆ្នាំទី៣ផ្នែកសារព័ត៌មាន កញ្ញាប៉ា សុខេងបានបកស្រាយពីផ្នត់គំនិតចាស់ទុំខ្លះៗដែលជឿថា ចាស់ទុំធ្វើឡើងដើម្បីភាពស្អាតស្អំសម្រាប់ស្ដ្រីពីមួយជំនាន់ទៅមួយជំនាន់។ ឆ្លើយតបនឹងសំណួរពីទស្សិកជន ដែលសួរថា តើនៅជនបទ ក៏ដូចជាទីក្រុង ចំពោះស្ដ្រី ត្រូវបានគេកំណត់ថាមានភាពស្អាតស្អំដោយរបៀបណា?
ជាកូនស្រីមកពីជនបទ សុខេងបានឱ្យនិយមន័យភាពស្អាតស្អំសំដៅដល់ការស្ដាប់បង្គាប់ឪពុកម្ដាយ មិនប្រព្រឹត្តខ្លួនឱ្យខុសប្រពៃណីមុនពេលរៀបការ(មិនរួមភេទមុនរៀបការ)។
អ្នកសារព័ត៌មានរូបនេះប្រាប់ថា៖«ខ្ញុំធំឡើងនៅឯខេត្ត ជាធម្មតាអ្នកម្ដាយ និងបងស្រីតែងណែនាំឱ្យរៀបចំឥរិយាបថឱ្យហ្នឹងធឹង មានរបៀបពោលគឺមិនឱ្យប្រព្រឹត្តខ្លួនផ្តេសផ្តាសមុនរៀបការឡើយ។ ចាស់ទុំលោកយល់ថា ការរួមភេទមុនរៀបការជារឿងមិនត្រឹមត្រូវ ព្រោះលោកបារម្ភដោយសារវាខុសនឹងប្រពៃណី។ ខ្លាចកូនប្រុសមិនទទួលខុសត្រូវ ណាមួយលោកបារម្ភព្រោះខ្មាសញាតិ គេនិយាយដើមជាពិសេសកូនស្រីនឹងមិនមានតម្លៃឱ្យគេចង់បានជាគូរអនាគត។ អ៊ឹចឹងហើយ ការស្ដាប់បង្គាប់ឪពុកម្ដាយ មានសីលធម៌ មានទំនួលខុសត្រូវ និងប្រកាន់នូវភាពថ្លៃថ្នូរ ជាអ្វីដែលលោកហៅថាស្អាតស្អំ។ »
យ៉ាងណាមកដល់សម័យនេះ យុវត្តីវ័យ ២១ឆ្នាំខាងលើ បានបង្ហាញនូវទស្សនៈថា មានការប្រែប្រួលគួរឱ្យកត់សម្គាល់ដែរ៖ «ប៉ុន្តែមកដល់សម័យឥឡូវ ខ្ញុំថាភាពស្អាតស្អំគឺបាននិយមន័យពីខ្លួនយើងម្នាក់ៗ។ ឥឡូវមិនអ៊ឹចឹងទេ ម្នាក់ៗមានផ្នត់គំនិតរៀងៗខ្លួន ឪពុកម្ដាយផ្តល់ឱកាសឱ្យកូនសម្រេចចិត្ត ហើយកូនវិញជ្រើសនូវជម្រើសដែលខ្លួនគិតថាសក្តិសមជាជាងជឿលើការនិយាយបែបនេះបែបនោះពីអ្នកជុំវិញខ្លួន។ តែទោះបីជាមានការផ្តល់ឱកាសទាំងស្រុងយ៉ាងណាក្ដី ខ្ញុំថាការព្រមព្រៀងមុន រឺក្រោយរៀបការ វាអាស្រ័យលើបុគ្គលខ្លួនឯង មានការទទួលខុសត្រូវ និងមានភាពចាស់ទុំខ្លាំងប៉ុណ្ណា។ ការមិនបានពិចារណាឱ្យបានល្អិតល្អន់មុននឹងប្រព្រឹត្ត វានឹងធ្វើឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ព្រោះនៅទៅបំផុតទៅ យើងជាអ្នកទទួលខុសត្រូវលើជីវិតយើង»
ចំណែកឯស្ដ្រីវ័យ ៣២ឆ្នាំ កញ្ញាឈឿង រចនា(អ្នកស្រឡាញ់ភេទដូចគ្នា)បានបញ្ជាក់ពីទស្សនៈរបស់ខ្លួនថា៖ «មកដល់សម័យនេះហើយ ស្ដ្រីដែលដើរហើរពេលយប់ពុំមែនមានន័យថា មិនមានភាពស្អាតស្អំនោះឡើយ។ បុរសអាចដើរលេងយប់បាន ស្ដ្រីក៏អាចដើរបាន។ ប៉ុន្តែទាស់ត្រង់ថា ស្ដ្រីខ្លួនឯងត្រូវចេះការពារខ្លួន និងប្រយ័ត្នប្រយែងដោយរបៀបណា? បើអ្នកមិនដែលមានបទពិសោធទេ គួរកុំទៅណាម្នាក់ឯងពេលយប់។ ហើយបើមិនមានមនុស្សដែលទុកចិត្តបានដើរជាមួយ ក៏មិនត្រូវទៅ ព្រោះមិនមានសុវត្ថិភាពឡើយ។ ការសេពគប់មិត្តក៏ដូចគ្នា ត្រូវប្រយ័ត្នឱ្យមែនទែន ព្រោះមនុស្សសម័យនេះ ទុកចិត្តមិនបានទាំងអស់នោះទេ។ ចឹងចំពោះខ្ញុំ ភាពស្អាតស្អំគឺសំដៅដល់មានភាពជាខ្លួនឯង។»
រចនាបានបន្ថែមថា៖ «ដើម្បីអភិវឌ្ឍសមត្ថភាព និងលក្ខណៈពិសេសរបស់ខ្លួន ស្ត្រីត្រូវហ៊ាននិយាយនូវទស្សនៈចេញមកក្រៅជាជាងលាក់ទុកតែក្នុងខ្លួន។ រឿងឃាត់មិនឱ្យកូនស្រីចេញក្រៅផ្ទះយប់ វាមិនមែនត្រូចគ្រប់កាលៈទេសៈនោះទេ។ សម័យនេះហើយ គេត្រូវការរៀនសូត្រ ធ្វើការងារផ្សេងៗ។ បើសូម្បីស្ដ្រីគ្នាឯង ក៏ការពារថាការឃាត់នោះវាត្រឹមត្រូវ វានឹងក្លាយជាការដាក់សម្ពាធលើសិទ្ធរបស់យើង។ ទទួលស្គាល់ថាបរិបទសង្គម ក្លាយផ្នត់គំនិត ចឹងហើយបានជាកន្លងមកមិនមាននរណាហ៊ានបំបែកនូវរបាំងនោះដើម្បីធ្វើតាមការសម្រេចចិត្តរបស់ខ្លួន។»
វាគ្មិនមួយរូបទៀត ជាអតីតតំណាងរាស្ដ្រខេត្តតាកែវ អ្នកស្រីទេព សុធីបានបញ្ជាក់ថាជាស្ដ្រី បើមិនបង្ហាញគេពីសមត្ថភាពយើងទេ គេនៅតែមិនសូវឱ្យតម្លៃលើសមត្ថភាពយើង បើទោះបីជាសម័យកាលដើរដល់នេះយ៉ាងណាក្ដី។
អតីតកាល ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសហរដ្ឋអាម៉េរិក ខណៈបច្ចុប្បន្នជាម្ចាស់ចម្ការម្រេចកំពតដែលមានឯករាជ្យលើផ្នែកហិរញ្ញវត្ថុផងនោះ ស្ដ្រីរូបនេះបាននិយាយទាំងទឹកមុខញញឹមផង និងស្រងូតស្រងាត់ផងថា៖ «ខ្ញុំធំនៅអាម៉េរិក ព្រោះកាលណោះរត់ភាសខ្លួនក្រោយសម័យប៉ុលពត(សម័យកម្ពុជាប្រជាធិបតេយ្យ)។ ខ្ញុំមិនដឹងទេថាភាពស្អាតស្អំ គេបែបចែកយ៉ាងណានៅទីនោះ។ ខ្ញុំគ្រាន់តែដឹងថា យើងជាស្ដ្រីធ្វើការដូចគ្នា តែបានលុយតិចជាងបុរស។ ខ្ញុំរៀនផ្នែកនយោបាយនៅសាកលវិទ្យាល័យ។ ខ្ញុំធ្វើជាគ្រូភាសាអង់គ្លេស នៅអាម៉េរិកបាន ១៣ឆ្នាំ។ តែក្រោយមកខ្ញុំឃើញនៅប្រទេសខ្មែរជួបការលំបាក ខ្ញុំក៏មានគំនិតចង់មកជួយខ្មែរ។ ចឹងក៏ត្រឡប់មកខ្មែរវិញនៅឆ្នាំ២០១៣។ គិតទៅឃ្លាតពីខ្មែរជាង ៣០ឆ្នាំហើយ អ្វីដែលខ្ញុំចាំមើលពេលនេះ គឺថាតើស្ត្រីខ្មែរយើងនឹងអភិវឌ្ឍន៍ខ្លួនលឿនប៉ុណ្ណា?»
បន្ថែមយោបល់ក្រៅពីអ្វីដែលវាគ្មិននារីៗបានលើកឡើងរឿងភាពស្អាតស្អំសម្រាប់ស្ដ្រី បុគ្គលិកអង្គការនារីដើម្បីសន្តិភាព(Women Peace Makers) លោកហៀង លីហួរ ថាខ្លួនពិតជាចង់ឱ្យបុរសៗស្វែងយល់ឱ្យច្រើនពីកង្វល់របស់ស្ត្រី។ យុវជននេះថា ខ្លួនជាបុរសតែម្នាក់ក្នុងចំណោមស្ត្រីជាច្រើនរូបនៅក្នុងក្រុម ដែលធ្វើការច្រើនជាមួយស្ដ្រីក្នុងន័យទប់ស្កាត់អំពើហិង្សា និងបញ្ហាប្រឈមមួយចំនួនទៀតលើស្ដ្រីជាដើម ព្រោះមកដល់បច្ចុប្បន្នស្ដ្រីនៅតែជួបប្រទះបញ្ហាគួរសមដែរ។ ជាបុរសដែលធ្វើការក្នុងស្ថាប័នទាក់ទងច្រើនជាមួយបញ្ហាស្ដ្រី លីហួរថា អ្នកជុំវិញខ្លួន និងគ្រួសារតែងសាកសួរជារឿយៗពីមូលហេតុដែលគាត់ជ្រើសយកការប្រឡូកសកម្មជាមួយអង្គការដើម្បីស្ដ្រី។
លីហួរ៖ «គេសួរខ្ញុំថា ជាគ្រូភាសាអង់គ្លេស មិចបានចាំបាច់ទៅធ្វើការស្ថាប័នជាមួយស្ដ្រី? ម៉េចមិនធ្វើការឱ្យត្រូវជាមួយជំនាញដែលសិក្សា? គ្រួសាររបស់ខ្ញុំសួរអ៊ឹចឹងដែរ។ ខ្ញុំគិតថា អ្វីដែលខ្ញុំជ្រើសរើសពិតជាត្រឹមត្រូវ។ បញ្ហាជម្លោះគួរត្រូវបានដោះស្រាយ ដោយជំនួសមកវិញនូវ ការកសាងសន្តិភាពឱ្យស្ដ្រី។ ការធ្វើការជាមួយស្ដ្រី បានធ្វើឱ្យខ្ញុំកាន់តែយល់ដឹងពីផលវិបាករបស់ពួកគាត់។ ស្ដ្រីមានសមត្ថភាពដែលគួរត្រូវបានយកចិត្តទុកដាក់ជាពិសេស និងគាំទ្រឱ្យមានភាពស្មើគ្នា។»
បន្ទាប់ពីសំណួរ និងចម្លើយជាបន្តបន្ទាប់ ពីសំណាក់វាគ្មិន និងទស្សនិកជន រឿងឃ្លាថា «ភាពស្អាតស្អំ» ក៏ដូចជាបញ្ហាខ្លះៗដែលជារឿយៗត្រូវបានស្ដី្រលើកឡើងស្រដៀងគ្នានោះ វាគ្មិនម្នាក់ៗបានសរុបដោយបង្ហាញនូវទស្សនៈប្រហាក់ប្រហែលគ្នាថា ស្ដ្រីគ្រប់រូបគួរមានភាពជាខ្លួនឯង រឹងមាំ តស៊ូ និងប្រកាន់នូវឥរិយាបថថ្លៃថ្នូរ។ ត្រង់នេះ ដើម្បីឱ្យស្ត្រីមានភាពរឹងមាំ ពួកគេត្រូវមានចំណេះដឹង ភាពឯករាជ្យលើផ្នែកហិរញ្ញវត្ថុ ដោយមានការងារអាចចិញ្ចឹមជីវិតបាន មានភាពជាឯកជន មិនបារម្ភពីសម្ពាធនានា។ ម្យ៉ាងទៀត ពួកគេមិនចាំបាច់ទន្ទឹងរង់ចាំសង្គមឱ្យបង្កើតឱកាសសម្រាប់គេឡើយ តែគេត្រូវរៀនបង្កើតឱកាសដោយខ្លួនឯង៕
ប៉ា សុខេង ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនមួយរូបក្នុងចំណោម ៥ រូប ក្នុងកម្មវិធី Reconstructing Roles of Women in Cambodia។