ក្រសួងបរិស្ថានបញ្ចប់ការវាយតម្លៃដីសម្បទានសេដ្ឋកិច្ច

Khmer Times No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ដីសម្បទានសេដ្ឋកិច្ចចំនួន៦ ត្រូវបានកាត់បន្ថយរយៈពេលវិនិយោគពី៧០-៩០ឆ្នាំ មកត្រឹមរយៈពេល៥០ឆ្នាំវិញខណៈគម្រោងវិនិយោគឥណទានកាបូនចំនួន៧ក្នុង ចំណោមគម្រោងវិនិយោគទាំង៨ ត្រូវបានលុបចោល។ នេះបើតាមការឲ្យដឹងពីក្រសួងបរិ-ស្ថាន ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងដែលបានចេញកាលពីពីរសប្តាហ៍មុន ដីសម្បទានសេដ្ឋកិច្ចចំនួន៦ ត្រូវបានសម្រេចឲ្យបន្តសកម្មភាពវិនិយោគរបស់ខ្លួន នៅលើផ្ទៃដីចំនួន ៤៥,៤៦៨ហិកតា ស្ថិតក្នុងខេត្តចំនួន៣ ក្នុងនោះដីសម្បទានសេដ្ឋកិច្ចចំនួន៤ ស្ថិតនៅក្នុងខេត្តកោះកុង ចំណែក២ទៀត ស្ថិតក្នុងខេត្តកំពត និងពោធិ៍សាត់ ប៉ុន្តែរយៈពេលវិនិយោគត្រូវបន្ថយមកត្រឹម៥០ឆ្នាំវិញ។ 

លោក ស៊្រុន ដារិទ្ធ ប្រធានខុទ្ទកាល័យក្រសួងបរិស្ថានបានប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃសៅរ៍ថា នេះគឺជាការត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយលើដីសម្បទានសេដ្ឋកិច្ចសរុប១១៣ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលបានអនុម័តលើរបាយការណ៍វាយតម្លៃនេះ បន្ទាប់ពីការត្រួតពិនិត្យត្រូវបានធ្វើឡើយដោយអន្តរក្រសួង។ 

មានក្រុមហ៊ុនជាច្រើនដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគលើ ឥណទានកាបូន នេះ ប៉ុន្តែ ពួកគេពុំទទួលបានការអនុញ្ញាតពីរដ្ឋា-ភិបាលឡើយ។ លោក ដារិទ្ធ ថ្លែងថា “យើងបានផ្តល់ អាជ្ញាប័ណ្ណជូនក្រុមហ៊ុនចំនួនតិចតួចប៉ុណ្ណោះ។”

រដ្ឋាភិបាលសម្រេចលុបចោលគម្រោងវិនិយោគ ឥណទានកាបូន ចំនួន៧នេះ បន្ទាប់ពីបានដឹងថា ក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌដែលកំណត់ដោយក្រសួង។ លោក ដារិទ្ធ និយាយថា រដ្ឋាភិបាលសម្រេចមិនអនុញ្ញាតឲ្យពួកគេវិនិយោគលើវិស័យនេះឡើយ។ សេចក្តីថ្លែងការណ៍ ដដែលនោះបាននិយាយថា រដ្ឋា-ភិបាលបានផ្តល់រយៈពេល៦ខែ សម្រាប់គម្រោងមួយ ដើម្បីតាមដានមើលពីដំណើរការវិវឌ្ឍរបស់វា។

ផ្អែកតាមរបាយការណ៍របស់រដ្ឋាភិបាល ដីសម្បទានសេដ្ឋកិច្ចទំហំ១,៩៣៤,៨៩៦ហិកតា ត្រូវបានផ្តល់ជូន ក្រុមហ៊ុនសរុបចំនួន២៣០ ក្នុងនោះមានក្រុមហ៊ុនចំនួន១៣៣បានទទួលអាជ្ញាប័ណ្ណពីក្រសួងបរិស្ថាន ចំណែកឯក្រុមហ៊ុនចំនួន១២២ផ្សេងទៀត បានទទួលអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ដារិទ្ធ មានប្រសាសន៍ថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចំនួន១១៣ ដែលបានវិនិយោគលើ ផ្ទៃដីទំហំ ៦១០,២៩៦ ហិកតា គឺស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្រោយការត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រសួងនៅក្នុងខែសីហា ឆ្នាំ២០១៤ រហូតមក ដីសម្បទានមួយចំនួន ត្រូវបានលុបចោល ខ្លះទៀតត្រូវបានបន្ថយរយៈពេលវិនិយោគ ឬត្រូវបានបន្ថយទំហំដី។ 

លោក ដារិទ្ធ ថ្លែងថាក្រសួងបានលុបចោលគម្រោងចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនចំនួន៤សុខចិត្តប្រគល់គម្រោងរបស់ខ្លួនជូនក្រសួងវិញ ហើយក្រុមហ៊ុនចំនួន៤ទៀតត្រូវទទួលយកការកាត់បន្ថយទំហំដីវិនិយោគ។

លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានសម្តែងការស្វាគមន៍ចំពោះរបាយការណ៍ចុងក្រោយស្តីពី ដីសម្បទានសេដ្ឋកិច្ចនេះ។ លោកនិយាយថា លោកគាំទ្រចំពោះវិធានការបន្ថយរយៈពេលវិនិយោគ និងលុបចោលអាជ្ញា ប័ណ្ណនេះ ប៉ុន្តែនៅមានក្រុមហ៊ុនមួយចំនួនដែលមិនទាន់បានអនុវត្តតាមកិច្ចសន្យាទាំងស្រុងនៅឡើយទេ។

លោក សំអាត បន្ថែមទៀតថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដែលជាអ្នកចេញអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ច គួរតែឃ្លាំមើលក្រុមហ៊ុនដែលធ្វើអាជីវកម្មព្រៃឈើជាជាង សកម្មភាពវិនិយោគ។ លោកបានប្រៀបប្រដូចការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះទៅនឹងរបៀប “ធ្វើនំឥតម្សៅ”។ 

លោក សំអាត បានរិះគន់រដ្ឋាភិបាល ដែលខ្វះនូវវិធានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលមិនអនុវត្តតាមកិច្ចសន្យា។ លោក សំអាត បានគូសបញ្ជាក់ថា “ប្រសិនបើរដ្ឋាភិបាលនៅតែមិនចាត់វិធានការផ្លូវច្បាប់ចំពោះពួកគេទេ ក្រុមហ៊ុនទាំងនោះនៅតែមិនខ្វល់ឡើយ។ វិធានការនេះ គឺជាគំរូល្អសម្រាប់ក្រុមហ៊ុនដទៃទៀត។” 

ទោះបីជាយ៉ាងណាក៏ដោយ លោក ដារិទ្ធ មានប្រសាសន៍ថា បើយោងតាមកិច្ចសន្យា រដ្ឋា-ភិបាលពុំមានវិធានការផ្នែកច្បាប់ក្នុងការពិន័យចំពោះក្រុមហ៊ុន ដែលត្រូវបានដកហូតអាជ្ញាប័ណ្ណឡើយ។ 

លោក ដារិទ្ធ បានពន្យល់ថា គម្រោងដែលត្រូវបានលុបចោលមួយចំនួន គឺពុំមែនកើតឡើង ដោយសារកំហុសរបស់ក្រុមហ៊ុនឡើយ ប៉ុន្តែវាកើតឡើងដោយសារប្រជាជនមូលដ្ឋានបាន តាំងលំនៅលើដីសម្បទាននោះ ដែលធ្វើឲ្យរដ្ឋាភិបាលសម្រេចលុបវាចោលវិញ។ លោកបន្ថែមទៀតថា គម្រោងដែលត្រូវបានលុបចោលដោយសារពុំបានធ្វើការអភិវឌ្ឍអ្វីសោះ គឺជារឿងមួយផ្សេងទៀត។ 

ទំនាស់ដីធ្លី និងការចាប់យកដីរវាងប្រជាពលរដ្ឋក្រីក្រ និងក្រុមហ៊ុន គឺជាបញ្ហាស្មុគស្មាញ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច។ លោក សំអាត បានសម្តែងនូវការកោតសរសើរចំពោះការអនុវត្តបទបញ្ជា០០១ របស់រាជរដ្ឋាភិបាល ដោយបាននិយាយថា វាអាចបញ្ជៀសនូវជម្លោះដីធ្លី និងការបណ្តេញចេញដោយបង្ខំ។ 

សេចក្តីថ្លែងការណ៍ របស់ក្រសួងបរិស្ថាននិយាយថា ការត្រួតពិនិត្យ និងវាយតម្លៃលើដីសម្បទានចំនួន១១៣ គឺដើម្បីបង្កើនប្រសិទ្ធិ-ភាពក្នុងការគ្រប់គ្រង ដីសម្បទានសេដ្ឋកិច្ច បង្កើតភាពជឿជាក់សម្រាប់វិនិយោគិន និងជាពិសេសដោះស្រាយផលប៉ះពាល់នៃដីសម្ប-ទានសេដ្ឋកិច្ច។ 

រដ្ឋាភិបាល បានផ្អាកការចេញអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ច ចាប់ពីតាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។ នេះបើតាមការឲ្យដឹងពីលោក ដារិទ្ធ។ 

Share and Like this post

Related Posts

Previous Article

ការស្លៀកពាក់ដែលឪពុកម្តាយពេញចិត្ត

Next Article

សុខ ណាលីស ៖ នាដកាប្រកបដោយទេពកោសល្យ